ក្បួនរថយន្តទេសចរណ៍ Caravan Tours  ផ្លាស់ប្តូរទេសចរណ៍និងវប្បធម៌ ឡានឆាង-មេគង្គ ត្រូវបានបិទបញ្ចប់នៅខេត្តសៀមរាប

AKP ខេត្តសៀមរាប ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩–រយៈពេល២៧ថ្ងៃ ក្នុងចម្ងាយផ្លូវជិត ៦ពាន់គីឡូម៉ែត្រ នៃដំណើរផ្លាស់ប្តូរទេសចរណ៍-វប្បធម៌ មេគង្គ-ឡានឆាង ដោយយានយន្តផ្ទាល់ខ្លួន ( Caravan Tours ) ទៅកាន់រមណីយដ្ឋានបូរាណចិន ឡាវ និងកម្ពុជា ក្រោមប្រធានបទ ( ភ្នំនិងទឹក មិនអាចកាត់ផ្តាច់បាន ជោគវាសនាត្រូវតែតភ្ជាប់ ) ត្រូវបានបិទបញ្ចប់ជាផ្លូវការនៅខេត្តសៀមរាបកាលពីល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីក្រុមអ្នកទេសចរចិន ( Caravan Tours ) បានធ្វើដំណើរទស្សនាកម្សាន្តចុងក្រោយរយៈពេល២ថ្ងៃនៅខេត្តសៀមរាប (តំបន់វប្បធម៌ប្រវត្តិសាស្រ្ត-អង្គរ បេតិកភណ្ឌនៃមនុស្សជាតិ ) ។

លោកស្រី Shi Ling អគ្គនាយករងប្រចាំមន្ទីរវប្បធម៌និងទេសចរណ៍ខេត្តយូណាន បានបង្ហាញនូវក្តីសោមនស្សរីករាយកក់ក្តៅ ដែលបានជួបជុំគ្នានៅលើដែនដីនៃបេតិកភណ្ឌពិភពលោក( ប្រាសាទអង្គរវត្ត ) ដ៏ល្បីល្បាញនៃកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ។ ដំណើរទស្សនាចរនេះ គឺជាការបង្ហាញអំពីទំនាក់ទំនងវិស័យទេសចរណ៍-វប្បធម៌ ទន្លេឡានឆាង ជាមួយ ទន្លេមេគង្គ ដូចអ្វីដែលត្រូវបានជ្រើសរើសយកមកធ្វើជាប្រធានបទ( ភ្នំនិងទឹក មិនអាចកាត់ផ្តាច់ពីគ្នាបាន ជោគវាសនាត្រូវតែតភ្ជាប់ )      ហើយព្រឹត្តិការណ៍នេះ បានបង្ហាញថា ចិន ឡាវ កម្ពុជា មានបំណងរួមគ្នាក្នុងចំណុចចាប់ផ្តើមថ្មីមួយ ដើម្បីអនាគតទទួលបានកំណើនភ្ញៀវទេសចរពិភពលោក ដ៏ច្រើនមកកាន់ទីនេះ ។

ឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា ក៏បានវាយតម្លៃដែរថា  ការធ្វើដំណើររបស់ក្បួនរថយន្តទេសចរណ៍នេះ គឺជាឱកាសមាសមួយ សម្រាប់ការផ្លាស់ប្តូរវប្បធម៌និងទេសចរណ៍ ជាមួយនិងការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ នៅលើទឹកដីដ៏ស្រស់ត្រកាលតាមដងទន្លេមេគង្គនិងឡានឆាង ដែលជាតំបន់ប្រកបដោយភាពទាក់ទាញ និងមានលក្ខណៈជាប្រវត្តិសាស្រ្ត

ឯកឧត្តម មានប្រសាសន៍ថា ជាង៦០ឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរបានពង្រឹងនិងពង្រីកចំណងមិត្តភាឥតឈប់ឈរ ពិសេសរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ ចំណងមិត្តភាពនៃប្រទេសទាំង២ មានការរីកចម្រើនគួរកត់សំគាល់ គឺដូចពាក្យមួយឃ្លា ដែលថា  ( មិត្តភាព បង្កើតអនាគតរួមគ្នា ) ។ ប្រទេសទាំងពីរ ( កម្ពុជា-ចិន ) បានកំណត់យកឆ្នាំ២០១៩ ជាឆ្នាំវប្បធម៌និងទេសចរណ៍កម្ពុជា-ចិន ដែលផ្តល់សារៈសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ឱ្យបានកាន់តែស៊ីជម្រៅស្របតាមយុទ្ធសាស្រ្ត ខ្សែក្រវ៉ាត់និងផ្លូវ ដើម្បីជំរុញបន្ថែមទៀត ដល់ទំនាក់ទំនងប្រជាជនកម្ពុជា-ចិន ការផ្លាស់ប្តូរវប្បធម៌ នាំលំហូរភ្ញៀវទេសចរទៅវិញទៅមក ៕

ឃុត សៅ សៀមរាប