រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ចំពោះជនមានពិការភាព​ដើម្បីទទួលបានសិទ្ធិជាមូលដ្ឋានក្នុងសង្គម

AKP ភ្នំពេញ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ — សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនមានពិការភាពដើម្បីទទួលបានសិទ្ធិជាមូលដ្ឋានក្នុងសង្គមបច្ចុប្បន្ន  ខណៈមានការរួមបញ្ចូលសិទ្ធិយ៉ាងពេញលេញ​នៅក្នុង​សហគមន៍ដែលពួកគេកំពុងរស់នៅ។ ការលើកឡើងរបស់សម្ដេចក្រឡាហោមនេះ ក្នុងឱកាស​ដែលសម្តេចបានអញ្ជើញចូលរួមក្នុងសន្និបាតបូកសរុបការអនុវត្តផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីពិការភាព(២០១៤-២០១៨) និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការយុទ្ធសាស្ដ្រ​ជាតិ ស្ដីពីពិការភាព ២០១៩-២០២៣ ព្រមទាំងទិវាជនមានពិការភាពលើកទី២១ និងទិវាជន​មាន​ពិការភាពអន្ដរជាតិ លើកទី៣៧។

សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមានឆន្ទៈនយោបាយ​ប្តេជ្ញាចិត្តដ៏រឹងមាំក្នុងការលើកកម្ពស់សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការការពារ សិទ្ធិក្នុង​ការ​ចូលរួម ជាពិសេសការបញ្ចូលជនមានពិការភាពនៅក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិ និងពិភព​លោកទាំងមូល។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលបានផ្តល់សេវាគាំទ្រដល់ការរស់នៅ និង​ផ្តល់​កន្លែងស្នាក់អាស្រ័យ និងសេវាសង្គមផ្សេងៗទៀត ដល់ជនមានពិការភាព និងអតីតយុទ្ធ​ជនមានពិការភាពដើម្បីជួយឱ្យពួកគេទទួលបានសិទ្ធិជាមូលដ្ឋានដែលរួមបញ្ចូលទាំងការចូល រួមយ៉ាងពេញលេញនៅសហគមន៍។ សម្តេចក្រឡាហោមបានបន្តថា សិទ្ធិទទួលបានការងារ និងឱកាសចិញ្ចឹមជីវិតគឺឈរលើទីផ្សារការងារ ព្រមទាំងបរិយាកាសការងារបើកទូលាយ​សម្រាប់​ជនមានពិការភាពក្នុងការទទួលស្គាល់យកចិត្តទុកដាក់ ព្រមទាំងការជំរុញពីសំណាក់​រាជរដ្ឋាភិ​បាលដោយហាមឃាត់ជាដាច់ខាតចំពោះការរើសអើងពិការភាព​លើគ្រប់ទម្រង់នៃ​ការ​ងារ ព្រមទាំងលក្ខខណ្ឌនៃការជ្រើសរើស ការជួល ការបម្រើការងារ ការបន្តការងារ និងការអភិវឌ្ឍមុខរបរជាដើម។ សម្តេចក្រឡាហោមបានបន្ថែមថា ការកែលម្អជីវភាពរស់នៅ​ធានាដល់ការកាត់បន្ថយភាពក្រីក្ររបស់ជនមានពិការភាព ការលើកកម្ពស់ការងារ ព្រមទាំង​មុខរបរសមរម្យ ត្រូវបានយកចិត្តទុកដាក់ពីរដ្ឋាភិបាល។ ទន្ទឹមនេះ ការផ្ដល់ជំនួយ ឧបត្ថម្ភពីរដ្ឋ​ត្រូវបានអនុវត្តន៍ជាបន្ដបន្ទាប់ តាមរយៈការផ្ដល់របបគោលនយោបាយ។

សម្តេចក្រឡាហោមបានបន្ថែមទៀតថា ក្រៅពីសប្បុរសជន និងសង្គមស៊ីវិល ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ក៏បានចូលរួមចំណែកទាំងធនធានថវិកា និងធនធានមនុស្ស ដើម្បីសម្រេច​បាន​នូវឧត្តមប្រយោជន៍សម្រាប់ជនមានពិការភាពនៅកម្ពុជា៕

ដោយ ចាន់ សុធីវង្ស