ឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យ ការស្តារអូរ ប្រឡាយ  ចំនួន៥ខ្សែ ក្នុងក្រុងព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ — ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំ ស្តីពីការងារស្តារអូរ ប្រឡាយចំនួន៥ខ្សែ ក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពី អភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ប្រធានមន្ទីររៀបចំ ដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី មន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩។

លោក បុរី  វង្សសានិត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានធ្វើបទបង្ហាញស្តីពីស្ថានភាពអូរ ប្រឡាយក្នុងក្រុងព្រះសីហនុ  ដែលជាគម្រោងការងារ ស្តារអូរ ប្រឡាយទាំង៥ខ្សែ មានប្រវែង ២៦.៥៩៧​គីឡូម៉ែត្រ ក្នុងក្រុងព្រះសីហនុ ក្នុងនោះមានដូចជា អូរ ប្រឡាយអូរឈើទាល មានប្រវែងសរុប ១៦.៦៣០ម៉ែត្រ, អូរ ប្រឡាយ អូរអេម៉ារីយូ មានប្រវែង ១.៩០៦ម៉ែត្រ, អូរ ប្រឡាយ អូរសំអាតប្រវែង ៣.៧៧៥ម៉ែត្រ, អូរ ប្រឡាយស្ពានឆេះ ប្រវែង ១.១៧០ម៉ែត្រ, អូរ ប្រឡាយ អណ្តូងអ៊ុនតាក់ ប្រវែង  ៣.១១៦ម៉ែត្រ និងមានស្ពានត្រូវសាងសង់ថ្មីមួយចំនួន ដើម្បីធ្វើការស្តារ រំដោះយកចំណីអូរ ប្រឡាយមកវិញ ដែលប្រជាពលរដ្ឋបានសាងសង់ផ្ទះរំលោភបំពានដីចំណីអូរ ប្រឡាយ ជាមូលហេតុចម្បង បណ្តាលឱ្យមានការកកស្ទះទឹកលិចលង់នៅរដូវវស្សា ដោយសារតែមានការសាងសង់ សំណង់ខុសច្បាប់រំលោភយកដីចំណីប្រឡាយ អូរទាំង ៥ខ្សែ។ ក្នុងចំណោមអូរ ប្រឡាយទាំង ៥ខ្សែខាងលើ និងមានប្រឡាយតូចៗជាច្រើនខ្សែផ្សេងទៀត ដែលមានទទឹងចាប់ពី ៣ម៉ែត្រ និងកន្លែងខ្លះទៀត មានទទឹងរហូតដល់ទៅជាង ៦០ម៉ែត្រ តាមនិយាមការប្លង់សុរិយោដី។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរុញឱ្យមន្ទីរសាធារណការ និង ដឹកជញ្ជូន ក៏ដូចជាមន្ទីរដែនដី ត្រូវសហការគ្នា រៀបចំបោះបង្គោលកំណត់និយាមការទីតាំងអូរ ប្រឡាយទាំង៥ខ្សែ ដើម្បីឱ្យក្រុមការងារចុះស្តារអូរ ប្រឡាយ មានភាពងាយស្រួល ពិសេសអាជ្ញាធរក្រុង ចូលរួមសហការ ចុះបាញ់ថ្នាំ និងអប់រំឱ្យប្រជាពល រដ្ឋរុះរើសំណង់ទាំង ឡាយណាដែលប៉ះពាល់ការងារស្តារអូរ ប្រឡាយរបស់យើង  និងងាយស្រួលដល់ក្រុម ការងារដាក់គ្រឿងចក្រចុះកាយ ដើម្បីរំដោះជំនន់ទឹកភ្លៀងនៅរដូវវស្សាខាងមុខ។

ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា យើងកំពុងមានការមមាញឹកក្នុងការស្ថាបនាផ្លូវទាំង ៣៤ខ្សែក្នុងក្រុងព្រះសីហនុ  ដូច្នេះប្រព័ន្ធអូរ ប្រឡាយនៅក្នុងក្រុងព្រះសីហនុ ក៏ត្រូវធ្វើការស្តារ ឡើងវិញជាមួយគ្នា ដើម្បីបញ្ចៀសនូវជំនន់ទឹកភ្លៀង កុំឱ្យជន់លិចក្នុងរដូវវស្សា នៅឆ្នាំ២០២០ខាងមុខ។

សូមបញ្ជាក់ថា ការស្តាអូរ ប្រឡាយទាំង ៥ខ្សែនេះ គ្រោងនឹងបើកការដ្ឋាននៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ៕

ដោយ ងូ សុមុនី