ឯកឧត្ដម ស៊ុន ចាន់ថុល ទទួលជួបពិភាក្សាការងារ​ជាមួយ​គណៈប្រតិភូធនាគារពិភពលោក

AKP ភ្នំពេញ ថ្ងៃទី​០៤ ខែ​ធ្នូ ឆ្នាំ​២០១៩​–ប្រភពពីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យ​ដឹងថា​ កាល​ពីថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធនា គារពិភពលោក ដឹកនាំដោយលោក Benoit Bosquet នាយកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងផងដែរ។

ប្រភពដដែលបាន​គូសបញ្ជាក់ថា ទស្សនកិច្ចរបស់គណៈប្រតិភូធ្វើ​ឡើង​ក្នុងគោលបំណង ដើម្បីពិនិត្យ និងពិភាក្សាអំពីបញ្ហាអាទិភាពនៃការអភិវឌ្ឍរបស់កម្ពុជា និងកម្មវិធីនានារបស់ធនាគារពិភពលោកទាក់ទងនឹងវិស័យអភិវឌ្ឍន៍ប្រកបដោយចីរភាពរួមមាន៖ ការអភិវឌ្ឍជនបទ ការអភិវឌ្ឍសង្គម កសិកម្ម បរិស្ថាន ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ និងការគ្រប់គ្រងគ្រោះមហន្តរាយ។

ជំនួបនេះ​ផ្តោតសំខាន់លើការអនុវត្តគម្រោងកែលម្អការផ្គត់ផ្គង់ទឹក និងអនាម័យដែលកំពុងត្រូវបានអនុវត្តន៍ដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងវិស័យដែលមានសក្តានុពលសម្រាប់ការចូលរួមនាពេលអនាគត រួមទាំងការសិក្សាអំពីភាពធន់នឹងបម្រែ     បម្រួលអាកាសធាតុនិងទឹកជំនន់ នៅក្នុងក្រុងសៀមរាប និងទីក្រុងនានាជាច្រើនទៀត។

នៅក្នុង​ឱកាសនោះ​ ឯកឧត្តមទេសរដ្ឋមន្ត្រី​បានគូសបញ្ជាក់អំពីវឌ្ឍនភាពគម្រោងកិច្ចសហប្រតិបត្តិការជំនួយបច្ចេកទេសរបស់ដៃគូអភិវឌ្ឍន៍នានា (Technical Cooperation Project, TCP) ទាក់ទងនឹងការតាក់តែងច្បាប់ ការរៀបចំបទដ្ឋានបច្ចេកទេស និងផែនការមេដើម្បីពង្រឹងសមត្ថភាពលើការគ្រប់គ្រងទឹកកខ្វក់នៅកម្ពុជា។

ជាមួយគ្នានេះផងដែរ ឯកឧត្តមក៏បានមាន​ប្រសាសន៍ថា​ ក្រសួងនៅតែត្រូវការអ្នកជំនាញ និងអ្នកបច្ចេកទេសពីដៃគូអភិវឌ្ឍន៍ ដើម្បីជួយបង្កើនចំណេះដឹងបច្ចេកវិទ្យាថ្មីបន្ថែមទៀត ដល់មន្ត្រីក្រសួង ដើម្បីអាចរៀបចំគោលនយោបាយទឹកកខ្វក់ បទប្បញ្ញត្តិច្បាប់ ការគ្រប់គ្រង និងការសាងសង់បណ្តាញ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់នានានៅទូទាំងប្រទេស៕

ដោយ ទេស ច័ន្ទសុធារី (រូបភាព៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន)