ពិធីប្រកាសលទ្ធផល​សិក្សាស្រាវជ្រាវស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី

AKP ភ្នំពេញ ថ្ងៃទី​០៥ ខែ​ធ្នូ ឆ្នាំ​២០១៩ — ប្រភពពីក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យ​ដឹងថា​ កាលពីថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង​ថ្ងៃទី​០៤ ខែ​ធ្នូ ឆ្នាំ​២០១៩ ពិធីប្រកាស​លទ្ធផលសិក្សាស្រាវជ្រាវស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EAEU) ត្រូវបានរៀបចំឡើង​ដោយ​ក្រសួង​ពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​សម្រាប់អាស៊ាន និង​អាស៊ីបូព៌ា ក្រោមអធិបតីភាព​ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងសាស្រ្តាចារ្យ Hidetoshi Nishimura ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដោយ​ទទួលបាន​ការ​ចូលរួម​ពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ និងវិទ្យាស្ថានស្រាវជ្រាវនានាផងដែរ។

នៅក្នុង​ឱកាសនោះ​ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (Eurasian Economic Union (EAEU)) គឺជាទីផ្សារមួយដ៏ធំគ្របដណ្ដប់ប៉ែកខាងអឺរ៉ុបខាងកើត ដោយមានសមាជិកចំនួន ៥ ប្រទេសគឺ អាមេនី (Armenia) បេឡារុស (Belarus) កាហ្សាក់ស្ថាន (Kazakhstan) កៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan) និងរុស្ស៊ី (Russia) ដែលមានប្រជាជនសរុបចំនួន ១៧៦លាននាក់ និងផលិតផលក្នុងស្រុកសរុប ២,៥ទ្រីលានដុល្លារអាម៉េរិក (ឆ្នាំ២០១៦)។

ទន្ទឹមនឹងនេះ ឯកឧត្តម​បាន​គូសបញ្ជាក់បន្ថែមទៀតថា​ ការសិក្សាបានបង្ហាញពីផលជាវិជ្ជមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី មកលើសេដ្ឋកិច្ចកម្ពុជា និងអនុញ្ញាតឱ្យ​កម្ពុជាទាញយកផលប្រយោជន៍បន្ថែមតាមរយៈការចូលរួមនៅក្នុងខ្សែសង្វាក់ផលិតកម្មតំបន់ និងពិភពលោក និង​បានបង្ហាញពីសារៈសំខាន់នៃការបង្កើតច្រកទីផ្សារនាំចេញ (Market Access) និងការអភិវឌ្ឍបន្ថែមទៀតលើការធ្វើពិពិធកម្មឧស្សាហកម្ម និងរចនាសម្ព័ន្ធទីផ្សារ ​ការពង្រីកសេវាកម្មហិរញ្ញវត្ថុ ការដឹកជញ្ជូន សេដ្ឋកិច្ចឌីជីថល និងសេវាកម្មកសិកម្ម ដែលចូលរួមជួយឱ្យមានកំណើនសេដ្ឋកិច្ច។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានមាន​ប្រសាសន៍​បន្ថែមទៀតថា អនុលោមតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នីតិកាលទី៦ នៃរាជរដ្ឋាភិបាលកម្ពុជា ដែល ផ្តោតលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសដៃគូ ក្រសួងពាណិជ្ជកម្មបាននិងកំពុងសិក្សាលើលទ្ធភាពចរចាកិច្ចព្រមព្រៀងជាមួយប្រទេសចិន និងប្រទេសកូរ៉េផងដែរ។ លទ្ធផលនៃការសិក្សានេះបានបង្ហាញពីភាពវិជ្ជមានក្នុងកិច្ចសហប្រតិ បត្តិការរួមគ្នាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលនាំឱ្យទំហំពាណិជ្ជកម្មរបស់កម្ពុជាមានការកើនឡើង បង្កើនការងារសម្រាប់ប្រជាជន ឈានសម្រេចបានតាមផែនការរបស់រាជរដ្ឋាភិបាលក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

សូមបញ្ជាក់ថា​ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (Cambodia-Eurasian Economic Union FTA-CEFTA) បានបង្ហាញពីកាលានុវត្តភាពឈ្នះ-ឈ្នះសម្រាប់ប្រទេសកម្ពុជា ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនឱ្យកាន់តែស៊ីជម្រៅទៅក្នុងខ្សែសង្វាក់ផលិតកម្មពិភពលោក និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីកណ្តាល និងជាមួយប្រទេសរុស្ស៊ី។ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គេរំពឹងថានឹងបង្កើនឱកាសក្នុងការធ្វើពាណិជ្ជកម្ម និងវិនិយោគទៅវិញទៅមក ជាពិសេសកម្ពុជាអាចបង្កើនការនាំចេញសម្លៀកបំពាក់ និងវាយនភ័ណ្ឌ ផលិតផលកសិកម្ម និងទំនិញដទៃទៀត ខណៈដែលសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ក៏អាចជ្រៀតចូលទីផ្សារកម្ពុជាកាន់តែទូលំទូលាយជាងមុន ជាពិសេសលើវិស័យថាមពល៕

ដោយ ទេស ច័ន្ទសុធារី (រូបភាព៖ ក្រសួង​ពាណិជ្ជកម្ម)