តំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ចុះមកឈ្វេងយល់ពីវឌ្ឍនភាព នៃការផ្លាស់ប្តូរ និងអភិវឌ្ឍន៍នៅក្នុងខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ — លោកជំទាវ Pauline Tamesis តំណាងអង្គការសហប្រជាជាតិប្រចាំនៅក្នុងប្រទេសកម្ពុជា បានដឹកនាំគណៈប្រតិភូតំណាងអង្គការចំនួន៧ប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាព នៃការផ្លាស់ប្តូរ និងការអភិវឌ្ឍខេត្តព្រះ សីហនុ។ ជំនួបនេះ បានធ្វើឡើង កាលពីរសៀលថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានលើកឡើងអំពី​សក្តានុពលររបស់ខេត្តព្រះសីហនុ ដែលមានឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ កោះចំនួន​៣២ កំពង់ផែអន្តរជាតិទឹកជ្រៅ ដែលមានទំនិញឆ្លងកាត់ចេញ-ចូលជាង៧០ភាគរយ ទូទាំង​ប្រទេស។ ឯកឧត្ដមបានបញ្ជាក់ថា បច្ចុប្បន្ន កំពង់ផែមានលទ្ធភាពអាចឱ្យនាវាមានជម្រៅទឹក ១០ម៉ែត្រចូលចត និងកំពុងពង្រីកបន្ថែមដើម្បីឱ្យនាវាធុនធំមានជម្រៅទឹក ១៣.៥០ម៉ែត្រចូល​ចតបាននៅពេលខាងមុខ ដើម្បីកាត់បន្ថយតម្លៃដឹកជញ្ជូន ក៏ដូចជាការប្រកួតប្រជែង​ជាមួយ​បណ្តាប្រទេសក្នុងតំបន់។ ឯកឧត្ដមអភិបាលខេត្ដបានបន្ដថា ដោយមានកិច្ចសហប្រតិបត្តិ​ការជាក្រុមហ៊ុនបារាំង កំពុងត្រូវបានពង្រីកព្រលានយន្តហោះខេត្តព្រះ សីហនុ  ដើម្បីឱ្យយន្ត​ហោះប្រភេទធុនធំចុះចតនៅពេលខាងមុខ និងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរតាម​ផ្លូវអាកាស។ ឯកឧត្តមបន្ថែម​ថា រាជរដ្ឋាភិបាលបានកំណត់ខេត្តព្រះសីហនុ ជាតំបន់​សេដ្ឋកិច្ចគំរូពហុបំណង ដែលមានតំបន់សេដ្ឋកិច្ចចំនួន៥ កំពុងដំណើរការ ផ្តល់ការ ងារជូន​យុវជន​ជាង ៨ម៉ឺននាក់ និងតំបន់សេដ្ឋកិច្ច៤ ទៀតកំពុងសាងសង់។ ឯកឧត្ដមអភិបាលខេត្ដ​បានលើកឡើងថា នេះជាសក្តានុពល នៃការអភិវឌ្ឍក្នុងខេត្តព្រះ សីហនុ នាពេលបច្ចុប្បន្ន ពិសេសវិស័យសំណង់មានការអភិឌ្ឍយ៉ាងគំហុកគួរឱ្យកត់សម្គាល់ ។

ឯកឧត្តម គួច ចំរើន ក៏បានបញ្ជាក់បន្ថែមថា រដ្ឋបាលខេត្តព្រះ សីហនុ គាំទ្រអង្គ​ការ​សហ​ប្រជាជាតិ ដែលចង់សហការជួយអភិវឌ្ឍន៍ខេត្តព្រះ សីហនុ ជាទីក្រុងឆ្លាតវៃ ក៏ប៉ុន្តែត្រូវ​រៀបចំឯកសារធ្វើបទបង្ហាញទីក្រុងឆ្លាតវៃ និងបន្តធ្វើការងារជាមួយមន្ត្រីរបស់ខេត្ត ពិសេស​ជួយបណ្តុះបណ្តាលបច្ចេកវិទ្យា ក៏ដូចជាជួយជាឧបករណ៍ សម្ភារៈ ក្នុងការចូលរួម​អភិវឌ្ឍន៍​ខេត្តព្រះសីហនុ ជាទីក្រុងឆ្លាតវៃ នាពេលខាងមុខ។

លោកជំទាវ Pauline Tamesis តំណាងអង្គការសហ​ប្រជាជាតិប្រចាំនៅកម្ពុជា បាន​ថ្លែង​អំណរគុណអភិបាលខេត្តព្រះសីហនុ បានចំណាយពេលវេលា ឱ្យប្រតិភូចូលជួបពិភាក្សា ឈ្វេងយល់អំពីវឌ្ឍនភាព នៃការផ្លាស់ប្តូរ និងការអភិវឌ្ឍខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន ។ លោកជំទាវបន្ដថា អង្គការសហប្រជាជាតិ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ នឹងរៀបចំកិច្ចការចំនួន ៥ផ្នែក ហើយការងារស្នូល គឺការងារគ្រប់គ្រងនគរូបនីយកម្ម ជាការគ្រប់គ្រងធ្វើផែន​ការឱ្យ​បាន​ហ្មត់ចត់ សម្រាប់គ្រប់គ្រងការអភិវឌ្ឍទីក្រុង ដែលជាកម្លាំងចលករមួយ​យ៉ាងសំខាន់​ក្នុង​ការជំរុញការអភិវឌ្ឍទីក្រុង ដោយយកចិត្តទុកដាក់លើប្រជាពលរដ្ឋរស់នៅទីក្រុង គឺជាយន្តការ​មួយមាននិរន្តរភាព និងធ្វើឱ្យប្រជាជនរបស់យើងទទួលបានផលស្មើៗគ្នា ប្រកបដោយ​សមធម៌​សម្រាប់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះដែរ បើតាមបទពិសោធន៍ប្រទេសលើសកល​លោកមាន GDP  ៨០ភាគរយ ទទួលបានពីការអភិវឌ្ឍក្នុងទីក្រុង ហើយសម្រាប់កម្ពុជា GDP ៥០ភាគរយ ចេញពីការអភិវឌ្ឍក្នុងទីក្រុង។ លោកជំទាវបានបន្ដទៀតថា ការអភិវឌ្ឍនៅខេត្ត​ព្រះសីហនុ បានបង្ហាញពីសក្តានុពលចម្បង រួមចំណែកការអភិវឌ្ឍប្រទេសជាតិ​ទាំងមូល​ផងដែរ។

តែទោះបីយ៉ាងណាក្ដី លោកជំទាវបានឱ្យដឹងដែរថា ការអភិវឌ្ឍក្នុងខេត្តព្រះសីហនុ ក៏មានបញ្ហាប្រឈមមួយចំនួន ដោយសារកត្តាអភិវឌ្ឍន៍មានល្បឿនលឿនពេក ការគ្រប់គ្រង​មិនបានហ្មត់ចត់នោះ អាចនាំឱ្យប្រជាពលរដ្ឋនៃចំណែកណាមួយ​មិនបានទទួលផល​តាមទាន់​គេ។ ទាក់ទងនឹងការការអភិវឌ្ឍ ទីក្រុងឆ្លាតវៃ លោកជំទាវបានចាត់ទុកថា នេះគឺជាគោល​ដៅមួយ ដែលយើងចង់អភិវឌ្ឍន៍ ហើយក្រុងព្រះសីហនុ ជាទិសដៅមួយក្នុងការអភិវឌ្ឍ​ជាទីក្រុងឆ្លាតវៃ។ លើសពីនេះទៀត អង្គការសហប្រជាជាតិចង់ចូលរួមចំណែក​សហការជួយ​រដ្ឋបាលខេត្តព្រះ សីហនុ ឱ្យទៅជាទីក្រុងឆ្លាតវៃ យើងមានវិធីច្រើនដើម្បីសម្រេចទីក្រុង​មួយ​ឆ្លាតវៃប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន។

លោកជំទាវបានលើកឡើងបន្ថែមថា សម្រាប់អង្គការសហប្រជាជាតិយល់​ឃើញវិធី​មួយទៀត គឺការអភិវឌ្ឍឈានទៅទីក្រុងឆ្លាតវៃ គឺជាការចូលរួមស្តាប់ មតិយោបល់របស់​ប្រជាពលរដ្ឋ ក្នុងនោះ ផ្តោតលើអ្នកវិនិយោគទុនដែលមានទស្សន​យល់ឃើញចង់ឱ្យទីក្រុង​យើងល្អ។ ក្រៅពីនេះ លក្ខណៈបរិយាប័ន្ន ការអភិវឌ្ឍទីក្រុងរបស់យើងមិន​សម្រាប់បុគ្គលមួយ​ចំនួនទេ គឺសម្រាប់ទាំងអស់គ្នា ហើយក៏មានការគាំទ្រដល់រដ្ឋអំណាចមូលដ្ឋាន ដើម្បីដោះ​ស្រាយបញ្ហាឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

ដោយ ងូ សុមុនី