រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌កម្ពុជា​បង្ហាញថា កម្ពុជា និង​វៀតណាម បាន​​កំពុងតែរួមគ្នាអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌

AKP សៀមរាប ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ — ថ្លែងបើកសន្និសីទច្បាប់លើកទី២ នៃខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម នៅខេត្ត សៀមរាប​នាព្រឹក​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ២០១៩នេះ ឯក​ឧត្តម​ អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌កម្ពុជាបាន​មាន​ប្រសាសន៍ថា សន្និសីទច្បាប់លើកទី២នៃខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាមនាឱកាសនេះ គឺជាលទ្ធផលផ្លែផ្កានៃសន្និសីទច្បាប់លើកទី១ ដែលបានប្រារព្ធធ្វើ ឡើងនៅសាធារណរដ្ឋសង្គមនិយមវៀតណាមកន្លងមក ហើយសន្និសីទនេះ គឺជាវេទិកានៃ កិច្ចពិភាក្សាកម្រិតខ្ពស់រវាងថ្នាក់ដឹកនាំ និងស្ថាប័នអនុវត្តន៍ច្បាប់ និងយុត្តិធម៌របស់ប្រទេស ទាំងពីរ ដើម្បីផ្លាស់ប្តូរទស្សនៈវិស័យ បទពិសោធន៍ និងពង្រឹងនូវការយោគយល់គ្នាទៅវិញ ទៅមកសំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរួមគ្នានៅក្នុងវិស័យច្បាប់ និងយុត្តិធម៌។

ការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រ ពៃណីរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ជាពិសេសការពង្រឹង ពង្រីក និងការបន្តកិច្ច សហប្រតិបត្តិការល្អរវាងក្រសួងយុត្តិធម៌កម្ពុជា និងក្រសួងយុត្តិធម៌វៀតណាមរហូត សម្រេចបាននូវសមិទ្ធផល និងជោគជ័យជាច្រើនកន្លងមក ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សំដៅរួមចំណែកក្នុងការទប់ស្កាត់បណ្តាបទល្មើសឆ្លងដែន ផ្តល់សេវាយុត្តិធម៌ និងរក ដំណោះស្រាយ​ឱ្យកាន់តែមានប្រសិទ្ធភាព នូវរាល់បញ្ហាដែលកើតឡើង តាមបណ្តាខេត្ត ជាប់ព្រំដែន សម្រាប់ជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ក្នុងគោលបំណងរួម ចំណែករក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ស្ថេរភាព និងការអភិវឌ្ឍលើគ្រប់វិស័យនៃខេត្ត ជាប់ព្រំដែននៃប្រទេសទាំងពីរ។

ឯកឧត្តមបន្តថា ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ និងយុត្តិធម៌នេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម បានចុះកិច្ចព្រមព្រៀងសំខាន់ចំនួន០៤ គឺកិច្ចព្រមព្រៀងស្តីពីការជួយគ្នាទៅវិញទៅមក ផ្នែកយុត្តិធម៌ក្នុងវិស័យរដ្ឋប្បវេណី សន្ធិសញ្ញាស្តីពីបត្យាប័ន កិច្ចព្រមព្រៀងស្តីពីការផ្ទេរទណ្ឌិត និងកិច្ចព្រមព្រៀងស្តីពីការ ជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌជាដើម ហើយកិច្ចព្រមព្រៀង ទាំងអស់នេះ គឺជាមូលដ្ឋានគតិយុត្តិដ៏ចាំបាច់ ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរអាចផ្តល់ ជំនួយ ផ្នែកច្បាប់ឱ្យគ្នាទៅវិញទៅមកទាំងក្នុងវិស័យរដ្ឋប្បវេណី និងព្រហ្មទណ្ឌ ក៏ដូចជាការផ្ទេរនូវ ទណ្ឌិតពីប្រទេសមួយទៅប្រទេសមួយ នៅពេលមានសំណើសុំពីភាគីណាមួយផងដែរ។

ក្រៅពីនេះ ក៏បាន​ធ្វើឱ្យមន្រ្តី​ជំនាញផ្នែកច្បាប់នៃប្រទេសទាំងពីរ បានផ្លាស់ប្តូរព័ត៌មាន ការផ្លាស់ប្តូរទស្សនកិច្ច និងបទពិសោធន៍នៃការអនុវត្តច្បាប់ និងសេចក្តីសម្រេចតុលាការ ទាំងរឿង ក្តីព្រហ្មទណ្ឌនិងរដ្ឋប្បវេណី ,កិច្ចសហប្រតិបត្តិការផ្លាស់ ប្តូរបទពិសោធន៍ការងារ រដ្ឋបាល តុលាការ, ការបង្ការប្រឆាំងបទល្មើសឆ្លងដែន (គ្រឿងញៀន ជួញដូរអាវុធជាតិផ្ទះ ជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ បទល្មើសព្រៃឈើ, ការសំអាតប្រាក់ ការឆ្លងដែនដោយខុសច្បាប់ ជាដើម) ការស្រាវជ្រាវ និងឈ្វេងយល់ច្បាប់របស់ ប្រទេសទាំងពីរការអប់រំ ផ្សព្វផ្សាយច្បាប់ និងបណ្តុះបណ្តាលបង្កើនសមត្ថភាព ដល់មន្ត្រីស្ថាប័នច្បាប់ និងយុត្តិធម៌ និងការបង្កើនប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការ លើវិស័យច្បាប់ និងយុត្តិធម៌ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិ សេសកិច្ចសហប្រតិបត្តិការ រវាងបណ្តាតុលាការខេត្ត ដែលនៅជាប់ព្រំដែន នៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថា សន្និសីទច្បាប់លើកទី២ នៃខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឡេ ថាញ់ឡុង (Le Thanh Long) រដ្ឋមន្រ្តីក្រសួងយុត្តិធម៌វៀតណាម​ផងដែរ ហើយតាមរយៈកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់ នាថ្ងៃនេះ សមាជិកនៃអង្គសន្និសីទទាំងមូល នឹងចូលរួមយ៉ាងផុសផុលក្នុងការពិភាក្សាដោយ យកចិត្តទុកដាក់ និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក និងរិះរកអនុសាសន៍នានា ទាក់ទងនឹងប្រធានបទដ៏មានសារៈសំខាន់ ដើម្បីបង្កើនចំណេះដឹង និងអាចយកទៅអនុវត្តន៍ បានប្រកបដោយប្រសិទ្ធភាពនៅក្នុងការបំពេញតួនាទីរបស់ខ្លួនឱ្យកាន់តែប្រសើរថែមទៀត៕

ដោយ ឃុត សៅ