ក្រុមU22 កម្ពុជា ប្រកួតចាញ់មីយ៉ាន់ម៉ា ១-២ វគ្គជម្រុះពូលA ស៊ីហ្គេម នៅហ្វីលីពីន

AKP ប្រទេសហ្វីលីពីន, ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ — ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ បានប្រកួតចាញ់ក្រុមU22 មីយ៉ាន់ម៉ា ដោយលទ្ធផល ១ទល់២ នៅក្នុងការប្រកួតទី៣ របស់កម្ពុជា នៃវគ្គសន្សំពិន្ទុក្នុងពូលA ស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីន។

នៅក្នុងវគ្គទី១ កីឡាករ ស៊ិន សុផាណាត់ របស់កម្ពុជារកបាន១គ្រាប់ បើកការនាំ​មុខលើ ក្រុមមីយ៉ាន់ម៉ា នៅនាទី២១ ហើយនៅនាទីទី២៧ ក្រុមមីយ៉ាន់ម៉ា តាមបានស្មើវិញ ១ទល់១ ដោយលទ្ធផលនេះ រក្សាបានរហូតដល់នាទីទី៨៨ ទើបក្រុមមីយ៉ាន់ម៉ាធ្វើសម្រចបាន១​គ្រាប់​បន្ថែម ដែលនេះជាគ្រាប់បាល់ជ័យជម្នះរបស់ខ្លួនតែម្តង។ នៅក្នុងការប្រកួតនេះក្រុមមីយ៉ាន់ម៉ា បានដាក់សម្ពាធខ្លាំងមកលើកម្ពុជា ដោយសារតែនេះ​គឺជាប្រកួតលើកទី៤​ចុងក្រោយរបស់​ក្រុម​​​ មីយ៉ាន់ម៉ា នៃវគ្គសន្សំពិន្ទុក្នុងពូលA។

ជាមួយនឹងជ័យជម្នះបន្ថែមនេះបានធ្វើឱ្យក្រុមមីយ៉ាន់ម៉ា រកបាន១០ពិន្ទុ ដោយឈរ​លេខ១​ក្នុងពូល ដែលបានកក់កៅអីសម្រាប់វគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ ខណៈកម្ពុជាមាន៤ពិន្ទុដដែល ហើយនៅសល់១ ប្រកួតទៀត ជាមួយក្រុមម៉ាឡេស៊ី នាល្ងាចថ្ងៃទី០៤ ខែធ្នូ ស្អែកនេះ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយ​បញ្ចប់ការប្រកួត គ្រូបង្គោលកម្ពុជា លោក FELIX G. DALMAS និយាយថា លោកដឹងថា លទ្ធផលនេះមិនមែនជាអ្វីដែល អ្នកគាំទ្រចង់​បានឡើយ តែសូមបន្តលើកទឹកចិត្តដល់កីឡាករ។ លោកបានបន្ដថា ពួកគេពិតជាបានខំប្រឹង​ប្រែងយ៉ាងខ្លាំង សម្រាប់ការប្រកួតនេះ ក៏ដូចជាការប្រកួតផ្សេងៗដែរ ហើយក៏ចូលរួមអបអរ​ដល់ក្រុមមីយ៉ាន់ម៉ាដែលទទួលបានជម្នះនេះ ដែលពួកគេមានគ្រូល្អ​និងកីឡាករល្អ។ ជាមួយ​គ្នានេះ កម្ពុជានៅសល់មួយប្រកួតទៀតសង្ឃឹមថា​យើងជួបគ្នាម្តងទៀតនៅវគ្គផ្តាច់ព្រ័ត្រ។

ចំណែកឯ លោក VELIZAR POPOV គ្រូបង្គោលមីយ៉ាន់ម៉ាបាននិយាយដែរថា ជាដំបូង​លោកអរគុណដល់ក្រុមការងាររបស់ខ្លួន និង​មានមោទនភាពចំពោះ​កីឡាកររបស់​លោក និងការខិតខំប្រឹងប្រែងរបស់ពួកគេ។ លោកបានបន្ដថា ការប្រកួតមុននេះ​គឺតាន​តឹង​ណាស់ កម្ពុជាគឺជាក្រុមមួយល្អ ពួកគេលេងបាល់បានល្អ និងមានគ្រូល្អ។ លោកពិត​ជាចូល​ចិត្តគ្រូបង្វឹក និងទម្រង់លេងរបស់កម្ពុជា៕

ដោយ ហេង ណាលីន