តំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី ចូលរួមក្នុងពិធីសម្ពោធជណ្តើរបេតុងថ្មី ចំនួន៣កន្លែងនៅរមណីយដ្ឋានទឹកធ្លាក់កាចាញ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ — ឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី និងឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធជណ្តើរបេតុងថ្មីចំនួន៣កន្លែង នៅ រមណីយដ្ឋានទឹកធ្លាក់កាចាញ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ និងមានការចូលរួម ផងដែរពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រី ប្រធាន អនុប្រធានអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋក្នុងសង្កាត់កាចាញ ក្រុងបានលុង សរុបប្រមាណជិត ៣០០នាក់។

ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះអាជ្ញាធរសង្កាត់កាចាញ ជាពិសេសសហគមន៍គ្រប់គ្រងរមណីយដ្ឋានទឹក ធ្លាក់កាចាញ ក៏ដូចជាមន្ទីរទេសចរណ៍ខេត្តដែលបានចូលរួមធ្វើការអភិវឌ្ឍ និងអភិរក្ស ធនធានធម្មជាតិនៅជុំវិញរមណីយដ្ឋានអេកូរទេសចរណ៍មួយនេះ ឱ្យមានការរីកចម្រើន និងស្រស់បំព្រង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តបានកាន់តែ ច្រើនពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែកដល់ការកាត់បន្ថយភាព ក្រីក្ររបស់ប្រជាពលរដ្ឋក្នុង មូលដ្ឋាន។

ឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី បានលើកឡើងថា នេះ ដើម្បីអបអរសាទរខួប ៤១ឆ្នាំ នៃរណសិរ្ស ២ធ្នូ (១៩៧៨ – ២០១៩) ជាថ្ងៃចាប់ផ្ដើមដ៏ អស្ចារ្យក្នុងការផ្ដួលរំលំរបប ប៉ុល ពត។ បច្ចុប្បន្ននេះរណសិរ្សសាមគ្គីសង្គ្រោះជាតិ ២ធ្នូ ១៩៧៨ ត្រូវបានប្តូរឈ្មោះមកជា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» វិញដែលជា អង្គការចាត់តាំងមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជា។ យើងទាំងអស់គ្នាបាន ចាត់ទុកស្មារតីនៃថ្ងៃ២ធ្នូ គឺជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់បំផុតចំពោះបុព្វហេតុនៃការ រស់រានមានជីវិតឡើងវិញរបស់មាតុភូមិ និងប្រជាជនកម្ពុជា៕

ដោយ ណយ នឿន