AKP សៀមរាប ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩–អគារធម្មសភាឬសាលាឆាន់ មានបណ្តោយប្រវែង៤០ម៉ែត្រ ទទឹង៣០ម៉ែត្រ នៅវត្តប្រាសាទគោកចក ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បានបាក់រលំទាំងស្រុងខណៈពេលចាក់ប្លង់សេ។ ករណីនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ២និង១៥នាទីរសៀលថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩។
លោក លី សំរិទ្ធ អ្នកនាំពាក្យនិងជាអភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា បន្ទាប់ពីទទួលបានការព័ត៌មានថា មានករណីគ្រោះថ្នាក់បាក់រលំអគារធម្មសភានេះភ្លាម អាជ្ញាធរខេត្តសៀមរាបបានប្រើប្រាស់កម្លាំងសមត្ថកិច្ច ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងគ្រឿងចក្រជាច្រើនគ្រឿងសម្រាប់ធ្វើការសង្គ្រោះជនរងគ្រោះ ដែលជាប់នៅក្នុងគំនរអាគារបាក់រលំនោះ។
លោកបានបញ្ជាក់ថា គិតត្រឹមវេលាម៉ោង ១៧ៈ៥០នាទី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងបានជួយសង្គ្រោះ ដោយបានរុករកឃើញជនរងគ្រោះសរុបចំនួន ១៦អង្គ/នាក់ក្នុងនោះ រងរបួសធ្ងន់ ៤នាក់(ជាងសំណង់ ៣នាក់ និងប្រជាការពារ១ម្នាក់) រងរបួសស្រាលចំនួន៩អង្គ/នាក់ (ព្រះសង្ឃ ២អង្គ ប្រជាការពារ ១ម្នាក់ និងជាងសំណង់ ៧នាក់) បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងស្លាប់ចំនួន៣នាក់។ តាមការបញ្ជាក់របស់ក្រុមជាង និងកងកម្លាំងប្រជាការពារដែលឈរជើង និងឃើញហេតុការណ៍ បានបញ្ជាក់ថា មិនមានចំនួនជនរងគ្រោះទៀតឡើយ។ តែទោះបីជាយ៉ាងនេះក្តី ក្រោមការដឹកនាំរបស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលបានដឹកនាំបញ្ជាផ្ទាល់ បានណែនាំឱ្យក្រុមការងារបន្តកាយគំនរសំណង់នៅពេលយប់បន្តទៀត ដោយបន្ថែមកម្លាំងរហូតទាល់តែអស់គំនរសំណង់ទាំងស្រុង ។
បើតាមការមើលឃើញជាក់ស្តែងអាគារសាលាឆាន់ នៅវត្តប្រាសាទគោកចកនេះ គ្រឹះសសររាក់ដូចជាមិនសូវមាំ ប៉ុន្តែទោះជាយ៉ាងណាអាជ្ញាធរមិនទាន់បញ្ជាក់មូលហេតុឱ្យបានច្បាស់លាល់នៅឡើយទេ៕
ដោយ ឃុត សៅ