Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

រដ្ឋបាលខេត្កណ្តាលធ្វើសិក្ខាសាលាផ្សព្វផ្សាយប្លង់គោលប្រើប្រាស់ដី តំបន់ព្រំដែនជ្រៃធំ

Published

on

AKP កណ្ដាល​ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ — នៅព្រឹកថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាខេត្តកណ្តាល មានបើកសិក្ខាសាលាផ្សព្វផ្សាយប្លង់គោលប្រើប្រាស់ដី តំបន់ព្រំដែនជ្រៃធំ ដែលជាទីប្រជុំជនជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ សម្រាប់ការអភិវឌ្ឍ និងការអភិរក្សប្រកបដោយចីរភាព ក្រោមអធិបតីភាពឯកឧត្តម មាន ច័ន្ទវ៉ាន់នី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបបនីយកម្ម និងសំណង់និងឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល ។

ឯកឧត្ដម នៃ ចារី មានប្រសាសន៍ថា ទៅថ្ងៃអនាគត តំបន់ជ្រៃធំ នឹងក្លាយជាទីប្រជុំជន ដែលមានលក្ខណៈស្តង់ដារតាមរយៈការកំណត់តំបន់ប្រើប្រាស់ដីសមស្របដូចជា តំបន់លំនៅឋាន កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ រដ្ឋបាល និង គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា បានយ៉ាងល្អប្រសើរ ដែលធ្វើឱ្យតំបន់ព្រំដែនជ្រៃធំ ផ្លាស់ប្ដូរមុខមាត់ថ្មី ក្លាយជាបេះដូងរបស់ខេត្តកណ្ដាល និង មានការរីកចម្រើនពិតប្រាកដនាពេលអនាគត។ ឯកឧត្ដមបន្ថែមថា ដើម្បីឱ្យការអនុវត្តប្លង់គោលប្រើប្រាស់ដីនេះទទួលបានជោគជ័យ ឯកឧត្ដមសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ គ្រប់អង្គភាពក្នុងខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ រាល់ការស្នើសុំសាងសង់ ឬអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានានៅមូលដ្ឋាន ត្រូវអនុវត្តន៍តាមប្លង់គោលដែលបានអនុម័តរួចហើយ ព្រមទាំងធ្វើការទប់ស្កាត់ឱ្យបានទាន់ពេលវេលាក្នុងករណីមានការសាងសង់សំណង់គ្មានការអនុញ្ញាត្តិ។

មានប្រសាសន៍ក្នុងសិក្ខាសាលានេះដែរ ឯកឧត្តម មាន ច័ន្ទវ៉ាន់នី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ប្លង់គោលដីទីប្រជុំជនជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ត្រូវបានសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដោយសេចក្ដីសម្រេចលេខ ០០៥ សសរ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨។ ការរៀបចំដែនដី និងនគរូបនីយកម្ម ត្រឹមត្រូវបានរួមចំណែកក្នុងការធានាការអភិវឌ្ឍ និងអភិរក្ស ប្រកបដោយចីរភាព តុល្យភាព និងសមធម៌ ថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់ ៧ភាគរយ ក្នុង១ឆ្នាំ តាមរយៈកំណើននៃការអភិវឌ្ឍ និងការសាងសង់ជារៀងរាល់ឆ្នាំ។

ឯកឧត្ដមអនុរដ្ឋលេខាធិការ បានបន្តថា លទ្ធផលនេះក៏បានឆ្លុះបញ្ចាំងពីការខិតខំរបស់ក្រសួង មន្ទីររៀបចំដែនដីខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា ក្នុងគោលដៅឈានទៅសម្រេចបាន ជាប្រទេស មានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០៕

ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល)

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន