Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ដាក់តាំងពិព័រណ៍រូបថតសម័យបារាំងជាង១ពាន់សន្លឹក នៅតាមផ្លូវ​ថ្មើរជើងមាត់ទន្លេ ដែលមានអាយុកាល៤០ឆ្នាំ

Published

on

AKP ភ្នំពេញ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ — រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិព័រណ៍រូបថតដោយបានជ្រើសរើស យករូបថតកាល​ពី​សមយ័បារាំង និងក្រោយរបបប៉ុលពត ជាង១ពាន់សន្លឹក ដើម្បីរម្លឹកដល់កូនចៅ​ជំនាន់ក្រោយ​បានដឹង និងឈ្វេងយល់ពីសម័យកាលមួយទៅសម័យកាលមួយទៀត ដោយបានដាក់តាំង​បង្ហាញជាសាធារណៈនៅតាមបណ្ដោយផ្លូវថ្មើរជើង តាមមាត់ទន្លេ ក្នុងសង្កាត់ចតុមុខ ខណ្ឌ​ដូនពេញ ខណៈរាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ AIMF អភិបាលក្រុងប្រើប្រាស់ ភាសាបារំាង។

ការដាក់តាំងពិព័រណ៍រូបថតនេះ បានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ ដោយមានការចូលរួមពី ឯកឧត្ដម ជែ ប៉ាយ៉េ តំណាងសមាគមអន្តរជាតិ នៃ​អភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF និងឯកឧត្ដម ឃួង ស្រេង អភិបាលរាជ​ធានី​ភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានគូសបញ្ជាក់ថា ការដាក់តាំងពិព័រណ៍រូបថតនេះ ក្នុង​គោលបំណងគឺដើម្បីបង្ហាញឱ្យប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្ដរជាតិ បានឈ្វេងយល់ពីការ​វិវឌ្ឍ​របស់រាជធានីភ្នំពេញ ដែលកើតចេញពីបាតដៃទទេ មុននឹងមានការអភិវឌ្ឍ រីកចម្រើន រហូតមកដល់សព្វថ្ងៃនេះ។ ឯកឧត្ដមបន្ដថា ពិព័រណ៍រូបភាពនេះ បានផ្សព្វផ្សាយ ដើម្បីអបអរ​សាទរ ក្នុងឱកាសដែររាជធានីភ្នំពេញ ធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) លើកទី៣៩ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែធ្នូឆ្នាំ ឆ្នាំ២០១៩។ ជាមួយគ្នានេះ ពិព័រណ៍រូបភាពនេះ ក៏នឹងធ្វើឱ្យមហាជន បានយល់​ពីកិច្ច​ខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការស្វែងរកសន្តិភាព និងការស្ថាបនារាជធានីភ្នំពេញ ព្រមទាំងប្រទេសកម្ពុជាទាំងមូលឱ្យមានកាអភិវឌ្ឍរីកមច្រើន ហើយចាប់ផ្ដើម ចេញពីបាត​ដៃទទេក្រោយភ្នក់ភ្លើងសង្គ្រាម។

ឯកឧត្ដម ជែ ប៉ាយ៉េ តំណាងសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បានកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការរៀបចំពិព័រណ៍រូបភាពនេះ​បានយ៉ាងល្អ ដើម្បី​ឱ្យប្រជាពលរដ្ឋនៅតែចងចាំពីការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលធ្វើឱ្យទី​ក្រុង​នេះមានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់។ ឯកឧត្តមបញ្ជាក់ថា រាជធានីភ្នំពេញ​នឹងក្លាយជាទីក្រុងគំរូសម្រាប់សមាជិកទីក្រុង អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)​នៅទ្វីបអាហ្រិ្វកដើម្បីយកទៅអនុវត្តន៍តាម៕

ដោយ សួស សំរិត

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន