រដ្ឋបាលខេត្តព្រះសីហនុ ផ្សព្វផ្សាយ ស្តីពីសុវត្ថិភាព គុណភាពសំណង់ដល់ម្ចាស់ការដ្ឋានសំណង់ក្នុងខេត្ត

AKP ព្រះសីហនុ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ — រសៀលថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំផ្សព្វ ផ្សាយ ស្តីពីសុវត្ថិភាព និងគុណភាពសំណង់ក្នុងក្រុង ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីម្ចាស់ការដ្ឋានសំណង់ក្នុងក្រុងព្រះសីហនុ ចំនួន ១៩៥ការដ្ឋាន ក្រោមអធិបតីឯកឧត្ត ម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ឯកឧត្តម អិត សំអាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ការដ្ឋានសំណង់មួយចំនួននៅក្នុងក្រុងព្រះសីហនុ មិនបានអនុវត្តន៍តាមបទដ្ឋានលក្ខណៈបច្ចេកទេសត្រឹមត្រូវ មានបញ្ហាប្រឈមអំពីសុវត្ថិភាព និងគុណភាពសំណង់ មានដូចជា មិនបានធ្វើរបងហ៊ុមព័ទ្ធការ    ដ្ឋាន ខ្វះសំណាញ់ការពារសុវត្ថិភាពក្នុងការដ្ឋាន បានបង្កហានិភ័យ បង្កគ្រោះថ្នាក់ដល់កម្មករ និងប្រជាពលរដ្ឋជាដើម ដូចជាថ្មីនេះ មានការដ្ឋានមួយកន្លែង បានបាក់ដងសន្ទូចស្ទូចសម្ភារសំណង់ និងមានធ្លាក់សម្ភារសំណង់ មកលើចំណីផ្លូវសាធារណៈជាដើម ។

ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ក៏បានស្នើសុំឱ្យម្ចាស់ការដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់អំពីសុវត្ថិភាព និងគុណភាពសំណង់ក្នុងការដ្ឋានរៀងៗខ្លួន ដោយផ្អែកតាមច្បាប់ព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ការដ្ឋានណាមិនគោរពច្បាប់ បណ្តាលឱ្យកម្មករមានរបួស ឬស្លាប់ត្រូវមានទោស ។ ដូច្នេះម្ចាស់សំណង់ទាំងអស់ត្រូវបន្តផ្សព្វផ្សាយអំពីសុវត្ថិភាព និងគុណភាពសំណង់ក្នុងការដ្ឋាននានាក្នុងខេត្តព្រះសីហនុ ឱ្យបានទូលំទូលាយ ។ ការសាងសង់ត្រូវគោរពច្បាប់កម្ពុជា និងគោរពតាមបទដ្ឋានគតិយុត្ត នៃច្បាប់សំណង់ ខណ:ដែលរាជរដ្ឋាភិបាលកម្ពុជា បានសាងសង់ផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដែលសំណង់មួយចំនួនសាងសង់លើចំណីផ្លូវសាធារណ: ត្រូវធ្វើការរុះរើសំណង់ចេញតាមនិយាមកាមរបស់ក្រុមការងារស្ថាបនាផ្លូវទាំង ៣៤ខ្សែ ។ ដូច្នេះម្ចាស់ការដ្ឋានត្រូវចូលរួមគោរពច្បាប់សំណង់ទាំងអស់គ្នា បើមិនដូច្នេះទេ វានឹងនាំឱ្យខាតបង់ពេលវេលា និងថវិកាថែមទៀតផង ។

ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍បញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលអាជ្ញាធរខេត្តព្រះសីហនុ ក៏ដូចជាក្រសួងរៀបចំដែនដី បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីសុវត្ថិភាព គុណភាពសំណង់ក្នុងខេត្តព្រះសីហនុ ដល់ម្ចាស់ការដ្ឋានសំណង់ទាំងអស់ ការសាងសង់ត្រូវអនុវត្តន៍តាមបទដ្ឋានបច្ចេកទេសមាន៤ គឺ៖ ១.ការងារសិក្សាគម្រោងប្លង់  និងប្លង់បច្ចេកទេសផ្សេងៗតាមច្បាប់ ម្ចាស់ការដ្ឋានត្រូវរកក្រុមហ៊ុនសាងសង់ សិក្សាគម្រោងប្លង់ សំណង់ត្រូវមានអាជ្ញាប័ណ្ណត្រឹមត្រូវ ។ ២.ម្ចាស់សំណង់ ត្រូវរកក្រុមហ៊ុនសាងសង់់់ដែលបានចុះបញ្ជី មានវិស្វករប្រចាំការ និងមានកម្មករ  ប្រសិនបើរកឃើញថា ការដ្ឋានមិនមានក្រុមហ៊ុនសាងសង់ចុះបញ្ជីត្រឹមត្រូវ គ្មានវិស្វករប្រចាំការ និងគ្មានកម្មករ ត្រូវបិទការដ្ឋានសំណង់ ។ ៣.ការប្រើប្រាស់ដងសន្ទូច ម៉ាស៊ីនស្ទូច ម្ចាស់ការដ្ឋានត្រូវមានប្លង់ទីតាំងគ្រឹះ ដង សន្ទូចក្នុងដែនប្រើប្រាស់ប្រចាំថ្ងៃ ។ ៤. គ្រឹះអគារ ក្រមហ៊ុនសាងសង់គ្រឹះ ត្រូវត្រួតពិនិត្យអំពីស្ថានភាពដី ព្រោះនៅខេត្តព្រះសីហនុ ដីនៅខាងក្រោមកន្លែងខ្លះមានថ្ម កន្លែងខ្លះដីផុក ជាបញ្ហាប្រឈម និងក៏មានហានិភ័យយ៉ាងធ្ងន់ធ្ងរ ប្រសិនបើយើងមិនបានសិក្សាល្អិតល្អន់នោះទេ ដូចជា ករណីបាក់ស្រុតអគារកម្ពស់ ៧ជាន់កន្លងមក, ការប្រេះគ្រឹះធ្នឹមអគារនៅអូរពីរ , ការបាក់ដងសន្ទូច និងបាក់សសរធ្នឹមជាន់ទី៣ ជាដើម ដែលតម្រូវឱ្យក្រុមការងារបច្ចេកទេស រឹតបន្តឹងអំពីសុវត្ថិភាព និងគុណភាពសំណង់នៅខេត្តព្រះសីហនុ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ដោយសារសំណង់គ្មានគុណភាព គ្មានសុវត្ថិភាព ៕

ដោយ ងូ សុមុនី