ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីបញ្ជាក់ថា កម្ពុជាកំពុងមានការអភិវឌ្ឍ និងកំពុងដើរលើ​ផ្លូវត្រូវ​ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព

AKP ភ្នំពេញ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ — លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំកម្ពុជា បានលើកឡើងថា​ កម្ពុជាកំពុងមានការអភិវឌ្ឍ និងកំពុងដើរលើផ្លូវត្រូវ ក្នុងការជំរុញការអភិវឌ្ឍ​ប្រកបដោយ​ចី​រ​​ភាព ពិសេសលើបញ្ហាប្រែប្រួលអាកាសធាតុ ការថែរក្សាគ្រប់គ្រងធនធានធម្មជាតិ ​និងការអភិ​វឌ្ឍ​​ពាណិជ្ជកម្មប្រកបដោយចីរភាព។

នេះបើយោងតាមការឱ្យដឹងរបស់ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ    ប​ន្ទា​ប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រ​កម្ពុ​ជា​ បា​​ន​អ​នុ​ញ្ញាតឱ្យលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំកម្ពុជា  ចូ​ល​ជួបសម្ដែងការគួរសម នា​ព្រឹក​ថ្ងៃ​ចន្ទ ៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវ​នឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ នៅវិ​មា​ន​​សន្តិភាព។

ក្នុងជំនួបនោះដែរ លោកជំទាវ Carmen Moreno បានគូសបញ្ជាក់ថា សមិទ្ធផល ទាំងនេះ គឺទទួលបានមកពី​សុខសន្តិភាព​ និងស្ថិរភាពដែលកម្ពុជា​ទ​ទួ​​ល​បាន ហើយកត្តាសុខ សន្តិ​ភាព ស្ថិរភាពនេះទៀតសោធគឺជាមូលដ្ឋានចាំបាច់ សម្រាប់​អនា​គ​តរបស់កម្ពុជា​សម្រាប់ ការអភិវឌ្ឍ​ប្រកបដោយចីរភាព ក៏ដូច​ជាសម្រាប់យុវជនជំនាន់​ក្រោយ​រ​ប​​ស់​កម្ពុជាផងដែរ។ លោកជំទាវ​បាន​បន្ដថា ​លោកជំទាវ​ពិតជា​មាន​មោ​ទនភាព ហើ​យបន្តជាដៃគូជាមួយកម្ពុជា ដើម្បីគាំទ្រ​ដល់​ការ​អភិវឌ្ឍកម្ពុជាប្រកប​ដោយ​ចីរ​ភា​​ព។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន  បានសម្តែងនូវការអបអរ​សា​ទរ​ជូនចំពោះលោកជំទាវ Carmen Moreno ដែលត្រូវបាន​តែងតាំងជាអគ្គរដ្ឋទូតសហ​ភាព​អឺ​រ៉ុ​ប ថ្មី​ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ហើយក៏បានថ្លែងអំណរគុណចំពោះអ្វីដែល​លោ​កជំទាវ​បាន​លើកឡើង​ ព្រោះថាអ្វីដែលលោកជំទាវបានលើកឡើងនេះ គឺជាមូលដ្ឋានមួយ​ដែ​ល​កម្ពុ​ជា​​ និងសហភាពអឺរុបអាចបន្តធ្វើការរួមគ្នាពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេច​តេ​ជោក៏បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុបផងដែរ ​ដែលកន្លងមក​បានជួយដល់​កម្ពុជា​​ពិសេសក្នុង​ការផ្ដល់ជំនួយសម្រាប់ដំណើរការកាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់ ​ក្នុងរបប​កម្ពុជា​ប្រជាធិបតេយ្យ និងជួយលើវិស័យផ្សេងៗទៀត។ សម្ដេចតេជោបានបញ្ជាក់​ផង​ដែ​រ​ថា​ យើង​គប្បីណាឈរលើ​មូល​ដ្ឋានអ្វី​ដែលយើងបានសហការគ្នាកន្លងមក​បន្តទៅទៀត ​ហើ​យ​ស្វែ​ងរកនូវអ្វីដែលយើងអាចសហការធ្វើការរួមគ្នាបន្តទៀត ក្នុងន័យជាដៃគូផង និង​ពង្រឹង​ព​ង្រី​ក​​ទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងកម្ពុជាផងដែរ៕

ដោយ ជឹម ណារី