អភិបាលរាជធានីភ្នំពេញ អញ្ជើញចូលរួមក្នុងកម្មវិធីអភិសេករូបសំណាកព្រះនាងគង្ហីង ដាក់​ឱ្យប្រើប្រាស់ បន្ទាប់ពីធ្វើការផ្លាស់ប្តូរទីតាំងនៅរង្វង់មូលវត្ដព្រះពុទ្ធ

AKP ភ្នំពេញ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ — រូបសំណាកព្រះនាងគង្ហីង ដែលស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បន្ទាប់​ពីធ្វើការផ្លាស់ប្តូរទីតាំង និងស្ថាបនារួចរាល់ជាស្ថាពរមក ក៏បានធ្វើពិធីអភិសេកជាផ្លូវការ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក​ជំទាវ ព្រមទាំងមន្ត្រីរាជការ ចូលរួមក្នុងពិធីនេះកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ រូបសំណាកនាងគង្ហីង ដែលពីមុន គឺស្ថិតនៅត្រង់រង្វង់មូលនាងគង្ហីង ហើយក្រោយមកដោយ​បញ្ហាចរាចរណ៍ បានរំកិលទៅដាក់នៅក្បែររបងវត្តព្រះពុទ្ធមានបុណ្យ ហើយក្រោយមកទៀត អាជ្ញាធររាជធានីភ្នំពេញ ក៏បានប្តូរមកទីតាំងថ្មីមួយទៀតនៅក្បែរគ្នានោះដែរ។ បច្ចុប្បន្ន​នេះ ក៏បានរៀបចំបញ្ចប់ជាស្ថាពរហើយ ដែលរូបសំណាកថ្មី និងទីតាំងថ្មីនេះ បានជួយលើកកម្ពស់​សោភណភាព ព្រមទាំងសំណាក់នាងគង្ហីង ឱ្យខ្ពស់ជាង ស្ពានអាកាស​ថ្មើជើងដែលនៅ​ក្បែរគ្នា។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានគូសបញ្ជាក់ថា ដើម្បីកាត់បន្ថយ​គ្រោះថ្នាក់ចរាចរណ៍ក៏ដូចជាការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចឱ្យ​មានការស្ថាបនាស្ពានអាកាសថ្មើជើងនៅត្រង់ចំណុចរង្វង់មូលនាងគង្ហីង។ ប៉ុន្តែក្រោយពីការ​សាងសង់ស្ពានថ្មើរជើងនេះ បានធ្វើឱ្យរូបសំណាក់នាងគង្ហីងទាប​ជាងតួ​ស្ពានអាកាស ទើបរដ្ឋ​បាលរាជធានីភ្នំពេញ សម្រេចឱ្យមានការកែសម្រួលឡើងវិញ ទាំងកម្ពស់​និងទីតាំង សំដៅ​ធ្វើយ៉ាងណា ទាំងរូបសំណាកនាងគង្ហីងនិងស្ពានអាកាសថ្មើជើងត្រូវតែលេចឡើង​ជាមួយនឹង​សោភណភាពស្រស់ស្អាត និងការគិតពីបញ្ហាលំហូរចរាចរណ៍ផងដែរ ធ្វើយ៉ាងណាកុំឱ្យមាន​ការកកស្ទះ។

លោក ពៅ ម៉េងហៃ អនុប្រធានមន្ទីរសាធារ ណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា រូបសំណាកនាងគង្ហីងដែលបានស្ថាបនាឡើងថ្មី​និងបានធ្វើពិធីអភិសេក​ជាផ្លូវ​ការនេះ មានលក្ខណៈធំជាង ថ្មីជាងមុន ដោយមានកម្ពស់៧ម៉ែត្រ៤៧ បាតក្រោម៦ ម៉ែត្រ បាតក្រោមដល់រូបក្រពើកម្ពស់២.៦១ម៉ែត្រ។ លោកបានបន្ដថា រូបសំណាក នាងគង្ហីង ត្រូវ​បានសាងសង់ឡើងពីថ្មភក់ នាំមកពីខេត្តព្រះវិហារ ដោយចាប់ផ្តើមសាងសង់ពីខែមេសា​ហើយបានបញ្ចប់ នៅតែតុលា២០១៩៕

ដោយ សួស សំរិត