រដ្ឋាភិបាលឥណ្ឌា ផ្តល់អណ្តូងទឹកស្នប់ចំនួន៣១០អណ្តូង ដល់ខេត្តបន្ទាយមានជ័យ

AKP បន្ទាយមានជ័យ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ — អណ្តូងទឹកស្នប់ចំនួន៣១០អណ្តូង ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃ សាធារណរដ្ឋឥណ្ឌាផ្តល់ឱ្យប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ បានបើកការដ្ឋានសាងសង់ កាលពីព្រឹកថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ  ​នៅបរិវេណអនុវិទ្យាល័យភ្នៀត សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ក្រោមអធិបតី ភាព ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ ​​ក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម Battua Subba Roa លេខាទី២ នៃស្ថាតទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមសាទរពីសំណាក់មន្ត្រីរាជការ សិស្ស​នុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការក្រសួង អភិវឌ្ឍន៍ជនបទបានសម្តែង​ការអរគុណដល់រដ្ឋាភិបាល និងប្រជាពលរដ្ឋឥណ្ឌា ដែលតែងតែបានរួមចំណែកផ្តល់ ជំនួយជាបន្ត​បន្ទាប់ដល់រាជរដ្ឋាភិបាលប្រជាពលរដ្ឋកម្ពុជាក្នុងការជំរុញអភិវឌ្ឍន៍ប្រទេសជាតិ។ ជាក់ស្តែង​ជំនួយអណ្តូងទឹកស្នប់ដល់ខេត្តបន្ទាយមានជ័យនេះពិតជាមានសារៈសំខាន់ណាស់ ឆ្លើយ​តបទៅនឹងត្រូវការចាំបាច់ សម្រាប់បម្រើដល់ប្រជាពលរដ្ឋដែលរស់នៅតាមជនបទ កំពុង ត្រូវការទឹកប្រើប្រាស់ ជាពិសេសនារដូវប្រាំងខាងមុខកុំឱ្យជួបការខ្វះខាត នោះជាការឆ្លើយតប ទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋចង់បាន​ ដែលស្របទៅនឹង គោលនយោបាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គ មហាសេនាបតីតេជោ​ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងការ​កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅទីជនបទ។

ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានក្រើនរម្លឹកដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋក្នុង ខេត្ត​បន្ទាយមានជ័យ ជាពិសេសតំបន់ដែលទទួលបានអណ្តូងទឹកស្នប់នេះ សូមមេត្តាចូលរួម ទាំងអស់គ្នាថែរក្សា​នូវសមិទ្ធផលនេះ ឱ្យបានគង់វង្សសម្រាប់ប្រើប្រាស់បានយូរអង្វែង៕

ដោយ ឈុន សារ៉ាត