អគ្គលេខាធិការ AIMF ស្ញប់ស្ញែងខ្លាំងចំពោះរាជធានីភ្នំពេញ ដែលបានពង្រីកវិសាលភា​ពពីដំណាក់កាលមួយទៅដំណាក់កាលមួយ

AKP ភ្នំពេញ ថ្ងៃទី០៤ ​ខែធ្នូ ឆ្នាំ២០១៩ — ឯកឧត្តម Robert Mambe Beugré អគ្គ​លេ​ខា​ធិ​កា​រនៃសមាគមអន្តរជាតិអភិបាល​ក្រុ​ង​​ប្រើប្រាស់ភាសាបារាំង (AIMF) បាន​ប​ង្ហា​ញ​ភា​ព​ស្ញប់ស្ញែង​ខ្លាំ​ង​ ចំពោះរាជធានីភ្នំពេញដែល បានពង្រីកវិសាលភា​ពរបស់ខ្លួ​ន ​ចាប់​ផ្តើម​ឈា​នចូ​លដ​ល់​​​ដំ​ណា​ក់​កា​លធ្វើឧស្សាហកម្ម ភាវូបនីយកម្ម ដោ​យ​បានបង្កើតការងារ​ជាច្រើ​ន​នៅ​តា​ម​រោ​ង​ច​ក្រ​វាយន​ភ​ណ្ឌ។

ថ្លែង​សន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃមហាសន្និបាត​សមាគមអន្ត​រ​ជាតិអភិបាល​ក្រុ​ង​​ប្រើប្រាស់​ភាសាបារាំងលើកទី៣៩ ដែលរៀបចំធ្វើឡើងនៅសណ្ឋាគា​រ​រ៉េ​ស៊ី​ដង់ សុខា​ភ្នំ​ពេ​ញ​ នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម Robert Mambe Beugré ​បា​ន​ស​ង្ក​ត់​ធ្ង​ន់​ថា​ «​ពួ​ក​ខ្ញុំ​មា​នការភ្ញាក់ផ្អើលពេញចិត្តខ្លាំង ពួកខ្ញុំមានភាពស្ញប់ស្ញែង​ ដូ​ច្នេះ​ក៏​បានសុំឱ្យស​មា​ជិ​កដែ​ល​ជា ​ចៅ​​ហ្វាយក្រុងគាំទ្រ​កិច្ចការរបស់អភិបាលនៃគណៈអភិបា​ល​រា​​ជធានីភ្នំពេញ ក៏​ដូ​ច​ជា​កិ​ច្ច​កា​រប​ស់​​សម្តេចតេជោ នាយករដ្ឋមន្ត្រី»។

ឯកឧត្តមអគ្គលេខាធិការ នៃសមាគមអន្តរជាតិអភិបាល​ក្រុ​ង​​ប្រើប្រាស់ភាសាបារាំង (AIMF) បានថ្លែងបន្តថា ប្រជាជនកម្ពុជាមានទីក្រុងមួយដែលស្អាតខ្លាំងណាស់។ ទ​ស្សនៈវិស័​យ​ទៅ​​ថ្ងៃអនាគតដែលយើងបានជជែក និងពិភាក្សាកន្លងមកនេះគឺការ​គាំទ្រដ​ល់ទីក្រុងដែល​ដា​ក់​នូ​​​វ​​គ​ម្រោ​ង​ល្អៗ ជាពិសេស​ជួ​យ​ដ​ល់​ទី​ក្រុងណាដែលលើកគ​ម្រោងជួយលើកតម្កើងជីវ ភាព​ប្រ​ជា​​ជ​ន​​រ​ប​ស់​ខ្លួន។

ក្រៅពីនោះ ឯកឧត្តម អគ្គលេខាធិការបានបង្ហាញពីការរឹតចំណងសាមគ្គីភាព និង​ផ្ត​ល់​កា​​​រជួយដល់ជនភៀស​ខ្លួ​ននៅក្នុងបណ្តាប្រទេសដែលជួបការលំបាក និងរឹ​តចំ​ណង​សា​ម​គ្គី​ភា​ពឱ្យដ​ល់ក្រុ​ងណា​​ដែ​​ល​ទ​ទួ​ល​យ​កជនភៀសខ្លួនឱ្យបានរស់នៅដោយសុវត្ថិភាព។

ក្នុងសុន្ទរកថាបើកមហាសន្និបាត​សមាគមអន្ត​រ​ជាតិអភិបាល​ក្រុ​ង ​​ប្រើប្រាស់​ភាសា​បា​រាំ​ង​លើកទី៣៩ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា រាជធា​នី​ភ្នំ​ពេ​ញ​នៅ​តែ​រក្សាបាននូវអត្តសញ្ញាណនៃទីក្រុងប្រវត្តិសាស្រ្តរបស់ខ្លួន ដែលជាបេះដូងនៃ​ព្រះ​រា​ជា​​ណា​ច​ក្រកម្ពុជា និងជាមជ្ឈមណ្ឌល​ប្រមូ​លផ្តុំ​លើ​គ្រ​ប់​វិស័​យ​រួមមាន៖ វិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច បេតិកភណ្ឌ វប្បធម៌ទេសចរណ៍ និងការទូត រហូតត្រូវបានទទួលងារថាជា “ទីក្រុងគុជនៅអាស៊ី” នៅសម័យសង្គមរាស្ត្រនិយម ក្នុងចន្លោះឆ្នាំ១៩៥៣-១៩៧០។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍បន្តថា រហូតមកដល់ពេល​បច្ចុ​ប្ប​ន្ន​នេះ​ ក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ ការគ្រប់គ្រងទីក្រុងភ្នំពេញមានការវិវឌ្ឍចំនួន០៥ ដំណាក់កាលធំៗគឺ  ពីឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៩៣៖ ការគ្រប់គ្រងទីក្រុងភ្នំពេញ ដើរតួនាទី​អនុ​វ​ត្ត​ដើម្បី មូលហេតុសន្តិភាព ទទួលយកការធ្វើមាតុភូមិនិវត្តន៍​និងប្រ​ឆាំ​ងការវិល​ត្រឡ​ប់​នូ​វ​រ​ប​ប​ប្រ​ល័យពូជសាសន៍។ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០០  ការគ្រប់គ្រងទីក្រុងភ្នំពេញ ដើរតួនាទី​អនុវ​ត្ត​ន៍ដើ​ម្បី មូលហេតុរក្សាស្ថិរភាពនយោបាយ និងស្តារហេដ្ឋា​រចនាសម្ព័ន្ធរូបវន្តក្នុងទីក្រុង​ឡើ​ង​វិ​ញ​។ ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៨ ការគ្រប់គ្រងទីក្រុងភ្នំពេញ ដើរតួនាទីអនុវត្តន៍ដើម្បី បុព្វហេតុ​ស​ន្តិ​សុខផ្ទៃក្នុង បន្តស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងទីក្រុង។ ពីឆ្នាំ២០០៨ ដល់ឆ្នាំ​២​០​១​៣ ការគ្រប់គ្រងរាជធានីភ្នំពេញដើរតួនាទីអនុវត្តដើម្បី បុព្វ​ហេ​តុ​​ព​ង្រឹងសន្តិសុខ-សណ្ដា​ប់​ធ្នា​ប់​សាធារណៈ បន្តស្ដារ-កសាងហេ​ដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងទីក្រុ​ង​​និងអភិវឌ្ឍន៍ស​ហគ​ម​ន៍​ក្រី​ក្រ​។ ពីឆ្នាំ២០១៣ រហូតដល់សព្វថ្ងៃ ការគ្រប់គ្រងរាជធានីភ្នំពេញ ដើ​រ​តួនាទី អនុវត្តន៍ដើម្បីបុព្វហេ​តុ​កំ​ណែទម្រង់, អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និង​ជា​អ​នា​គ​ត​ទី​ក្រុងវៃឆ្លាត (Smart City)។

ទាំងនេះ គឺជាការកត់សម្គាល់ដោយសង្ខេប អំពីដំណើរការគ្រប់គ្រងរាជធានីភ្នំពេញ ទៅតាមដំណាក់កាលនៃការវិវឌ្ឍក្នុងរយៈពេល ៤០ឆ្នាំកន្លងទៅនេះ៕

ដោយ គង់ សិរីរ័ត្ន (រូបថត៖ អុង ហុងលៀង និង សួស សាវី)