រាជរដ្ឋាភិ​បាល​ជំរុញឱ្យមាន​ការសាសង់ស្ថានីយ​ថាមពល​អគ្គិសនី​ដើរ​ដោយពន្លឺ​ព្រះអាទិត្យ​ចំនួន៤ និងទិញភ្លើងអគ្គិសនីពីក្រុមហ៊ុនរបស់ប្រទេសឡាវចំនួន២ ទៀត

AKP ភ្នំពេញ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ — ដើម្បីទប់ស្កាត់ការខ្វះខាតថាមពលអគ្គិសនីជូនប្រជាពលរដ្ឋប្រើប្រាស់  ដោយ​សារការ ប្រែប្រួលធាតុអាកាសនៅក្នុងឆ្នាំនេះ ដែលធ្វើឱ្យបណ្តាស្ថានីយវារីអគ្គសនីទាំងអស់​ខ្វះខាតទឹក ផលិត​ថាមពលអគ្គិសនីមិនបានពេញកម្លាំងល្អ  រាជរដ្ឋាភិបាលកម្ពុជា​ដែល​មាន​សម្តេចអគ្គ មហា​សេ​នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានខិតខំ​ប្រឹងប្រែង​រកក្រុម​ហ៊ុនដំឡើង ស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យចំនួន៤ និង​ទិញថាមពលអគ្គិសនី​ពីក្រុម​ហ៊ុនចំនួន ពីរទៀតរបស់ប្រទេសឡាវ។

បច្ចុប្បន្ននេះសេចក្តីស្នើច្បាប់របស់រាជរដ្ឋាភិបាលស្តីពី ការធា​នាទូទាត់របស់រាជរដ្ឋាភិ​បាលកម្ពុជាឱ្យក្រុមហ៊ុនអគ្គិសនីទាំង៦នោះ បានមកដល់ដៃរដ្ឋសភា​ហើយ។ បើ​យោង​តាម ប្រសាសន៍ឯកឧត្តម ឡេង ប៉េង ឡុង អគ្គលេខាធិការ នៃអគ្គលេខា​ធិការ​ដ្ឋាន​រដ្ឋសភា បាន​ប្រាប់ក្រុមអ្នកសារព័ត៌មាន  បន្ទាប់ពីបញ្ចប់​កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍​រដ្ឋសភា ក្រោម​អធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរា​ជាណាច​ក្រ​កម្ពុ​ជា នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះថា កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែល ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកនេះបាន សម្រេចទទួលយកសេចក្តីស្នើច្បាប់ចំនួន៦ របស់រាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការ ជំនាញរដ្ឋសភាពិនិត្យសិក្សា។

សេចក្តីស្នើច្បាប់ទាំង៦ របស់រាជរដ្ឋាភិបាលនោះរួមមាន៖ ១- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យ ក្រុមហ៊ុន ហ្រ្គីន សឺស្តែនណេប៊ល វេនឈ័រ (ខេមបូឌា)ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយ ផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព ២០មេហ្គាវ៉ាត់ នៅខេត្តស្វាយរៀង។ ២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន រ៉ាយ ផៅវ័រ សឹបផ្លាយ ឯ.ក សម្រាប់គម្រោង សាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៣០មេហ្គាវ៉ាត់ នៅខេត្តបន្ទាយមានជ័យ។ ៣-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានា ទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន រ៉ាយសិន អេនើជី (ខេមបូឌា) បាត់ដំបង ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្គាវ៉ាត់ នៅខេត្តបាត់ដំបង។ ៤-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ស្នេថេក អ៊ីនហ្វីនីត ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៣០មេហ្គាវ៉ាត់ នៅខេត្តពោធិ៍សាត់។ ៥- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ធីអេសប៊ីភី សេកុង ផៅវ័រ អ៊ែន មីនើរ៉ល ខមភេនី លីមីធីត នៃសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ និង៦- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានា ទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន សេកុង សឺមម័ល ផៅវ័រ ផ្លេន ខមភេនី លីមីតធីត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ឯកឧត្តម ឡេង ប៉េងឡុង បានឱ្យដឹងទៀតថា  ក្រោយពីការពិនិត្យសិក្សាលើសេចក្តី ព្រាងច្បាប់ទំាង៦ខាងលើនេះរួចហើយ គណៈកម្មការជំនាញរដ្ឋសភា នឹងធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ ដើម្បីសម្រេចថាត្រូវដាក់ជូនសម័យប្រជុំពេញ អង្គរដ្ឋសភាធ្វើការពិភាក្សានិងអនុម័តនៅសប្តាហ៍ក្រោយ៕

ដោយ ប៉ាល់ សុង