អន្តរក្រសួងពិនិត្យគម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ — នៅទីស្តីការក្រសួង នាថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ឯកឧត្ដម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍​វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ។

​​ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញដែល​មាន​ទីតាំង​ស្ថិតនៅតំបន់បឹងជើងឯក ក្នុងភូមិសាស្រ្ដសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ របស់រដ្ឋបាលរាជធានីភ្នំពេញ (ម្ចាស់គម្រោង) នឹងសិក្សាវាយតម្លៃ​ហេតុ​ប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ ដោយក្រុមហ៊ុនទីប្រឹក្សា SAWAC Consultants (CAMBODIA) Co., Ltd.។

ប្រភពខាងលើបន្តថា កិច្ចប្រជុំនេះ​ មានសមាសភាពចូលរួមពីលោក និងលោកស្រី តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន​ ​អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព អគ្គាធិការដ្ឋាន ជំនួយការអមក្រសួង និងតំណាងអន្តរក្រសួងពាក់ព័ន្ធ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)​ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ មន្ទីរបរិស្ថាន​រាជធានីភ្នំពេញ និងតំណាងនាយកដ្ឋានវាយតម្លៃហេតុ​ប៉ះពាល់បរិស្ថាន តំណាងម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា​ ចំនួន​ ៣៧នាក់។

ក្រោយពីបានពិនិត្យ និងពិភាក្សា អង្គប្រជុំ​ទទួលបានលទ្ធផល​ ដូចខាងក្រោម៖

១-​ គាំទ្រលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ។ ២-​ម្ចាស់គម្រោង​ ត្រូវសហការល្អជាមួយអាជ្ញាធរដែនដី និងមន្ទីរពាក់ព័ន្ធ ដើម្បីកាត់បន្ថយហេតុប៉ះពាល់ដែលអាចកើតឡើងដោយសារសកម្មភាពគម្រោង។ ៣-​ ម្ចាស់គម្រោង​ ត្រូវគ្រប់គ្រងសំណល់​គ្រប់ប្រភេទឱ្យបានត្រឹមត្រូវ ដោយគោរពទៅតាមបទដ្ឋានបច្ចេកទេសកំណត់របស់ស្ថាប័នជំនាញ។ ៤-​ម្ចាស់គម្រោង​ត្រូវជួយចែករំលែក​បទពិសោធន៍លើបច្ចេកទេសគ្រប់គ្រង

ប្រព័ន្ធប្រព្រឹត្ដិកម្មទឹកកខ្វក់នេះ។ ៥-​ ម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាត្រូវកែសម្រួលរបាយការណ៍ស្របតាម​មតិយោបល់ជាវិជ្ជមាន ជាបច្ចេកទេស ដូចជា ការបញ្ចូលអនុក្រឹត្យ និងគោលនយោបាយនានា ដែលអង្គប្រជុំបានលើកឡើង ដើម្បីដាក់បញ្ចូលទៅក្នុងរបាយការណ៍វាយតម្លៃហេតុ​ប៉ះពាល់បរិស្ថាន និងសង្គមពេញលេញនេះ៕

ដោយ ពេជ្រ ណារិទ្ធ