កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសនិ្នសីទអាស៊ី-ប៉ាស៊ីហ្វិក របស់សមាគមផ្តល់សេវាការងារសាធារណៈពិភពលោក

AKP សៀមរាប ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ — ថ្លែងក្នុងពិធីបើកសនិ្នសីទអាស៊ី-ប៉ាស៊ីហ្វិក របស់សមាគមផ្តល់សេវាការងារ សាធារណៈពិភពលោក នៅខេត្តសៀមរាប​ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា សន្និសីទអាស៊ី-ប៉ាស៊ីហ្វិកនេះមានសារៈប្រយោជន៍ខ្លាំងណាស់ ដោយបានផ្តល់ជាឱកាស ដ៏មានតម្លៃសម្រាប់ប្រទេសជាសមាជិកទាំងអស់ ដើម្បីចែករំលែកឈ្វេងយល់ និងដកស្រង់ យកចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អក្នុងការសិក្សា និងការចាប់យកមកប្រើប្រាស់ នូវបច្ចេកវិទ្យាបច្ចុប្បន្ន និងពេលអនាគតសម្រាប់ជំរុញការធ្វើឌីជីថលនីយកម្ម ព្រមទាំងពង្រួម គម្លាតនៃការអភិវឌ្ឍសេវាការងារសាធារណៈក្នុងចំណោមប្រទេសសមាជិករបស់ WAPES។

ឯកឧត្តមបន្តថា នៅក្នុងសន្និសីទថា្នក់តំបន់នេះ មានការចូលរួមពីអ្នកជំនាញផ្នែកប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មាននៃសេវាការងារសាធារណៈ អ្នកស្រាវជ្រាវ អ្នករៀបចំគោលនយោបាយ និងមន្រ្តីផ្នែកផ្តល់សេវាការងារសាធារណៈ មកពីបណ្តាលប្រទេសចំនួន១២ នឹងធ្វើការចែករំលែក និងរៀនពីគ្នាទៅវិញទៅមកនូវចំណេះដឹង បទពិសោធន៍ និងការអនុវត្ត ដ៏មានសារៈប្រយោជន៍សម្រាប់ចូលរួមវិភាគទានក្នុងការជំរុញការធ្វើឌីជីថលនីយកម្ម និង ពង្រួមគម្លាតការអភិវឌ្ឍនៃសេវាការងារសាធារណៈ ក្នុងចំណោមប្រទេសសមាជិក WAPES ជាពិសេសសម្រាប់ប្រទេសដែលទើបបានចាប់ផ្តើមអភិវឌ្ឍសេវាការងារសាធារណៈ ដូចជា ប្រទេសកម្ពុជាជាដើម ក្នុងការខិតខំធ្វើដំណើរឈានទៅសម្រេចជោគជ័យ នូវគោលដៅចុងក្រោយ គឺការប្រែក្លាយទៅ ជាសេវាការងារសាធារណៈឌីជីថលពេញលេញ។

ឯកឧត្តមបន្តថា សន្និសីទនាថ្ងៃនេះ ក៏បានឆ្លុះបញ្ចាំងឱ្យឃើញជាថ្មីម្តងទៀតអំពីការ ដើរតួនាទីកាន់តែចម្បងរបស់ WAPES នៅលើឆាកសកលលោក ក្នុងការបង្កើតជាវេទិកាស ម្រាប់ការសិក្សា និងការកសាងចំណេះដឹង និងផ្តល់ការគាំទ្រដល់សមាជិកក្នុងការបង្កើនជំ នាញ។ កម្ពុជាប្តេជ្ញាបន្តចូលរួមផ្តល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រតាមលទ្ធភាព ដល់រាល់សកម្មភាពរបស់ WAPES ក្នុងការឈានទៅសម្រេចបានជោគជ័យ នូវគោលដៅ របស់ខ្លួននេះ។ 

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ដោយសារកម្ពុជាទើបតែ បានបង្កើតសេវាការងារសាធារណៈ ក្នុងពេលថ្មីៗនេះ ការអភិវឌ្ឍប្រព័ន្ធផ្តល់សេវាដែល មានភាពប្រទាក់ក្រឡា និងការធ្វើស្វ័យប្រវត្តិកម្មដោយ ការប្រើប្រាស់បច្ចេកវិទ្យានៅមាន កម្រិតទាបនៅឡើយ ដែលរាជរដ្ឋាភិបាល  ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកជាអាទិភាព មួយដែលត្រូវបន្តខិតខំអភិវឌ្ឍន៍ ដើម្បីឆ្លើយតបទៅនឹងការ ប្រែប្រួលយ៉ាងលឿន នៃរចនាសម្ព័ន្ធប្រជាសាស្រ្ត សេដ្ឋកិច្ចនិងទីផ្សារការងារ ព្រមទាំងការទាមទារកាន់តែខ្ពស់ឡើងរបស់ប្រជាពលរដ្ឋ នូវសេវាកាន់តែមានគុណភាព ការឆ្លើយតបបានឆាប់រហ័ស និងមានតម្លាភាព។

សូមបញ្ជាក់ដែរថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសមាជិកថ្មីមួយក្នុងចំណោមសមាជិកចំនួន១២ នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់សមាគមពិភពលោកនៃសេវាការងារសាធារណៈ(WAPES) ដែលមានសមាជិកសរុបចំនួន៨២។ សន្និសីទនេះ គឺជាបេសកកម្មយ៉ាងសំខាន់មួយរបស់ WAPES ក្នុងគោលបំណងការបង្កើត ជាវេទិកាសម្រាប់ការដកស្រង់បទពិសោធន៍ ពង្រីកចំណេះដឹង និងផ្តល់ការគាំទ្រដល់រដ្ឋ ជាសមាជិក ក្នុងការបង្កើនជំនាញថ្មីៗពាក់ព័ន្ធការផ្តល់សេវា ការងារសាធារណៈតាមប្រព័ន្ធឌីជីថលឱ្យ កាន់តែប្រសើរឡើង។សន្និសីទនេះក៏ជាវេទិកាដែលផ្តល់នូវកាលានុវត្តភាពក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អពាក់ព័ន្ធការផ្តល់សេវាការងារសាធារណៈ ក្នុងចំណោមរដ្ឋសមាជិក ដែលមានការអភិវឌ្ឍខ្លាំងក្លាផ្នែកការផ្តល់សេវាការងារ តាមប្រព័ន្ធឌីជីថល ព្រមទាំង ការបង្ហាញពីករណីសិក្សានៃការចាប់ផ្តើម ស្រូបយកបច្ចេកវិទ្យាឌីជីថលចូលក្នុងការផ្តល់សេវាការងាររបស់រដ្ឋជាសមាជិកថ្មីៗដូចជា ប្រទេសកម្ពុជាជាដើម៕

ដោយ ឃុត សៅ