រដ្ឋមន្រ្ដីក្រសួងសាធារណការស្នើឱ្យអាជ្ញាធររាជធានី ខេត្ដ បិទកន្លែងយានដ្ឋានជួសជុល និង​យានដ្ឋានកែច្នៃដំឡើងយានយន្ដអត់ច្បាប់ឱ្យអស់ត្រឹមឆ្នាំ២០១៩នេះ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ — រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនបានស្នើឱ្យអាជ្ញាធររាជធានី ខេត្ដ សហការរួមគ្នា​ជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្ដ បិទកន្លែងយានដ្ឋានជួសជុល និង​យាន​ដ្ឋានកែច្នៃដំឡើងយានយន្ដខុសលក្ខណៈបច្ចេកទេសដែលអត់មានច្បាប់ ឱ្យអស់នៅក្នុង ខែធ្នូ ឆ្នាំ២០១៩នេះ។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ នៅក្នុងកិច្ចប្រជុំបូក​សរុបលទ្ធ​ផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល១០ខែ ឆ្នាំ២០១៩ កាលពីរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន​ និង ជាអនុប្រធានអចិន្រ្ដៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានមានប្រសាសន៍ថា អាជ្ញាធរដែនដីតាមរាជធានី ខេត្ដនីមួយៗ ត្រូវចុះត្រួតពិនិត្យ និងលុបបំបាត់យាន​ដ្ឋាន ជួសជុល និងយានដ្ឋានកែច្នៃយានយន្ដដែលមិនមានច្បាប់ត្រឹមត្រូវ ដែលកន្លែងទាំង​អស់នេះ បើយានដ្ឋានជួសជុល និងកែច្នៃខុសលក្ខណៈបច្ចេកទេស នឹងបង្កគ្រោះថ្នាក់ និងផលប៉ះពាល់​សុវត្ថិភាពចរាចរណ៍ផងដែរ។  ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានបញ្ជាក់ថា រហូតមកដល់ពេលនេះ គួរតែគិតគូរបិទកន្លែងយានដ្ឋានជួសជុល និងកែច្នៃយានយន្ដឱ្យអស់តែម្ដងនៅក្នុងឆ្នាំនេះ ខណៈឆ្នាំ២០២០ នៅតែមានរបាយការណ៍ ឬរាយការណ៍មកថា នៅតែបន្ដមានយានដ្ឋាន​ជួស​ជុល ឬយានដ្ឋានកែច្នៃដំឡើងយានយន្ដអត់ច្បាប់កើតមានឡើងតែដដែលនោះ។ ជាមួយគ្នា​នេះ ឯកឧត្ដមទេសរដ្ឋមន្រ្ដីក៏ចង់ឃើញ​ថា ដល់ឆ្នាំ២០២០ គ្រប់យានដ្ឋានជួសជុល ឬយាន​ដ្ឋាន​កែច្នៃ​ដំឡើងយានយន្ដទាំងអស់ គឺមាន​ច្បាប់ត្រឹមត្រូវ។

ឯកឧត្ដមទេសរដ្ឋមន្រ្ដីក៏បានសំណូមពរដល់អាជ្ញាធររាជធានី ខេត្ដ និងមន្ទីរ​សាធារណ​ការ និងដឹកជញ្ជូនរាជធានី ខេត្ដ ត្រូវរួមគ្នាដោះស្រាយឱ្យរួចរាល់ក្នុងខែធ្នូ ឆ្នាំ២០១៩នេះ ដើម្បីឱ្យបានរួចរាល់ចំពោះកន្លែងយានដ្ឋានជួសជុល និង​យាន​ដ្ឋានកែច្នៃដំឡើងយានយន្ដ​ខុស​លក្ខណៈបច្ចេកទេសដែលអត់មានច្បាប់នៅតាមមូលដ្ឋានរាជធានី ខេត្ដនីមួយៗ។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា បច្ចុប្បន្ន យានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃដំឡើងយានយន្ដ​សរុបចំនួន៣.៥៥៦​កន្លែង មានច្បាប់អនុញ្ញាតចំនួន២.៧៩៥ និងអត់ច្បាប់អនុញ្ញាតចំនួន៧៦១ ហើយ​ក្នុងនោះ យានដ្ឋានជួសជុលមានចំនួន៣.២៨១ មានច្បាប់អនុញ្ញាតចំនួន២.៥៤១ និងអត់ច្បាប់អនុញ្ញាត​ចំនួន៧៤០។ ចំពោះយានដ្ឋានកែច្នៃដំឡើងមានចំនួន២៧៥ មានច្បាប់អនុញ្ញាតចំនួន២៥៤ អត់ច្បាប់អនុញ្ញាតចំនួន២១៕

ដោយ អ៊ុន រិទ្ធី