AKP ប្រទេសហ្វីលីពីន, ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ — ក្រុមកីឡាប៉ែតង់កម្ពុជាផ្នែកនារីបានយកឈ្នះ២ប្រកួត វិញ្ញាសាក្រុម ដោយឈ្នះម៉ាឡេស៊ី ក្នុងលទ្ធផលពិន្ទុ ១៣ទល់១០ និងបន្តយកឈ្នះក្រុមនារីឥណ្ឌូណេស៊ី ក្នុងពិន្ទុដាច់ឆ្ងាយ ១៣ទល់១ ខណៈក្រុមប៉េតង់កម្ពុជាផ្នែកបុរសឈ្នះ១ប្រកួត និងចាញ់១ប្រកួត នៅក្នុងវគ្គជម្រុះពូលA កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ នៃស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន។
កីឡាករជម្រើសជាតិកម្ពុជា សុខ ចាន់មាន បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ឱ្យដឹងថា សម្រាប់ក្រុមនារីកម្ពុជា ដែលឈ្នះ២ប្រកួតនេះ គឺឈរលេខ១ក្នុងពូលA បើទោះបីជានៅសល់១ប្រកួតទៀតជាមួយក្រុមនារីម្ចាស់ផ្ទះ ហ្វីលីពីន នាថ្ងៃទី០៤ ខែធ្នូស្អែកនោះ បើទោះបីចាញ់ក៏ដោយក៏ក្រុមនារីបានឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរ ពោលគឺឈរនៅក្នុងចំណាត់ថ្នាក់មេដាយសំរឹទ្ធិលើវិញ្ញាសានេះហើយ។
ចំពោះក្រុមប៉េតង់បុរសកម្ពុជាបានយកឈ្នះនៅជុំទី១ ជាមួយម្ចាស់ផ្ទះ ហ្វីលីពីន ដោយ លទ្ធផលពិន្ទុ ១០ទល់៩ ដោយអស់ម៉ោង ខណៈនៅប្រកួតទី២ គឺប្រកួតចាញ់វៀតណាម ដោយលទ្ធផល ៩ទល់១២។ ដូច្នេះក្រុមបុរសកម្ពុជា ត្រូវការឈ្នះ១ប្រកួតជាមួយក្រុមឡាវ នាថ្ងៃស្អែក ដើម្បីកក់កៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ប៉ុន្តែបើកម្ពុជាចាញ់ឡាវ នឹងត្រូវធ្លាក់ចេញត្រឹមវគ្គជម្រុះក្នុងពូលA នេះហើយ ដោយការប្រកួតជាមួយឡាវ ត្រូវប្រកួតនៅថ្ងៃទី០៣ ខែធ្នូនេះ ប៉ុន្តែត្រូវលើកពេល ដោយសារមានខ្យល់ព្យុះបោកបក់មកលើទីក្រុងម៉ានីល និងទីក្រុងClark។
សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានបញ្ជូនកីឡាករ៦នាក់ និងកីឡាការិនី ៦នាក់ ដើម្បីចូលរួមប្រកួតប្រជែងមេដាយ ក្នុងស៊ីហ្គេម នៅហ្វីលីពីន។
គួរបញ្ជាក់ថា គិតមកដល់ត្រឹមព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ គឺកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៧បណ្តោះអាសន្ន ដោយឈ្នះបានមេដាយមាស១គ្រឿង ប្រាក់៣ និងសំរឹទ្ធិ១៣គ្រឿង សរុប១៧គ្រឿង ខណៈម្ចាស់ផ្ទះ ហ្វីលីពីនឈរលេខ១ លើតារាងមេដាយ ដោយឈ្នះមេដាយមាសលើសលុប ៣៨គ្រឿងសរុប៧២គ្រឿង។
ឯកឧត្តម វ៉ាត់ ចំរើន នាយបេសកកម្មស៊ីហ្គេមកម្ពុជាបានជម្រាបដល់ក្រុមកីឡាកម្ពុជាទាំងអស់ថា បើតាមម្ចាស់ផ្ទះរៀបចំការប្រកួតបានផ្ដល់ដំណឹងថា ព្យុះមានភ្លៀងនឹងមកដល់ Clark និងManila នៅថ្ងៃទី០៣ ខែធ្នូនេះ ដែលប្រភេទកីឡាខ្លះត្រូវលើកពេលប្រកួត ឬត្រូវពន្យារពេល ដើម្បីបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការដើរចេញក្រៅ ឬជ្រកក្រោមដើមឈើ។ ឯកឧត្តមស្នើឱ្យក្រុមកីឡាកម្ពុជាទាំងអស់ តាមដានព័ត៌មានជាមួយគណៈកម្មការរៀបចំការប្រកួតតាមប្រភេទកីឡានីមួយៗ បើមានការប្រែប្រួល សូមផ្តល់ដំណឹងតាមក្រុមនេះជាប្រញាប់៕
ដោយ ហេង ណាលីន