សម្តេចពិជ័យសេនា ទៀ បាញ់ ស្នើឱ្យអាជ្ញាធរដែនដីទាំងអស់ បន្តត្រួតពិនិត្យនូវរាល់សំណង់ ដែលសាងសង់ថ្មីចៀសវាងបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សបន្តទៀត

AKP សៀមរាប ថ្ងៃទី០៣ ​ខែធ្នូ ឆ្នាំ២០១៩ — សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធាន ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប នៅរសៀលថ្ងៃទី០៣ ខែ ធ្នូ ឆ្នាំ ២០១៩នេះ បាន ចុះទៅពិនិត្យមើលទីតាំងអគារសាលាឆាន់វត្តប្រាសាទគោកចក ដែលបានបាក់រលំកាល ខណៈពេលដែលកំពុងចាក់បេតុងប្លង់សេ។

នៅក្នុង​ឱកាសចុះពិនិត្យមើលទីតាំងនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានមាន​ប្រសាសន៍​​ថា រាជ​រដ្ឋាភិបាលកម្ពុជាពិតជាមានការសោកស្តាយចំពោះហេតុការណ៍​ដែលបាន​កើតឡើងនេះ។ ចំពោះមូលហេតុនៃការបាក់រលំអគារនេះ សម្តេចមិនអាចបញ្ជាក់បាន​នៅឡើយទេ ដោយ​ទុកឱ្យក្រុមជំនាញធ្វើការសិក្សាសា្រវជ្រាវ ដែលត្រូវការពេលវេលាមួយដ៏​សមស្រប ដើម្បី​បានដឹងច្បាស់ថា កំហុសបច្ចេកទេសកម្រិតណា និងតើនៅត្រង់ណា។

សម្តេចពិជ័យសេនា ទៀ បាញ់ បានស្នើឱ្យអាជ្ញាធរដែនដីទាំងអស់​បន្តត្រួតពិនិត្យ​នូវរាល់សំណង់ដែលសាងសង់ថ្មីជៀសវាងបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សបន្តទៀត ព្រោះ​ថា ការកើតមានហេតុការបែបនេះ វាធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោងជាង២ថ្ងៃទី០២ខែធ្នូឆ្នាំ២០១៩ មានករណីបាក់រលំ​អគារសាលាឆាន់ដែលមានទំហំ៤០ម៉ែត្រ គុណ៣០ម៉ែត្រ របស់វត្តប្រាសាទគោកចក ស្ថិត​នៅក្នុង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បណ្តាលឱ្យមនុស្សចំនួន១៦នាក់​បានរងគ្រោះ ក្នុងនោះមាន៣នាក់បានស្លាប់។ ដោយសារមានការសោក​ស្តាយ ​និងអាណិត​អាសូរ សម្តេចអគ្គមហាសេនាបត្តីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ថវិកាចំនួន២០លានរៀន ដល់អ្នកស្លាប់ម្នាក់ៗ ចំពោះអ្នករងរបួសចំនួន៣លានរៀល​ក្នុងម្នាក់ផងដែរ។

ដោយ ឃុត សៅ