ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី៖ តាមរយៈសន្និសីទសេដ្ឋកិច្ចប្រចាំឆាំ្ន២០១៩​របស់​សហ​ព័ន្ធពាណិជ្ជករចិន-កម្ពុជា នឹងទទួលបានកំណើនអ្នកវិនិយោគិនចិនកាន់តែច្រើន

AKP ភ្នំពេញ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ — ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទបានគូសបញ្ជាក់ថា តាមរយៈសន្និសីទសេដ្ឋកិច្ចប្រចាំឆ្នាំ២០១៩​របស់សហព័ន្ធ ពាណិជ្ជករចិនទាជីវសកលលោកអាណត្តិទី៥ និងកិច្ចប្រជុំកំពូលវិនិយោគ នៅកម្ពុជា អ្នក វិនិយោគចិនធំៗកាន់តែច្រើន នឹងមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែម​ទៀត។ ការលើកឡើងរបស់ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីនេះ នៅក្នុងពិធីបើកមហាសន្និបាត របស់សហព័ន្ធពាណិជ្ជករចិនទាជីវ នៅសាលសន្និសីទពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោកឧកញ៉ា ពុង ឃាវសែ ប្រធានសម្ព័ន្ធខ្មែរ-ចិនបានឱ្យដឹង ចិន គឺជាដៃគូពាណិជ្ជ​កម្ម​ដ៏សំខាន់ និងជាប្រភពវិនិយោគធំជាងគេនៅកម្ពុជា។ លោកឧកញ៉ាបន្ដថា តាមរយៈការ​អនុវត្ត​យុទ្ធសាស្ត្រ​ខ្សែ​ក្រវាត់មួយ ផ្លូវមួយ អ្នកវិនិយោ គិនចិនកាន់តែច្រើនបានមកបណ្តាក់ទុន​នៅកម្ពុជា ហើយពាណិជ្ជករចិនទាជីវ គឺជាក្រុមពាណិជ្ជករចិន ដ៏មានឥទ្ធិពលលើឆាក អន្តរជាតិ។ លោកឧកញ៉ាបានបន្ដទៀតថា ការខិតខំប្រឹងប្រែងរបស់ក្រុមពាណិជ្ជករចិនទាជីវ មិនត្រឹមតែចូលរួមជួយអភិវឌ្ឍន៍មុខរបររបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែក​អភិវឌ្ឍន៍ សេដ្ឋកិច្ចប្រទេសដែលពួកគេរស់នៅផងដែរ។

ឯកឧត្ដម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បាន​បញ្ជាក់ថា កម្ពុជា និងចិនធ្លាប់មានទំនាក់ទំនង់ជាមួយគ្នាជាយូរលង់ណាស់មកហើយ ទាំង​ផ្នែកសេដ្ឋកិច្ច សង្គម វប្បធម៌ និងការទូត ហើយប្រទេសកម្ពុជា ជាប្រទេសដ៏សំខាន់មួយ ស្ថិត​នៅតាមបណ្តោយខ្សែក្រវាត់មួយផ្លូវមួយរបស់ចិន។ ឯកឧត្ដមឯកអគ្គរដ្ឋទូតបានបន្ដថា កម្ពុជា​បច្ចុប្បន្ន មានសុខសន្តិភាព ស្ថិរភាពនយោបាយ សុវត្ថិភាពសង្គម និងមានកំណើនសេដ្ឋ កិច្ចខ្ពស់ ព្រមទាំងមានលក្ខខណ្ឌវិនិយោគល្អប្រសើរ ដែល ជាកត្តាដ៏សំខាន់ក្នុងការ​ទាក់ទាញ​វិនិយោគពីបរទេស ពិសេសអ្នកវិនិយោគមកពីប្រទេសចិន។

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទបានមានប្រសាសន៍ថា ពាណិជ្ជករចិនទាជីវក៏ដូចជាពាណិជ្ជករកម្ពុជា ដែល​បានចូលរួមក្នុងសន្និសីទនេះ ពិតជាមានសារៈ​សំខាន់ណាស់ ដើម្បីពិនិត្យមើលពី ស្ថានភាព​ជាក់ស្តែង នៃការវិនិយោគនៅកម្ពុជា។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានបន្ដថា ​ កិច្ចសហ ប្រតិ​បត្តិ​ការលើវិស័យពាណិជ្ជកម្មនៃប្រទេសទាំងពីរ គឺជាស្ពានចម្លង និងតភ្ជាប់វិស័យផ្សេងៗទៀត រួមមានសេដ្ឋកិច្ច វប្បធម៌ សុខាភិបាល អប់រំ និងសង្គមកិច្ច។ល។ ឯកឧត្ដមឧបនាយករដ្ឋ​មន្រ្ដី​ក៏សូមថ្លែងអំណរគុណដល់គ្រប់ក្រុមហ៊ុន សហគ្រាស និងអ្នកវិនិយោគិនចិនទាំងអស់ ដែល​បាន​បោះទុនវិនិយោគលើវិស័យនានានៅកម្ពុជា ប្រកបដោយការជឿជាក់លើការដឹកនាំរបស់​រាជរដ្ឋាភិបាល ដែលនាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់ ដែលជាខឿនដ៏សំខាន់សម្រាប់ ការវិនិយោគនៅកម្ពុជា។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សង្ឃឹម​ថា សហព័ន្ធពាណិជ្ជករចិនទាជីវ នឹងបន្តដាក់ទុនវិនិយោគកាន់តែច្រើនទ្បើងៗថែម ទៀតក្នុង​ការ​រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ជាមួយនឹងរាជរដ្ឋាភិបាល ៕

ដោយ សួស សំរិត