មន្រ្តីជាន់ខ្ពស់កម្ពុជាបង្ហាញថា កម្មវិធីផ្តល់អាហារូបត្ថម្ភកុមារបានលើកកម្ពស់ ការចុះឈ្មោះ ចូលរៀន ការកាត់បន្ថយអវត្តមាន និងការធ្វើឱ្យប្រសើរឡើងនូវសន្តិសុខស្បៀង

AKP សៀមរាប ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ — ថ្លែងបើកវេទិកាសកលស្តីពីអាហារូបត្ថម្ភកុមារលើកទី២១ នៅខេត្ដសៀមរាប កាលពី រសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា វេទិកានៅឆ្នាំ២០១៩នេះ ជាកាលានុវត្តភាព មួយសម្រាប់ប្រទេស ដែលបានចូលរួមអាចផ្តោតការយកចិត្តទុកដាក់លើបទពិសោធន៍ នៃការ អនុវត្តកម្មវិធីផ្តល់អាហារនៅសាលារៀន ក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្ត ការបង្កើន ភាពជាម្ចាស់នៃប្រទេសលើហិរញ្ញប្បទាន និងការប្រតិស្ឋានកម្មវិធីនេះនៅក្នុងប្រព័ន្ធអប់រំជាតិ និងការគាំពារសង្គម ប្រកបដោយគោលនយោបាយស៊ីជម្រៅ បរិយាបន្ន និងនិរន្តរភាព។

ឯកឧត្តមបន្តថា កម្មវិធីផ្តល់អាហារនៅសាលារៀន គឺជាការផ្តល់លាភការជាអាហារ ដែលផ្តល់អត្ថប្រយោជន៍ផ្នែកអប់រំ អាហារូបត្ថម្ភ និងសុខភាពដល់កុមារនៅតាមសាលារៀន។ កម្មវិធីនេះបានចូលរួមដល់ការលើកកម្ពស់ការចុះឈ្មោះចូលរៀន ការកាត់បន្ថយអវត្តមាន និងការធ្វើឱ្យប្រសើរឡើងនូវសន្តិសុខស្បៀង។ វេទិកាសកលស្ដីពីអាហារូបត្ថម្ភកុមារ គឺជាវេទិ កាប្រចាំឆ្នាំដែលធំជាងគេបំផុត ស្តីពីការផ្តល់អាហារនៅសាលារៀននៅលើពិភពលោក។ មក ទល់ឆ្នាំ២០១៩នេះ វេទិកាសកលស្ដីពីអាហារូបត្ថម្ភកុមារ ត្រូវបានប្រារព្ធឡើងបានចំនួន ២១លើកហើយ និងជាលើកទី១ដែលវេទិកានេះត្រូវបានប្រារព្ធធ្វើឡើងនៅទ្វីបអាស៊ី និងនៅព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ក្នុងឆ្នាំសិក្សា ២០១៨-២០១៩នៅកម្ពុជា ដោយមានការគាំទ្រពីសំណាក់ កម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍មួយចំនួន។ កម្មវិធីផ្តល់អាហារនៅសាលារៀនត្រូវបានអនុវត្តន៍នៅតាមសាលាបឋមសិក្សាចំនួន១១៦៧ នៅក្នុងខេត្តចំនួន៨ និងមានកុមារចំនួន២៦ម៉ឺននាក់ បានទទួលរបបអាហារពេលព្រឹក កុមារប្រមាណ ៨ពាន់នាក់ទទួលអាហារូបករណ៍វេង និងប្រមាណ ៥ម៉ឺននាក់ទៀតទទួល អាហារពេលព្រឹកដែលប្រើប្រាស់កសិផលសហគមន៍”។ នៅឆ្នាំ២០១៩ ដោយទទួលបានថវិកា បន្ថែមពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា កម្មវិធីផ្តល់អាហារនៅសាលារៀន នឹងពង្រីកវិសាល ភាពនៅតាមខេត្តចំនួន៦បន្ថែមទៀត ដែលគ្របដណ្តប់បន្ថែមលើសាលា បឋមសិក្សា ចំនួន២០៥ និងមានកុមារប្រមាណ ៥ម៉ឺននាក់បានទទួលផល។ ការបង្កើនវិសាលភាពនេះ ធ្វើឱ្យបរិមាណអង្ករដែលត្រូវប្រើប្រាស់ក្នុងកម្មវិធីផ្តល់អាហារនៅសាលារៀន នឹងកើនដល់ជិត ៨ពាន់តោន ដែលក្នុងនោះអង្គរជាង២៥០០តោន នឹងបន្លែជិត ៨០០តោន នឹងត្រូវទិញដោយ ផ្ទាល់ពីសហគមន៍។ កម្មវិធីផ្តល់អាហារនៅសាលារៀន ជាអាទិភាពដ៏ចម្បង ដូចមានចែងក្នុង ផែនការយុទ្ធសាស្ត្រអប់រំ ២០១៩-២០២៣ និងក្នុងគោលនយោបាយជាតិស្តីពីកិច្ចគាំពារសង្គម ព្រមទាំងជាមូលដ្ឋាននៃការកសាងមូលធនមនុស្សនៃព្រះរាជាណាចក្រកម្ពុជា។

វេទិកាសកលស្តីពីអាហារូបត្ថម្ភកុមារលើកទី២១ នៅខេត្ដសៀមរាប ត្រូវបានធ្វើឡើង រយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែធ្នូ ធ្នាំ២០១៩ ដោយសហការជាមួយ Global Child NutritionFoundation (GCNF) SA World Food Programme Centre of Excellence against Hunger (WFPCoE)។ វេទិកាសកលនេះមានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំ រដ្ឋាភិបាល រដ្ឋមន្ត្រី និងមន្ត្រីអប់រំក៏ដូចជាអ្នករៀបចំគោលនយោបាយ អ្នកអនុវត្តន៍គោល នយោបាយ អ្នកស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍មកពីប្រទេសចំនួន៦០ និងអ្នកចូលរួមចំនួន ៣៨០នាក់៕

ដោយ ឃុត សៅ