ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត អញ្ជើញចូលរួមក្នុងពិធីប្រារព្ធខួបលើកទី៤១ សហភាពសហព័ន្ធយុវជនកម្ពុជា

AKP ព្រះវិហារ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ — ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៤១ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)ខេត្តព្រះវិហារ កាលពីថ្ងៃសៅរ៍ ៤កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត សមាជិក សមាជិកា ស.ស.យ.ក.ខេត្តប្រមាណ ១.២០០នាក់ ។

ឯកឧត្តម ប្រាក់ សុវណ្ណ មានប្រសាសន៍ថា សហភាពសហព័ន្ធយុវជនកម្ពុជា ជារណសិរ្សទូលំទូលាយ និងជាកម្លាំងសាមគ្គីមួយដ៏ធំក្នុងការចូលរួមតស៊ូរំដោះជាតិមាតុភូមិ ឱ្យរួចផុតពីក្រញាំបិសាចបនប្រល័យពូជសាសន៍ ប៉ុល ពត ផងដែរ ។ ក្រោយមកនៅក្នុងមហាសន្និបាតលើកទី៣ សមាគយុវជនកម្ពុជា ធ្វើឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី ២-៣ ខែវិច្ឆិកា ឆ្នាំ២០១២ បានសម្រេចប្ដូរឈ្មោះពីសមាគមយុវជនកម្ពុជា មកជាសហភាពសហព័ន្ធយុវជនកម្ពុជាហៅកាត់ថាស.ស.យ.ក ហើយត្រូវបានអង្គមហាសន្និបាតផ្ដល់សេចក្ដីទុកចិត្តបោះឆ្នោតជ្រើសតាំងឯកឧត្ដម ហ៊ុន ម៉ានី ធ្វើជាប្រធាន ។

ឯកឧត្តមបន្ថែមទៀតថា ការប្រារពខួបលើកទី៤១ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា ២ធ្នូ ១៩៧៨ និង ២ធ្នូ ២០១៩ នេះឡើង គឺក្នុងគោលបំណងសំខាន់ដើម្បីឱ្យ សមា ជិក សមាជិកា និងយុវជនទូទៅបានយល់ច្បាស់ពីប្រវត្តិ បុព្វហេតុ និងពលីកម្មរបស់អតីតយុវជន និងការលះបង់ ពុះពាររបស់សមាជិក សមាជិកា របស់សហភាពសហព័ន្ធយុវជនកម្ពុជា គ្រប់ជំនាន់ ដែលបានចូលរួមចំណែកក្នុងបុព្វហេតុសង្គមជាតិ និងយុវជនកម្ពុជា ។ ព្រមទាំងដើម្បីអនុញ្ញាតឱ្យក្រុមគ្រួសារ សហភាពសហព័ន្ធយុវជនកម្ពុជា បន្តចូលរួមចំណែកឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងបុព្វហេតុ សង្គមតាមរយៈការពង្រឹងសមត្ថភាពយុវជនឱ្យក្លាយជាអ្នកបន្តវេនដ៏រឹងមាំសម្រាប់កម្ពុជា និងជាពិសេសស្រទាប់យុវជន ឱ្យបានយល់ច្បាស់ពីខ្លឹមសារនៃសុន្ទរកថា របស់ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងឱកាសនៃការរៀបចំអបអរសាទរខួបលើកទី៤១ឆ្នាំ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ។

ឯកឧត្តមក៏បានផ្តាំផ្ញើដល់ក្មួយៗជាយុវជនជំនាន់ក្រោយ ដែលជាទំពាំងស្នងឫស្សីដ៏រឹងមាំ ត្រូវខិតខំរៀនសូត្រ ឱ្យក្លាយជាសិស្សពូកែ ធ្វើខ្លួនជាកូនល្អ និងជាយុវជនគំរូ ស្ដាប់ដំបូន្មានរបស់ឪពុកម្ដាយ លោកគ្រូ អ្នកគ្រូ រក្សាឱ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឆ្លៀតពេលទំនេរនាំគ្នាលេងកីឡា ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ ចៀសវាងការធ្វេសប្រហែសតែបន្តិចដែលនាំឱ្យមានវិប្បដិសារី មានគ្រោះថ្នាក់ដល់អាយុជីវិត ឬ ពិការ ដែលធ្វើឱ្យបាត់បង់អនាគតរបស់ខ្លួន។ ត្រូវចូលរួមថែរក្សា ការពារ ឯករាជ្យ សន្តិភាព សេរីភាព ដែលមានស្រាប់ បន្តចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ឱ្យសមស្របពាក្យស្លោកមួយថា «យុវជនក្នុងបុព្វហេតុមាតុភូមិ» ៕

ដោយ ទិត ស្រ៊