អភិបាលរាជធានីភ្នំពេញ លើកឡើងថា ភ្នំពេញជារាជធានីដែលមានវប្បធម៌-អារ្យធម៌សម្បូរ​បែបចម្រុះជាតិសាសន៍ មានភាពសុខដុមរម្យនា និងមានការអធ្យាស្រ័យខ្ពស់

AKP ភ្នំពេញ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ — ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ភ្នំពេញជារាជធានី​មួយដែលមានវប្បធម៌-អារ្យធម៌សម្បូរបែប ចម្រុះជាតិសាសន៍ និងប្រវត្តិសាស្រ្តយូរលង់ ដែល​ទទួលបានកិត្តិសព្ទថាជាទីក្រុងដែលប្រកបដោយភាពសុខដុមរម្យនា និងមានការអធ្យា​ស្រ័យ​ខ្ពស់ ដូចមានសក្ខីកម្មបញ្ជាក់ស្រាប់ ក្នុងស្នាដៃស្ថាបត្យកម្មដែលរចនាលម្អ តាមរចនាបថ របស់​ខ្លួន។

ក្នុងឱកាសប្រារព្ធមហាសន្និបាតប្រចាំឆ្នាំលើកទី ៣៩ និង ខួបលើកទី ៤០​ថ្ងៃកំណើត​សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) និងខួប៤០ ឆ្នាំនៃការរស់​រាន​របស់កម្ពុជា កាលពីព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា រចនាបទស្ថាបត្យកម្មនេះ ជាលទ្ធផលនៃការសំយោគជំនឿ​ដើមរបស់​បុព្វ​បុរសខ្មែរ បញ្ចូលជាមួយនឹងជំនឿដែលមានប្រភពមកពីព្រហ្មញ្ញ សាសានា និងពុទ្ធ​សាសនា។  ឯកឧត្ដមអភិបាលបានរម្លឹកដោយសង្ខេប អំពីអនុស្សាវរីយ៍ជូរចត់របស់រាជធានី​ភ្នំពេញ ដែលក្នុងទសវត្សន៍ឆ្នាំ ៧០ រាជធានីភ្នំពេញបានរងសង្គ្រាមទម្លាក់គ្រាប់បែក និងធ្លាក់​ចូល​ក្នុងសង្រ្គាមរវាងខ្មែរ និងខ្មែរ។ ជាមួយគ្នានេះ របបប្រល័យពូជសាសន៍ខ្មែរក្រហម បាន​អូស​បន្លាយជិត៣ឆ្នាំ ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ហើយធ្វើឱ្យរាជធានីកម្ពុជាមួយនេះ ក្លាយជាទីក្រុងខ្មោច គ្មានមនុស្សរស់នៅ គ្មានការគោរពសិទ្ធិមនុស្ស។

ឯកឧត្ដមបានបន្ដថា ក្រោយថ្ងៃរំដោះ ០៧ មករា ឆ្នាំ១៩៧៩ ភ្នំពេញត្រូវបានស្តារ​បន្តិច​ម្តងៗ ស្របតាមដំណើរវិវត្តន៍នៃបរិការណ៍ជាក់ស្តែងនីមួយៗ ហើយបច្ចុប្បន្ននេះ ក្រោមការដឹក​នាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា រាជធានីភ្នំពេញបានស្គាល់សារជាថ្មីនូវការអភិវឌ្ឍ។ ទន្ទឹមនេះ នយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោបានធ្វើឱ្យសង្គ្រាមស៊ីវិលរ៉ាំរ៉ៃបានបញ្ចប់ជាស្ថាពរ ដែលនាំមកនូវ ការបង្រួប​បង្រួមជាតិ និងសុខសន្តិភាពពេញលេញជូនកម្ពុជា ហើយបង្កើតបានជាមូលដ្ឋានគ្រឹះ សម្រាប់​បង្កើតរបបគ្រប់គ្រងដឹកនាំរដ្ឋបាលសាធារណៈ និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន។

ឯកឧត្តម អភិបាលរាជធានីលើកឡើងទៀតថា ជោគជ័យ និងវិបុលភាពជាប់ជាប្រចាំ ក្នុងរយៈពេល០២ទសវត្សរ៍ចុងក្រោយ គឺជាផលដែលបានមកពីការដាក់ចេញនូវនយោបាយ​វិមជ្ឈការ និងវិសហមជ្ឈការ ដោយផ្សារភ្ជាប់ជាមួយនឹងនយោបាយលើកទឹកចិត្ត​វិនិយោគ​ផ្ទាល់ពីបរទេស។ ឯកឧត្តមអភិបាលរាជធានីក៏បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំសមាគមអន្តរជាតិ​អភិបាល​ក្រុងប្រើប្រាស់ភាសាបារាំង (AIMF)ថា “ខ្ញុំមានសេចក្តីសប្បាយរីករាយជាខ្លាំង ដែល បានធ្វើជាម្ចាស់ផ្ទះ ដើម្បីរៀបចំអបអរសាទរខួបលើកទី៤០ឆ្នាំ នៃថ្ងៃកំណើតសមាគមអន្តរជាតិ  នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង និងមហាសន្និបាតប្រចាំឆ្នាំលើកទី៣៩ របស់ខ្លួន”៕

អត្ថបទ៖ គង់ សិរីរ័ត្ន, រូបភាព៖ សួស សាវី