រដ្ឋមន្ត្រីក្រសួងការងារស្នើឱ្យម្ចាស់គ្រឹះស្ថាន សហគ្រាសបង្កើតគិលានដ្ឋាន ត្រូវមានបរិក្ខារ-ឱសថគ្រប់គ្រាន់ និងមានបុគ្គលិកសុខាភិបាលធ្វើការទៀងទាត់

AKP ភ្នំពេញ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ — រដ្ឋមន្រ្ដីក្រសួងការងារ បានស្នើដល់ម្ចាស់គ្រឹះស្ថាន សហគ្រាសទាំងអស់ តម្រូវឱ្យគ្រប់​គិលាន​ដ្ឋាន​នៅតាមសហគ្រាស គ្រឹះស្ថានរបស់ខ្លួន ដោយត្រូវធានាថា​ ដំណើរការបានល្អ មានសម្ភារ បរិក្ខារ ឱសថប្រើប្រាស់គ្រប់គ្រាន់ និងមានបុគ្គលិក​សុខាភិបាល​ធ្វើការទៀងទាត់តាម​ការ​កំណត់ និងប្រកបដោយវិជ្ជាជីវៈ។ នេះជាការលើកឡើង​របស់​ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងពិធីបើ​ក​សិក្ខាសាលាចែករំលែកបទពិសោធន៍​ស្តីពីការៀបចំគិលានដ្ឋាន សហគ្រាស គ្រឹះស្ថាន​នៅ​សណ្ឋាគារភ្នំពេញ កាលពីព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩។

ឯកឧត្តម អ៊ិត សំហេង បានមានប្រសាសន៍ថា ដើម្បីធានានូវសុវត្ថិភាព និងសុខភាព ការងាររបស់កម្មករនិយោជិតនៅតាមគ្រឹះស្ថាន សហគ្រាស និយោជក ត្រូវរៀបចំគិលានដ្ឋាន​សហគ្រាស គ្រឹះស្ថានឱ្យបានសមស្រប និងត្រឹមត្រូវតាមវិធាន និងបទប្បញ្ញតិ្តដែលបាន​កំណត់​ក្នុងច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានពាក់ព័ន្ធ ពិសេសប្រកាសរួមលេខ៣៣០ និង លេខ១៣៩។ ទន្ទឹមនេះ ធានាថាគិលានដ្ឋានសហគ្រាស គ្រឹះស្ថាន ដំណើរការបានល្អ មាន សម្ភារ​ បរិក្ខារ ឱសថប្រើប្រាស់គ្រប់គ្រាន់ និងមានបុគ្គលិកសុខាភិបាលធ្វើការទៀងទាត់ តាម​ការកំណត់។ ក្រៅពីនេះ ត្រូវផ្តល់ និងថែរក្សាកន្លែងធ្វើការឱ្យមានអនាម័យ និងសុវត្ថិភាព និង រៀបចំមធ្យោបាយបង្ការទប់ស្កាត់ ឬវិធានការការពារប្រកបដោយប្រសិទ្ធភាពនូវហានិភ័យ ទាំងឡាយ។

ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានជំរុញដល់ម្ចាស់គ្រឹះស្ថាន សហគ្រាសទាំងអស់ ត្រូវធានាថា​កម្មករនិយោជិតទទួលបាន និងប្រើប្រាស់សម្ភារ ឧបករណ៍ការពារពលកម្មបានត្រឹមត្រូវ និង​ណែនាំឱ្យគាត់ថែរក្សាទុកដាក់សម្ភារឧបករណ៍ទាំងនោះឱ្យបានល្អ។ ជាមួយគ្នានេះ ត្រូវអប់រំ និងពន្យល់ណែនាំដល់កម្មករ និយោជិតឱ្យបានដឹងអំពីវិធាន ឬបទប្បញ្ញត្តិថ្មីៗ ដែលចេញ​ដោយស្ថាប័នមានសមត្ថកិច្ច ជាពិសេសក្រសួងទទួលបន្ទុកវិស័យការងារ ដែលទាក់ទង​នឹង​សុវត្ថិភាព និងសុខភាព ការងាររបស់កម្មករ និយោជិត។ ម្ចាស់គ្រឹះស្ថាន ឬសហគ្រាស ជូនដំណឹងពីជំងឺ និងគ្រោះថ្នាក់ការងាររបស់កម្មករនិយោជិត ទៅបេឡាជាតិរបបសន្តិសុខ​សង្គមឱ្យបានទាន់ពេលវេលា និងធ្វើការបញ្ជូនគាត់ទៅមន្ទីរពេទ្យឱ្យបានឆាប់រហ័សតាម​បែបបទ និងនីតិវិធីរបស់បេឡាជាតិរបបសន្តិសុខសង្គម។

តែទោះបីយ៉ាងណាក៏ដោយ ក្រៅពីម្ចាស់គ្រឹះស្ថាន សហគ្រាស កម្មករ និយោជិត ក៏ត្រូវ​ចូលរួមអនុវត្តន៍ និងផ្សព្វផ្សាយនូវវិធាន និងបទប្បញ្ញត្តនានាពាក់ព័ន្ធនឹងសុខភាព និង​សុវត្ថិភាពការងារឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើភាគីនិយោជកចូលរួមអនុវត្តន៍គោលការណ៍ណែនាំទាំងនេះឱ្យបានកាន់តែល្អប្រសើរថែមទៀត ក្នុងការរៀបចំគិលានដ្ឋាន និងសេវាសុខភាព និង​សុវត្ថិភាព ដែលជាសេចក្តីត្រូវការរបស់កម្មករ និយោជិតនៅក្នុងសហគ្រាស គ្រឹះស្ថានរបស់​ខ្លួន៕

ដោយ រិទ្ធី