Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរាជួបពិភាក្សាជាមួយអ្នកជំនាញនៃប្រទេសទាំង១០ក្នុងសហគមន៍អាស៊ាន

Published

on

AKP សៀមរាប ថ្ងៃទី​​​២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ — ឯកឧត្តម ជុំ សុភមករា អគ្គនាយករង តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញា​ធរជាតិ​អប្សរា បានអនុញ្ញាតឱ្យសិក្ខាកាមមកពី១០ប្រទេសនៃសហគមន៍អាស៊ាន តាមរយៈ​សិក្ខា​​សាលាស្តីពីមរតកវប្បធម៌ និងតួនាទីថ្មីនៃសារមន្ទីរ ក្នុងសហគមន៍អាស៊ាន ដឹកនាំដោយ​លោកសាស្រ្តាចារ្យ Yoshiaki Ishizawa ប្រធានសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន ចូលជួបពិភាក្សាផ្លាស់ប្តូរយោបល់ រវាងមន្រ្តីជំនាញនៃអាជ្ញាធរជាតិអប្សរា និងសិក្ខាកាមទាំង​១០ប្រទេស។   ជំនួបនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆកា ឆ្នាំ២០១៩។

នៅក្នុងជំនួបពិភាក្សានោះ មន្រ្តីជំនាញនៃអាជ្ញាធរជាតិអប្សរានិងសិក្ខាកាមទាំង​១០​ប្រទេស បានផ្លាស់ប្តូរយោបល់នូវបទពិសោធន៍ល្អៗរវាងផ្នែកនៃការអភិរក្ស​និងការគ្រប់គ្រងឱ្យ​គ្នាទៅវិញទៅមក។ ឯកឧត្តម ជុំ សុភមករា បានលើកឡើងអំពីកាលប្រវត្តិ​សំខាន់ៗនៃការរីក​ចម្រើនក្នុងរមណីយដ្ឋានអង្គរ និងតួនាទីរបស់អាជ្ញាធរជាតិអប្សរា រួមទាំងកិច្ចការ​អភិរក្សក្នុង​តំបន់អង្គរកន្លងមកជូនដល់សិក្ខាកាមទាំងអស់បានស្តាប់ផងដែរ។

លោកសាស្រ្តាចារ្យ Yoshiaki Ishizawa ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរា​ដែលតែងតែគាំទ្រ និងឧបត្តម្ភដល់សិក្ខាសាលាស្តីពីមរតកវប្បធម៌ និងតួនាទីថ្មីនៃសារមន្ទីរ ក្នុងសហគមន៍អាស៊ាន ដែលបានប្រព្រឹត្តទៅកាលពីឆ្នាំ២០១៧និងឆ្នាំ២០១៨។ លោកសាស្រ្តា​ចារ្យបានបន្តថា ការគាំទ្រនេះបានទទួលការវាយតម្លៃខ្ពស់ជាទីបំផុត តាមរយៈសន្និសីទអន្តរ​ជាតិ​លើកទី២៥នៃ ICOM (International Council of Museums) ដែលបានធ្វើឡើង កាលពី ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងតូក្យូថ្មីៗនេះ៕

ដោយ ហង្ស សៀក

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន