សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ចាត់ទុកថ្ងៃ២ធ្នូ គឺជាបព្វហេតុនៃការរស់រានមានជីវិត​ឡើងវិញ​របស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ — សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ប្រធានកិត្តិយសគណ​បក្ស​ប្រជាជន​កម្ពុជា និងជាប្រធានរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាបានចាត់ទុកការប្រារព្ធ​មិទ្ទី​ញ​អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ថ្ងៃ២ធ្នូ គឺជាព្រឹត្តិការណ៍ជាតិមួយដ៏មានសារៈ​សំខាន់​បំផុតចំពោះបព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់ជាតិមាតុភូមិ និងប្រជាជន​កម្ពុជា។ ការលើកឡើងរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នេះ នៅក្នុងពិធី​ប្រារព្ធ​មិទ្ទីញអប​អរ​សាទរខួបអនុស្សាវរីយ៍លើកទី៤១ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិ​កម្ពុជា (២ធ្នូ ១៩៧៨-២ធ្នូ ២០១៩) នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ នៅសាលសន្និសីទ​ចតុម្មុខ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា រណសិរ្ស២ធ្នូ មិនត្រឹម​តែសង្ហោះយើងទាំងអស់គ្នាឱ្យចាកផុតពីមហន្តរាយល័យពូជសាសន៍ប៉ុណ្ណោះទេ ប៉ុន្តែរណ​សិរ្ស​២ធ្នូ បានជួយស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិនៅគ្រប់ទិសទី ដែលធ្វើឱ្យមាតុភូមិ​កម្ពុជាមានការកែប្រែមុខមាត់ថ្មី ជាបន្តបន្ទាប់។ សម្តេចអគ្គមហាពញាចក្រីបានវាយតម្លៃខ្ពស់ និងកោតសរសើរដោយស្មោះចំពោះការខិតខំរបស់គណៈកម្មាធិការរណសិរ្សនៅលំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់បំពេញតួនាទីដឹកនាំ និងពង្រឹង ពង្រីកកម្លាំងមហាសាមគ្គី របស់​ប្រជាជនគ្រប់សមាសភាពក្នុងសង្គម ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជាលើគ្រប់​វិស័យ​ស្របតាមស្មារតីលក្ខន្តិកៈ សេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី៥ ដោយបានចូល​រួម​ចំណែកធ្វើការងារចលនាមហាជន​និងកាតព្វកិច្ចសំខាន់ៗជាច្រើនទៀត ​តាមកម្មវិធីគោល​នយោ​បាយរបស់​គណបក្សប្រជាជនកម្ពុជា ដើម្បីបម្រើបុព្វហេតុកសាង ការពារ និងអភិវឌ្ឍន៍​មាតុភូមិកម្ពុជា ។

សម្តេចប្រធានបានបន្ដថា ក្នុងពេលដែលយើងទាំងអស់គ្នា បាននិងកំពុសប្បាយរីក​រាយ​អបអរសាទរចំពោះសមិទ្ធផលសម្រេចបាន យើងក៏មិនអាចបំភ្លេចបាននូវពលិកម្ម និងការ​បូជា​អាយុជីវិតរបស់បងប្អូនជនរួមជាតិ ដែលបានធ្វើការតស៊ូប្រយុទ្ធ​ប្រឆាំងនឹងអំពើអមនុស្ស​ធម៌ទាំងឡាយរបស់ពួកឃាតករកម្ពុជាប្រជាធិបតេយ្យ និងសូមសម្តែងនូវការចង់ចាំជានិច្ចនូវ​គុណូបការៈដ៏ជ្រាលជ្រៅចំពោះដួងវិញ្ញាណក្ខន្ធ នៃវីរបុរស វីរនារី យុទ្ធជន យុទ្ធនារី កម្មាភិ​បាលស្នេហាជាតិ ដែលបានធ្វើពលីកម្មប្រកបដោយវីរភាពខ្ពង់ខ្ពស់ ដើម្បីជាតិមាតុ​ភូមិ និង​បាន​តម្កល់ទុកនូវគំរូដ៏ល្អសម្រាប់កុលបុត្រ កុលធីតាគ្រប់ជំនាន់។

សម្តេចពញាចក្រីបានគូសបញ្ជាក់ថា “ទោះបីជាអស់រយៈពេល៤១ឆ្នាំ កន្លងផុតទៅ ហើយក្តី យើងទាំងអស់គ្នាពិតជាមិនអាចបំភ្លេចបាននូវអតីតកាលងងឹតសូន្យសុង ដែលពោរ ពេញទៅដោយទុក្ខវេទនា ការឈឺចាប់ខ្លោចផ្សា និរាសព្រាត់ប្រាស់ក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ក្រោមរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមបានឡើយ”។

សូមបញ្ជាក់ថា ថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨ “រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា” បច្ចុប្បន្ន​ត្រូវបានដូរឈ្មោះជា រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា” ដែលជាអង្គការចាត់តាំង​មហាជនមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

សម្ដេចពញាចក្រីបានលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស​ប្រជាជនគ្រប់ទិសទីបានក្រោកឈរ រួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិដោយបានទទួល​ការ​ជួយ​ឧបត្ថម្ភយ៉ាងធំធេងពីកងទ័ពស្ម័គ្រចិត្តវៀតណាម និងការគាំទ្រពីមិត្តភក្តិជិតឆ្ងាយ​លើ​សកលលោក ដើម្បីផ្តួលរំលំរបបកម្ពុជា​ប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏​ត្រចះ​ត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។ ទន្ទឹមនេះ មហាជ័យជម្នះ ៧មករា ១៩៧៩ បានបញ្ចប់​នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំ​ធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រកម្ពុជា បានបើកឡើង​នូវសករាជថ្មី ប្រជាជនកម្ពុជាយើង​ក៏បាន​ទទួលមកវិញនូវសិទ្ធិសេរីភាព និងឱកាសដើម្បីស្តារ កសាងមាតុភូមិរបស់ខ្លួនឡើងវិញ។

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានបន្ថែមថា ប្រជាជនយើងគ្រប់រូបសុទ្ធ​តែ​យល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស២ធ្នូ និងជ័យជម្នះ ៧មករាទេនោះយើង​ក៏គ្មានអ្វីៗ​ដូចថ្ងៃនេះដែរ ហើយនេះគឺជាសច្ចធម៌នៃប្រវត្តិសាស្ត្រ៕

ដោយ ប៊ុនរិទ្ធ