មន្រ្ដីជំនាញលើកឡើងថា ទិន្នន័យ​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកគឺជាគន្លឹះដ៏សំខាន់ ដើម្បី​រួមចំណែកជួយរកវិធានការទប់ស្កាត់អត្រាស្លាប់ និងរបួសនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ — មន្រ្ដីជំនាញផ្នែកសុខភាព និងគ្រោះថ្នាក់ចរាចរណ៍បានលើកឡើងថា ​ទិន្នន័យ​គ្រោះ​ថ្នាក់​ចរា ចរណ៍ផ្លូវ​គោកនៅកម្ពុជាគឺគន្លឹះដ៏សំខាន់ក្នុងការ​ចូលរួមចំណែកជួយស្វែងរកវិធានការ​ទប់ ស្កាត់អត្រា​ស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេសកម្ពុជា។

ក្នុង​ពិធី​បិទវគ្គបណ្តុះ​បណ្តាល​ស្តីពីការពង្រឹងគុណភាព និងការប្រមូលទិន្នន័យគ្រោះ ថ្នាក់​ចរា​ចរណ៍​​ផ្លូវគោក កាលពី​ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ នៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវ​គោក ក្រសួងសាធារណការ និង​ដឹកជញ្ជូន លោកវេជ្ជបណ្ឌិត កុល ហេរ៉ូ ប្រធាននាយកដ្ឋានការ ពារសុខភាព នៃក្រសួងសុខាភិបាលបាន​បញ្ជាក់ថា ការប្រមូលទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ ប្រកបដោយគុណភាព គឺអាចតាមដាន និង​ព្យាករណ៍នូវ ស្ថានភាពគ្រោះថ្នាក់​ ក៏ដូចជា ប្រសិទ្ធភាពនៃ​ផែន​ការដែល​​បានដាក់​ចេញតាម​រយៈទិន្នន័យ ដ៏មាន​សារៈ​​សំខាន់​នេះផងដែរ។ លោកវេជ្ជបណ្ឌិតបន្ដថា ដើម្បីចូលរួមកាត់បន្ថយនូវគ្រោះ​ថ្នាក់​ចរា​ចរណ៍ គឺទាមទារជាចាំបាច់ នូវផែនការសកម្មភាព ដែលមានប្រសិទ្ធភាព និងសមស្រប​ទៅ​តាមស្ថានភាពនៃគ្រោះថ្នាក់ ​ហើយ​ទិន្នន័យ​គ្រោះថ្នាក់ ចរាចរណ៍ដែលមានគុណភាព គឺជា​ធាតុចូលយ៉ាងសំខាន់ក្នុងការ កសាងផែនការសកម្មភាព ដែល​មាន​ប្រសិទ្ធភាព។

លោកវេជ្ជបណ្ឌិតបានវាយ​តម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តី​អគ្គ​លេខា​​ធិ​​ការ​​ដ្ឋាន​នៃ​គណៈ​កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែល​បាន​​ខិត​ខំប្រឹងប្រែងសម្របសម្រួល និងរៀប​ចំសិក្ខាសាលានេះឡើង ដើម្បីលើក​កម្ពស់ការ​យល់​ដឹង​អំពីការ​ស្រង់ទិន្នន័យ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ផ្លូវគោក ឱ្យកាន់តែមាន​ប្រសិទ្ធ​ភាព​ភាពបន្ថែម​ទៀត។

លោកបានកត់សម្គាល់ឃើញថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍បច្ចុប្បន្ន មាន​និន្នាការ​កើនឡើងនៃការស្លាប់ និងរបួសដែលបង្កឡើង​ដោយ​សារ​ការ​បើកបរលើស​ល្បឿន​កំណត់ ការ​ជែងក្នុងស្ថានភាពគ្រោះថ្នាក់ ការមិនគោរពសិទ្ធិអាទិភាព ការបើកបរ​ក្រោម​​ឥទ្ធិពល​គ្រឿង​នៃស្រវឹងជាដើម។ល។ ដែលជាហេតុនាំឱ្យមានការកើនឡើងនូវកូនកំព្រា ស្ដ្រី​មេម៉ាយ ជន​ពិការ សោកនាដកម្មផ្សេងៗ និងផលវិបាកជាច្រើននៅក្នុងសង្គមកម្ពុជា។

សូមបញ្ជាក់ថា សិក្ខាសាលានេះ រៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូន​សហការ​ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ និងមានការជួយឧបត្ថម្ភ​ក្នុង​ការ​រៀបចំដោយ​អង្គការ ​UNDP​។ ការចូលរួមចំណែកក្នុង​សកម្ម​ភាពនេះ បានបង្ហាញ​ឱ្យ​ឃើញនូវ​ការ​យកចិត្ត​ទុក​ដាក់ចូលរួម​ចំណែក​ជាមួយ​​រាជរដ្ឋាភិបាលកម្ពុជា ​និង​គណៈ​​​កម្មា​ធិ​ការ​​​ជាតិ​​សុវត្ថិភាព​​ចរាចរ​ណ៍​​​ផ្លូវគោក ក្នុងការចូលរួម​ទប់ស្កាត់កាត់បន្ថយគ្រោះ​ថ្នាក់​ចរា​ចរណ៍​​​​នៅព្រះ​រាជាណា​ចក្រ​កម្ពុជា៕

ដោយ រិទ្ធី