សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតស៊ុយអ៊ែតថ្មី ចូលជួបសម្ដែងការគួរសម

AKP ភ្នំពេញ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឱ្យឯកឧត្តម Bjorn Haggmark ឯកអគ្គរដ្ឋទូតថ្មី ស៊ុយអ៊ែត ចូលជួបសម្ដែងការគួរ​សម នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ នៅវិមានសន្តិភាព។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានឱ្យដឹងក្រោយជំនួបនោះថា ឯក​ឧ​ត្តម Bjorn Haggmark បានជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមពិតជាមានកិត្តិយស​ណា​ស់​ដែ​លបានមកបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម​បា​នមានប្រសាសន៍ថា ឯកឧត្តមបានឈ្វេងយល់អំពីសោកនាដកម្មរបស់កម្ពុជាកន្លងមក ដែល​​សោ​កនាដកម្មទាំងនោះគួរគប្បីទប់ស្កាត់កុំឱ្យមានការវិលត្រឡប់មកវិញ។ ក្នុងន័យនេះ ​ឯ​ក​ឧត្តមឯកអគ្គរដ្ឋទូតបានលើកឡើងថា ប្រទេសស៊ុយអែតបាន​ចូលរួមចំណែក​យ៉ាង​សកម្ម ក្នុង​ការជួយ​ដល់តុលាការកាត់ទោសមេដឹកនាំកំពូលរបស់ខ្មែរក្រហមកន្លងមក ហើយឯកឧត្តម​ក៏​​បា​ន​បញ្ជាក់ដែរថា កន្លងមកស៊ុយអែតក៏បានផ្ដល់ជំនួយមកកម្ពុជា​ លើកដំបូង​តាមរ​យៈ​ជំនួយមនុស្សធម៌ ហើយ​នៅពេលនេះទៀតក៏កំពុងតែរួមចំណែកជួយ​ដល់កម្ពុជា​នៅក្នុង​កា​រ​​អភិវឌ្ឍផងដែរ។ ឯកឧត្តមបន្តថា តាមរយៈអ្វីដែលបានធ្វើកន្លងមកនេះ បេ​សកកម្មកាទូត​របស់​ឯកឧត្តមមកកាន់កម្ពុជា​ នឹងមិនចំណាយពេល​ទៅលើអ្វី​ផ្សេង​ទៀ​ត ក្រៅពីការជំរុញ​ទំនាក់​ទំនងដែលមានស្រាប់ និងពង្រីកទំនាក់ទំនងដែលមាន ជាពិសេ​ស​ពង្រីកទំនាក់ទំនង​ទៅ​លើបញ្ហាពិភពលោកបញ្ហាសកល ដូចជាបញ្ហាប្រែប្រួលអាកាសធាតុ ក៏​ដូ​ចជាបញ្ហា​សកល​ភាវូបនីយកម្មផងដែរ។

ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និង​​អបអរសា​ទរជូនចំពោះឯកឧត្តម Bjorn Haggmark  ដែលត្រូវបានតែងតាំងជាឯកអគ្គ​រដ្ឋ​ទូត​វិសាមញ្ញនិង​ពេ​​ញសមត្ថភាពប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោបានថ្លែង​អំណរគុណ​ជូន​ដល់​​ប្រជាជន រដ្ឋាភិ​បា​លប្រទេសស៊ុយអែត ដែលកន្លងមកតែងតែ ជួយដល់​កម្ពុជា ទាំងផ្នែក​មនុស្សធម៌​ទាំងការ​អភិ​វឌ្ឍ។ សម្ដេចតេជោបានលើកឡើងថា ​ជាការពិត​កម្ពុជាទទួលរងនូវ​សោក​នា​ដកម្ម​អតីត​កា​ល ហើយប្រទេសស៊ុយអែតជាប្រទេសមួយដែល​មិនទទួលឱ្យអតីតខ្មែរ​ក្រហម​អង្គុ​យនៅ​កៅ​​អី​​អន្តរជាតិ ហើយលើសពីនោះទៀតក៏បាន​អនុ​ញ្ញាត​ឱ្យ​កម្ពុជាបើកការិយាល័យព័ត៌មាន​នៅទី​ក្រុ​ង​​ស្តុកខូម ហើយចាប់ពីពេល​នោះមក​ប្រទេស​ ​ស៊ុយអែតជាប្រទេសមួយ ចាប់ពីឆ្នាំ១៩៨៤ ចាប់ផ្ដើ​ម​ផ្ដល់នូវជំនួយមនុស្សធម៌​ដល់​កម្ពុជា។ សម្ដេចតេជោក៏បានថ្លែងអំណរគុណផងដែរ​ចំ​ពោះ​ជំ​នួ​​យរបស់ប្រទេស​ស៊ុយ​អែត និង​រដ្ឋាភិបាលស៊ុយអែត ក្នុងការកាត់ទោសមេដឹកនាំ​កំពូលរបស់​ខ្មែ​រក្រហម គឺជាការជួយដល់​កម្ពុជាក្នុងការស្វែងរកសច្ចធម៌ពិតរបស់កម្ពុជា ហើយកន្លងមក​នេះ​ក៏បានបន្តជួយដល់​កម្ពុជា​យើងលើវិស័យអភិវឌ្ឍន៍ដែរ។ សម្ដេចតេជោបានមានប្រសាសន៍​ផ​ង​ដែរថា ក្រៅពីកិច្ច​សហ​ប្រតិ​បត្តិការ និងជំនួយលើឆាកអន្តរជាតិដូចជាបញ្ហា​ប្រែប្រួលអាកា​ស​ធាតុ ក៏ដូចជាបញ្ហា​សាកលភាវូបនីយកម្ម សម្ដេចក៏បានស្នើឱ្យឯកឧត្តម Bjorn Haggmark    ពិ​និ​ត្យពិ​ចា​រ​ណា​ស្វែងរក​ជាមួយភាគីកម្ពុជាលើវិស័យដទៃទៀត ដែលយើងអាចសហការគ្នាបាន។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូត  អំពីអាទិភាព​របស់ព្រះ​​រា​ជា​ណាចក្រកម្ពុជា នោះគឺកត្តាសុខសន្តិភាព និងស្ថិរភាព ដែលជាកត្តាសំខាន់​សម្រាប់​ជំរុញ​កា​រ​​អភិវឌ្ឍរបស់កម្ពុជា ហើយក៏បានជម្រាបជូនផងដែរនូវមហិច្ឆតារបស់កម្ពុជា នោះគឺកែ​ប្រែ​ប្រ​ទេ​សកម្ពុជាពីប្រទេសមធ្យមកម្រិតទាប ទៅជាប្រទេសចំណូលមធ្យមកម្រិត​ខ្ពស់នៅ​ឆ្នាំ២០៣០៕

ដោយ ជឹម ណារី