រាជរដ្ឋាភិបាលមានឆន្ទៈខ្ពស់ក្នុងការបង្កើនឱកាស និងលុបបំបាត់ពាក្យប្រមាថ រើសអើង ឬមាក់ងាយដល់ជនមានពិការភាព

AKP ភ្នំពេញ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល មានឆន្ទៈខ្ពស់ក្នុងការលុបបំបាត់ឧបសគ្គនានា ដើម្បីបង្កើនឱកាសការងារដល់​ជនពិការ រួមទាំងបង្កើតនូវយុទ្ធនាការប្រើប្រាស់ភាសាលើកទឹកចិត្តដល់ជនមានពិការភាព ដោយមិន​អនុញ្ញាតឱ្យ​ប្រើពាក្យអសុរស ប្រមាថ មាក់ងាយ និងរើសអើង។

ថ្លែងក្នុងពិធីអបអរសាទរសន្និបាតបូកសរុបការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពី ពិការភាព ២០១៤-២០១៨ និងប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តន៍ផែនការយុទ្ធសាស្ត្រជាតិស្តីពី ពិការភាព ២០១៩-២០២៣ កាលពីព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលកោះពេជ្រ​ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា​ រាជរដ្ឋាភិបាល ដាក់ចេញនូវផែនការយុទ្ធ​សាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ ក្នុងទិសដៅឈានទៅលុបបំបាត់ រាល់ទម្រង់កេង​ប្រវ័ញ្ច និងរើសអើងលើជនមានពិការភាព ដោយធ្វើយ៉ាងណា ឱ្យជនពិការកាន់តែទទួល បានការគាំទ្រពីសង្គម។ សម្ដេចក្រឡាហោមបានបញ្ជាក់ថា “រាជរដ្ឋាភិបាល មានឆន្ទៈខ្ពស់​ក្នុងការលុបបំបាត់ឧបសគ្គនានា ដើម្បីបង្កើនឱកាសដល់ជនមានពិការភាព រួមទាំងបង្កើតនូវ យុទ្ធនាការប្រើប្រាស់ភាសាលើកទឹកចិត្តដល់ជនមានពិការភាព ដោយមិនអនុញ្ញាត ឱ្យប្រើ​ពាក្យ​អសុរស ក្នុងន័យប្រមាថ មាក់ងាយ និងរើសអើងជនមានពិការភាព ដែលផ្ទុយនឹងច្បាប់ ស្តីពីកិច្ចការពារនិងលើកកម្ពស់ សិទ្ធិជនពិការដែលបានអនុម័តប្រកាសឱ្យប្រើតាំងពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០០៩កន្លងមក»។ សម្ដេចក្រឡហោមបានបន្ថែមថា រាជរដ្ឋាភិបាល បានដាក់​ចេញ​នូវគោលនយោបាយអភិវឌ្ឍន៍ជាតិ ដោយបន្តប្តេជ្ញាថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខជាតិ កំណើនសេដ្ឋកិច្ច ដោយឈរលើមូលដ្ឋាន ឯករាជ្យអធិបតេយ្យ បូរណភាព​ទឹកដី ប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស។

សម្ដេចក្រឡាហោមបានបន្ថែមទៀតថា សិទ្ធិរបស់ជនមានពិការភាពក៏ត្រូវបានការពារ ដោយច្បាប់ជាតិ និងអន្តរជាតិ ក្នុងគោលបំណងការពារសិទ្ធិ សេរីភាព ការពារផលប្រយោជន៍ ទប់ស្កាត់ កាត់បន្ថយ លុបបំបាត់ ការរើសអើងចំពោះជនមានពិការភាព ដើម្បីធានាដល់​សិទ្ធិ​ស្មើភាពគ្នានៃសកម្មភាព ក្នុងសង្គមរវាងជនមានពិការភាពនិងមិនមានពិការភាព។ ជាមួយគ្នា​នេះ រាជរដ្ឋាភិបាលបានចំណាយថវិការដ្ឋយ៉ាងច្រើន ដើម្បីលើកស្ទួយវិស័យពិការភាព​នៅ​កម្ពុជា សំដៅជួយដល់ជនមានពិការភាព និងក្រុមគ្រួសារ ឱ្យទទួលបានគុណភាពជីវិតល្អប្រ សើរ គ្មានការរើសអើង ទទួលបានសេវាសង្គម និងសេវាសាធារណៈប្រកបដោយគុណ ភាព រួមទាំងជំរុញឱ្យជនមានពិការភាព បានចូលរួមគ្រប់សកម្មភាពក្នុងសង្គម ការទទួលបានការ គោរពសេចក្តីថ្លៃថ្នូរ ព្រមទាំងធ្វើបរិយាប័ន្ន ការងារពិការភាពក្នុងគ្រប់វិស័យ។

សម្ដេចក្រឡាហោមក៏បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមាន​សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០១៩-២០២៣ ទៅអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដោយរៀបចំផែនការសកម្មភាព​និង​កញ្ចប់ថវិកាប្រចាំឆ្នាំ តាមវិស័យរបស់ក្រសួង ស្ថាប័ន និងអង្គភាពនីមួយៗ។ ទន្ទឹមនេះ  គ្រប់​ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តរៀបចំការបង្ក​លក្ខណៈ​ងាយស្រួលចេញ-ចូលទីកន្លែងសាធារណៈ សម្រាប់ជនមានពិការភាព។

សម្ដេចក្រឡាហោមក៏បានជំរុញដល់ក្រសួងព័ត៌មាន ត្រូវធ្វើការណែនាំដល់គ្រប់​ស្ថានីយ​វិទ្យុ និងទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងគ្រប់ប្រព័ន្ធសារព័ត៌មាន បន្តជួយ​ផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវការយកចិត្តទុកដាក់ និងលើកកម្ពស់សុខុមាលភាពជនមាន ពិការភាព នៅកម្ពុជា៕

ដោយ ប៊ុនរិទ្ធ