សម្ដេចតេជោ ហ៊ុន សែន កោតសរសើរក្រុមបាល់ទាត់ជម្រើសជាតិ U22 កម្ពុជា ដែលបានយកឈ្នះ U22 ម៉ាឡេស៊ី ក្នុងលទ្ធផល៣ ទល់នឹង១

AKP ភ្នំពេញ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការកោតសរសើរដល់ក្រុមបាល់ទាត់ជម្រើសជាតិ U22 កម្ពុជា ដែលបានយកឈ្នះ U22 ម៉ាឡេស៊ី ក្នុងលទ្ធផល៣ ទល់នឹង១ ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេសហ្វីលីពីន។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ សម្ដេចតេជោបានសរសេរថា សូមអបអរសាទរ និងកោតសរសើរដល់ក្រុមបាល់ទាត់​ជម្រើស​ជាតិយុវជនអាយុក្រោម២២ឆ្នាំ U22 កម្ពុជា បានយកឈ្នះ U22 ម៉ាឡេស៊ី ក្នុងលទ្ធផល (CAMBODIA 3:1 MALAYSIA)​ ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេស​ហ្វីលីពីន​ ដែលកម្ពុជានឹងឡើងទៅប្រកួតបន្តនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់។

សម្ដេចតេជោក៏បានអរគុណបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយទាំងអស់​ដែលគាំទ្រ​វិស័យ​កីឡា ជាពិសេសក្មួយៗដែលបានចូលរួមទស្សនាផ្ទាល់នៅពហុកីឡាដ្ឋាន និងតាមទូរ​ទស្សន៍។

សម្ដេចតេជោក៏សូមជូនពរកីឡាបាល់ទាត់កម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់​ទៀត ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 ៕

ដោយ រិទ្ធី