​មន្រ្ដីជាន់ខ្ពស់ក្រសួងសាធារណការចាត់ទុក​ទិន្នន័យ​គ្រោះថ្នាក់ចរាចរណ៍ដែលមានគុណភាព គឺអាចតាមដាន និងព្យាករណ៍ស្ថានភាពគ្រោះថ្នាក់ និងស្រង់ទិន្នន័យកាន់តែប្រសើរ

AKP ភ្នំពេញ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ — មន្រ្ដីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានចាត់ទុក​ទិន្នន័យ​គ្រោះថ្នាក់ចរាចរណ៍​ដែលមានគុណភាព គឺជាធាតុចូលយ៉ាងសំខាន់ក្នុងការកសាងផែនការសកម្មភាពប្រកបដោយ​ប្រសិទ្ធភាព និង​អាច​តាមដាន ព្រមទាំងធ្វើការព្យាករណ៍អំពីស្ថានភាពគ្រោះ​ថ្នាក់ចរាចរណ៍រួម​ទាំងការស្រង់​ទិន្ន​ន័យ​​បានកាន់តែប្រសើរឡើងថែមទៀត។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តម ប៉ែន បូរាណ អនុ​រដ្ឋ​លេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន​ និងជាអគ្គ​លេខាធិ​ការរង  អគ្គ​លេខា​ធិ​ការដ្ឋាននៃ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុង​ពិធី​បើក​វគ្គបណ្តុះ​បណ្តាល​ស្តីពីការពង្រឹងគុណភាព និងការប្រមូលទិន្នន័យគ្រោះថ្នាក់​ចរា​ចរណ៍​​ផ្លូវគោក កាលពីព្រឹក​ថ្ងៃ ទី០២-០៣ ខែធ្នូ ឆ្នាំ២០១៩ នៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវ​គោក ក្រសួងសាធារណការ និង​ដឹកជញ្ជូន។

ឯកឧត្តម ប៉ែន បូរាណ បានលើកឡើងថា ដើម្បីចូលរួមកាត់បន្ថយនូវគ្រោះថ្នាក់​ចរា​ចរណ៍ គឺទាមទារជាចាំបាច់នូវផែនការសកម្មភាពដែលមានប្រសិទ្ធភាព និងសមស្របទៅ​តាមស្ថានភាពនៃគ្រោះថ្នាក់ ​ហើយ​ទិន្នន័យ​គ្រោះថ្នាក់ចរាចរណ៍ដែលមានគុណភាព គឺជា​ធាតុ ចូលយ៉ាងសំខាន់ក្នុងការកសាងផែនការសកម្មភាពដែល​មាន​ប្រសិទ្ធភាព។ ឯកឧត្ដមបាន​បញ្ជាក់ថា ការប្រមូលទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ប្រកបដោយគុណភាពគឺអាចតាមដាន និង​ព្យាករណ៍នូវស្ថានភាពគ្រោះថ្នាក់​ ក៏ដូចជាប្រសិទ្ធភាពនៃ​ផែន​ការដែល​​បានដាក់​ចេញតាម​រយៈទិន្នន័យដ៏មាន​សារៈ​​សំខាន់​នេះផងដែរ។

ឯកឧត្ដមបានវាយ​តម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តី​អគ្គ​លេខា​​ធិ​​ការ​​ដ្ឋាន​នៃ​គណៈ​កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែល​បាន​​ខិត​ខំប្រឹងប្រែងសម្របសម្រួល និងរៀប​ចំសិក្ខាសាលានេះឡើង ដើម្បីលើក​កម្ពស់ការ​យល់​ដឹង​អំពីការ​ស្រង់ទិន្នន័យគ្រោះថ្នាក់ចរា​ចរណ៍​ផ្លូវគោក ឱ្យកាន់តែមាន​ប្រសិទ្ធ​ភាព​ភាពបន្ថែម​ទៀត។

ឯកឧត្ដមអនុរដ្ឋលេខាធិការបានបន្ថែមថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍បច្ចុប្បន្ន មាន​និន្នាការកើនឡើងនៃការស្លាប់ និងរបួសដែលបង្កឡើង​ដោយ​សារ​ការ​បើកបរលើស​ល្បឿន​កំណត់ ការជែងក្នុងស្ថានភាពគ្រោះថ្នាក់ ការមិនគោរពសិទ្ធិអាទិភាព ការបើកបរ​ក្រោម​​ឥទ្ធិពល​គ្រឿងនៃស្រវឹងជាដើម។ល។ ដែលជាហេតុនាំឱ្យមានការកើនឡើងនូវកូនកំព្រា ស្ដ្រី​មេម៉ាយ ជនពិការ សោកនាដកម្មផ្សេងៗ និងផលវិបាកជាច្រើននៅក្នុងសង្គមកម្ពុជា។

ក្នុងឱកាសនេះដែរ ឯកឧត្ដមក៏បានថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅចំពោះ​អង្គការ​UNDP​ ដែល​បាន​ជួយ​ឧបត្ថម្ភ​ក្នុង​ការ​រៀបចំសិក្ខាសាលា​ដ៏​មាន​សារៈសំខាន់នេះ ហើយ​សកម្ម​ភាពនេះ បានបង្ហាញ​ឱ្យ​ឃើញនូវ​ការ​យកចិត្ត​ទុក​ដាក់ចូលរួម​ចំណែក​ជាមួយ​​រាជរដ្ឋាភិបាល ​និង​គណៈ​​​កម្មា​ធិ​ការ​​​ជាតិ​​សុវត្ថិភាព​​ចរាចរ​ណ៍​​​ផ្លូវគោក ក្នុងការ​ទប់ស្កាត់កាត់បន្ថយគ្រោះ​ថ្នាក់​ចរា​ចរណ៍​​​​នៅព្រះ​រាជាណា​ចក្រ​កម្ពុជា៕

ដោយ រិទ្ធី