Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

ក្រសួងសាធារណការ គ្រោងចំណាយថវិកាប្រមាណ៣លានដុល្លារ សម្រាប់ប្ដូរស្លាកលេខ ចាស់ គ្មាន QR កូដ ដូរយកស្លាកលេខថ្មី និងមាន QR កូដ ដោយឥតគិតថ្លៃ

Published

on

AKP ភ្នំពេញ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ — រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថា ក្រសួងបានស្នើសុំថវិកាពីរាជ​រដ្ឋាភិ​បាលប្រមាណ៣លានដុល្លារអាម៉េរិក សម្រាប់ចំណាយជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានស្លាកលេខយានយន្ដចាស់ ហើយគ្មាន QR កូដ មកដូរយកស្លាកលេខថ្មី និងមាន QR កូដ ត្រឹមត្រូវ ដោយឥតគិតថ្លៃ ដើម្បីធានាសុវត្ថិភាព និងកុំឱ្យបន្ដមានការប្រើប្រាស់ស្លាកលេខ​ក្លែងក្លាយ​នៅទូទាំងប្រទេសតទៅទៀត។

ថ្លែងនៅក្នុងកិច្ចប្រជុំបូក​សរុបលទ្ធ​ផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល​១០ខែ ឆ្នាំ២០១៩ កាលពីរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសាធារណការ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន​ និងជាអនុ ប្រធានអចិន្រ្ដៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានគូសបញ្ជាក់ថា ក្រសួង សាធារណការ និងដឹកជញ្ជូនបានធ្វើលិខិតមួយផ្ញើជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បី ស្នើសុំថវិកាប្រមាណ៣លានដុល្លារ សម្រាប់ការផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានស្លាកលេខឡានចាស់ គ្មាន QR កូដ មកដូរយកស្លាកលេខថ្មី និងមាន QR កូដ។ ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានបញ្ជាក់ដូច្នេះថា “ ឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានលេខ ស្លាកឡានចាស់ គ្មាន QR កូដ សូមអញ្ជើញទាំងអស់ មកដូរយកស្លាកថ្មី ដែលមាន QR កូដ។ ពេលមកដូរនោះត្រូវធ្វើបច្ចុប្បន្នភាពឈ្មោះ ផ្ទះកាត់នៅកន្លែងណា កាត់ឈ្មោះហើយ ប៉ុន្ដែអត់​យកលុយទេ ធ្វើឱ្យព្រី ដែលរាជរដ្ឋាភិបាលយើងត្រូវចេញ ឱ្យ​ប្រហែល៣លានដុល្លារអាម៉េរិក បង់ឱ្យតែក្រុមហ៊ុនKTS ដែលមកជាន់លេខទេ គឺធ្វើឱ្យទទេ ដល់បងប្អូនប្រជាពលរដ្ឋយើង ជា​អំណោយរបស់រាជរដ្ឋាភិបាល។”

ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានបន្ដថា ពេលមកដូរយកស្លាកលេខថ្មី ដែលមាន QR កូដនោះ ត្រូវធ្វើបច្ចុប្បន្នភាព អាសយដ្ឋាន ផ្ទះលេខប៉ុន្មាន និងទីកន្លែងរស់នៅរាជធានី ឬខេត្ដណា ដោយ​ត្រូវធ្វើជាថ្មីឡើងវិញ និងកាត់ឈ្មោះឱ្យទៅម្ចាស់ដោយមិនគិតថ្លៃនោះទេ។ ឯកឧត្ដម​ទេស​រដ្ឋមន្រ្ដីបានថ្លែងថា ការធ្វើស្លាកលេខថ្មី ដែលមាន QR កូដ ជូនដល់ប្រជាពលរដ្ឋ គឺ​ក្រសួងសាធារណការមិនយកលុយថ្លៃធ្វើនោះទេ គឺផ្ដល់ជូនដោយឥតគិតថ្លៃ ហើយត្រូវរៀប​ចំទិន្នន័យថ្មី ធ្វើស្លាកលេខថ្មី មាន QR កូដ មានទីលំនៅត្រឹមត្រូវ កាត់ឈ្មោះត្រឹមត្រូវ ដើម្បីកុំ​ឱ្យ​មានស្លាកលេខក្លែងក្លាយប្រើប្រាស់បន្ដទៀត។ “ អញ្ចឹងធ្វើបច្ចុប្បន្នភាព មានអាសយដ្ឋាន មាន​ម្ចាស់យានយន្ដ មានប័ណ្ណសម្គាល់យានយន្ដគឺថ្មីទាំងអស់ មាន QR កូដទាំងអស់”​។ នេះជាការ​បញ្ជាក់បន្ថែមរបស់ឯកឧត្ដមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល។

ការលើកឡើងរបស់ឯកឧត្តរដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូននេះ បន្ទាប់ពី​ពេល​ថ្មីៗកន្លងមកនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានរកឃើញ និងចាប់បានអ្នកធ្វើ​ស្លាកលេខ​ក្លែងក្លាយចំនួន៧កន្លែង ដែលជាកន្លែងធ្វើស្លាកលេខនគរបាល, លេខខ.ម, លេខកងរាជអាវុធ​ហត្ថ លេខភ្នំពេញ និងលេខខេត្ដ ដែលទាំង៧កន្លែងនេះ គឺជាកន្លែងជាន់លេខសេះហោះ ឬស្លាកលេខក្លែងក្លាយ។

ជាមួយគ្នានេះ ឯកឧត្ដមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល ក៏បានបន្ថែមថា ដើម្បីកុំឱ្យ​មាន​ស្លាកលេខសោះហោះ ឬក្លែង​ក្លាយប្រើប្រាស់បន្ដទៀត នៅក្នុងប្រទេសកម្ពុជា គឺចាំបាច់ត្រូវប្ដូរ​មកលេខថ្មី ដែលមាន QR កូដ ដើម្បីផ្ដល់ឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ស្លាកលេខត្រឹមត្រូវ និងទទួលបាននូវ​ទិន្នន័យល្អ​ទាំងអស់ សម្រាប់ការគ្រប់គ្រងស្លាកលេខយានយន្ដ។

ឯកឧត្ដមបានបន្ថែមទៀតថា គម្រោងស្នើសុំថវិកា និងរៀបចំប្ដូរស្លាកលេខចាស់ និង​ផ្ដល់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ សម្រាប់ប្ដូរឱ្យមកប្រើប្រាស់ស្លាកលេខថ្មីដែលមាន QR កូដនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងតែធ្វើការងារជាមួយក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយលទ្ធផលយ៉ាងណានោះនៅមិនទាន់បានទទួលនៅឡើយ៕

ដោយ អ៊ុន រិទ្ធី

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន