បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជម្នះ ៧មករា យើងក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»

​AKP បន្ទាយ​មានជ័យ  ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ — ឯកឧត្តម គោស៊ុំ សារឿត អ្នកតំណាងរាស្ត្រ និងជាអនុប្រធានក្រុមការងារចុះជួយ ខេត្តបន្ទាយ​មានជ័យ​បានថ្លែងថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជម្នះ ៧មករា ទេនោះ យើងក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ» ដែលកូនខ្មែរ ជំនាន់ក្រោយ ត្រូវតែឈ្វេងយល់ និងចងចាំ។

ការថ្លែងលើកឡើងបែបនេះនៅក្នុងឱកាសដែលឯកឧត្តម គោស៊ុំ សារឿត អញ្ជើញចូល​រួមជាអធិបតី នៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ១៩៧៨-២ធ្នូ២០១៩)​ កាលពីព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ​​នេះ នៅខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ​ព្រះសង្ឃ ​ប្រជាពលរដ្ឋ និសិ្សតសិស្សយ៉ាងច្រើនកុះករ។

​ ឯកឧត្តម គោស៊ុំ សារឿត បានបញ្ជាក់ថា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ គឺជាខួបលើកទី៤១ឆ្នាំ (២​ធ្នូ១៩៧៨-២​ធ្នូ២០១៩) នៃកំណើតរណសិរ្សសាមគ្គីសង្រ្គោះជាតិ កម្ពុជា ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះថាក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិ កម្ពុជាជាថ្ងៃដែល ខ្មែរអ្នកស្នេហាជាតិមួយក្រុមបានប្រមូលផ្តុំគ្នានៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីដាក់ចេញនូវ ផែនការរំដោះជាតិចេញពីរបបកម្ពុជាប្រជាធិបតេយ្យ។

រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាបច្ចុប្បន្នមានឈ្មោះថា ក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាបានចាប់បដិសន្ធិឡើងនៅថ្ងៃទី២ខែធ្នូ ឆ្នាំ១៩៧៨ និងបាន ប្រកាសចេញសេចក្តីថ្លែងការណ៍ ១១ខ របស់ខ្លួន នៅតំបន់រំដោះស្នួល ស្រុកស្នួល ខេត្តក្រចេះ។

ឯកឧត្តមបន្តទៀតថា រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាត្រូវបានកើតឡើង ដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូលទាំងក្នុង និងក្រៅប្រទេសដែលមានសម្តេច អគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហា បតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំ កម្លាំងផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះនៅថ្ងៃទី៧​ មករា ឆ្នាំ១៩៧៩។

ឯកឧត្តមគូសបញ្ជាក់ទៀតថា មហាជ័យជម្នះ ៧មករា ១៩៧៩ បានបពា្ចប់នូវ សម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើង នូវសករាជថ្មី ប្រជាជនកម្ពុជាយើង ក៏បានទទួលមកវិញនូវសិទ្ធិសេរីភាព និងឱកាសដើម្បីស្ដារ កសាងមាតុភូមិរបស់ខ្លួនឡើងវិញ។

ឯកឧត្តមគោស៊ុំ សារឿត បានថ្លែងទៀតថា បច្ចុប្បន្នប្រជាជនកម្ពុជាបានរស់នៅយ៉ាង សុខដុមរមនាក្នុងសន្ដិភាពសេរីភាព និងសន្ដិសុខដ៏ប្រសើរហើយកំពុងតែរួមសាមគ្គីគ្នាឈាន ទៅមុខលើមាគ៌ានៃការអភិវឌ្ឍដោយផ្អែកលើមូលដ្ឋាននៃសមិទ្ធផលទាំងឡាយ ដែល សមេ្រចបានកន្លងមក។ ជាពិសេសជោគជ័យលើគ្រប់វិស័យក្នុងឆ្នាំ២០១៩នេះបាន ពង្រឹងថែមទៀតនូវមូលដ្ឋានគ្រឹះ សម្រាប់បន្ដការអភិវឌ្ឍសេដ្ឋកិច្ច និងការកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ៕

ដោយ ឈុន សារ៉ាត