ក្រុមហ៊ុន Oxley Gem (ខេមបូឌា) ខូអិលធីឌី ប្រកាសតែងតាំងក្រុមហ៊ុនម៉ៅការថ្មី ដើម្បី បន្តការស្ថាបនាគម្រោងអភិវឌ្ឍន៍ចម្រុះសណ្ឋាគារ Peak

AKP ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ២០១៩ — ក្រុមហ៊ុន Oxley Gem (ខេមបូឌា) ខូអិលធីឌី (“Oxley Gem”) ដែលជាអ្នកអភិវឌ្ឍន៍នៃគម្រោង​អភិវឌ្ឍន៍សណ្ឋាគារចម្រុះ Peak ​បានប្រកាសបញ្ជាក់ស្តីពីការសម្រេចតែងតាំងក្រុម​ហ៊ុន​អ្នក​ម៉ៅ​ការសាងសង់ថ្មី​មួយដែលមានឈ្មោះថា “ក្រុមហ៊ុន China Railway Urban Construction Group Co., Ltd” (“CRUCG”) ​ដើម្បីមកទទួល និងបន្តដំណើរការសាងសង់​សំណង់​​ដែល​មានស្រាប់តទៅមុខទៀត។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុន Oxley Gem (ខេមបូឌា) ខូអិលធីឌី។

ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ក្រុមហ៊ុន Oxley Gem (ខេមបូឌា) ខូអិលធីឌី (“Oxley Gem”) មានទីតាំងស្ថិតនៅផ្លូវសម្តេចហ៊ុនសែន សង្កាត់ទន្លេ​បាសាក់ ខណ្ឌចំការមន​ ​រាជធានីភ្នំពេញ ហើយការសម្រេចតែងតាំងក្រុម​ហ៊ុន​អ្នក​ម៉ៅ​ការសាងសង់ថ្មី CRUCG នេះ ​គឺបន្ដដំណើរការផ្ទេរពីក្រុមហ៊ុន​ Great Wall International Engineering Co. , Ltd (“SINO”)។ ក្រុមហ៊ុន CRUCG គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់​ក្រុមហ៊ុនសាជីវកម្មសំណង់ផ្លូវដែកចិន ​(“CRCC”) ជាសហគ្រាសសំណង់របស់រដ្ឋដ៏ធំមួយ ដែល​​​​ត្រូវបានចុះបញ្ជីនៅសៀងហៃ (Shanghai) និងហុងកុង (Hong Kong) ក្នុងឆ្នាំ ២០០៨ (មានលេខកូដ A-​Share code 601186, H-Share code 1186)។ នៅក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុននេះ ត្រូវបានគេចាត់ចំណាត់ថ្នាក់​លំដាប់ទី ៥៨ ក្នុងចំណោមក្រុមហ៊ុនដែលមាន​សំណាងបានជាប់ចំណាត់ថ្នាក់ទាំង ៥០០ ក្រុម​ហ៊ុន និងជាក្រុមហ៊ុនវិស្វកម្មដ៏ធំលំដាប់ទី ៣ ក្នុងចំណោមក្រុមហ៊ុនវិស្វកម្មធំៗ ដែលបាន​ជាប់ចំណាត់ថ្នាក់ទាំង ២៥០ ក្រុមហ៊ុន នៅលើ​ពិភព​លោកក្នុងរយៈពេល ១១ ឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុន CRUCG មានជំនាញក្នុងការ សាង​សង់គម្រោងលំនៅឋាន និងមានបទពិសោធន៍​ច្រើន​ក្នុងការចុះកិច្ចសន្យាសាងសង់អគារ​ខ្ពស់ៗ​ទូទៅ​ និងសំណង់ស្មុគស្មាញធំៗ ក្នុងតំបន់​ទីក្រុង។

ជាមួយគ្នានេះ បច្ចុប្បន្នក្រុមហ៊ុន Oxley Gem កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយ​ក្រុម​ហ៊ុនម៉ៅការមេមុនឈ្មោះ​ Great Wall International Engineering Co. , Ltd (“SINO”) លើ​ដំណាក់កាលចុងក្រោយនៃដំណើរការផ្ទេរ និងប្រគល់ឱ្យក្រុមហ៊ុន CRUCG ដើម្បីឱ្យ CRUCG ចូលមកទទួល និងកាន់កាប់ការងារសាងសង់បន្តឱ្យ​ប្រព្រឹត្តទៅបានរលូនចាប់ពី​ថ្ងៃសុក្រទី០៦ ខែធ្នូ ឆ្នាំ ២០១៩ តទៅ  ​ហើយផ្តើមបន្តដំណើរការសាងសង់ដូចធម្មតា និងជា​បន្ត​បន្ទាប់។

ក្នុងនាមក្រុមហ៊ុន និងក្នុងនាមភាគីពាក់ព័ន្ធទាំងអស់ ដែលជាប់ទំនាក់ទំនងជាមួយនឹង​គម្រោង​អភិវឌ្ឍន៍ The Peak ក្រុមហ៊ុន Oxley Gem សូមធានាថា កាលបរិច្ឆេទបញ្ចប់ការ​សាងសង់សំណង់គម្រោងដែលបានគ្រោងទុកនោះ នឹងមិនមានផលប៉ះពាល់ដល់ការបញ្ចប់​កិច្ច​សន្យា​សាងសង់​ជាមួយក្រុមហ៊ុន  “SINO” និង​ការជំនួសដោយក្រុមហ៊ុនអ្នកម៉ៅការថ្មី​បន្ត​ឡើយ៕

ដោយ រិទ្ធី