​បិទ​វគ្គ​បំប៉ន​ជំនាញ​បំភ័ន្ត​អក្ខរៈ​ជំនាន់​ទី​១​ និង​បើក​វគ្គ​បំប៉ន​ការ​ងារ​ជំនាញ​បំភ័ន្ត​អក្ខរៈ​ជំនាន់​ទី​២ ​ឆ្នាំ​២០១៩ នៅ​ឯ​សាលា​ហ្វឹក​ហ្វឺន​ជំនាញ​បំភ័ន្ត​អក្ខរៈ ក្នុង​ខេត្ត​កណ្ដាល​

AKP កណ្ដាល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ — ឯកឧត្ដម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង​ នាយសេនាធិការ​ចម្រុះ​ នៃកងយោធ​ពល​ខេមរ​​ភូមិន្ទ ​បានអញ្ជើញចូលរួមក្នុងពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ​បំភ័ន្ត​អក្ខរៈ​ជំនាន់​ទី​១​  និង​បើក​វគ្គ​បំប៉ន​ការ​ងារ​ជំនាញ​បំភ័ន្ត​អក្ខរៈ​ជំនាន់​ទី​២ ​ឆ្នាំ​២០១៩​ នៅ​ឯ​សាលា​ហ្វឹក​ហ្វឺន​ជំនាញ​បំភ័ន្ត​អក្ខរៈ  នៃ​ទី​ចាត់​​ការ​បំភ័ន្តអក្ខរៈ ​អគ្គបញ្ជាការ ​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ សង្កាត់​ស្វាយ​រលំ​ ក្រុង​តាខ្មៅ ​ខេត្ត​កណ្ដាល​ កាល​ពី​ថ្ងៃទី​២៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​​។

ឯកឧត្ដម នាយ​ឧត្ត​ម​សេនីយ៍​ ឥត​ សារ៉ាត់​ បាន​គូសបញ្ជាក់ថា ​នាយទាហាន ពល​ទាហាន យោធាចារ្យ និងគណៈគ្រប់គ្រងសាលាហ្វឹក​ហ្វឺន​ជំនាញបំភ័ន្តអក្ខរៈ ត្រូវបន្តពង្រឹង​ថែមទៀត​អំពី​ការសាមគ្គីភាព ឯកភាពផ្ទៃក្នុង ការស្មោះត្រង់ជា​មួយ​ជាតិ ​សាសនា ព្រះមហា​ក្សត្រ និងរាជរដ្ឋាភិបាល ព្រមទាំងការគាំទ្រប្រមុខរាជរដ្ឋាភិបាល ជាពិសេសគាំទ្រសម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន​ នាយក​រដ្ឋមន្រ្តី ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ដើម្បី​រក្សា​សុខ​សន្តិភាព ​ស្ថិរ​ភាព​ និង​ការ​អភិវឌ្ឍ​របស់​ប្រទេស​ជាតិ​។ ឯកឧត្ដម នាយឧត្តមសេនីយ៍ បានថ្លែង​នូវការ​លើក​សរសើរ និងវាយតម្លៃខ្ពស់ដល់​គណៈ​គ្រប់​គ្រង​ ទីចាត់ការ សាលា និងយោធាចារ្យ ព្រមទាំង​សិក្ខា​កាម​ នាយទាហាន​ជំនាញ​បំភ័ន្តអក្ខរៈគ្រប់ជំ​នាន់​ទាំង​​អ្នក​ដែលត្រូវ​បញ្ច​ប់​វគ្គ ​និង​សិក្ខាកាម​ ដែលត្រូវបន្តបើកវគ្គរៀនសូត្រនូវជំនាញបំភ័ន្តអក្ខរៈទាំង​អស់​ ដែល​រហូត​មក​បាន​ខិត​ខំប្រឹងប្រែងពុះពារ​រាល់​ការលំបាកស្មុគស្មាញនានា ជំរុញឱ្យដំណើរការ​ នៃវគ្គហ្វឹក​ហ្វឺន​ជំនាញបំភ័ន្តអក្ខរៈនេះ ​តាំងពីពេលពីចាប់ផ្តើមរហូត ដល់​ពេលបញ្ចប់វគ្គនីមួយៗ សម្រេចបាន​លទ្ធផល ប្រកប​ដោយ​ជោគ​ជ័យ​។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានណែនាំដល់ប្អូនៗ ដែល​ទើបចូលមកហ្វឹកហ្វឺន សម្រាប់​វគ្គ​បំប៉នជំនាញបំភ័ន្តអក្ខរៈជំនាន់ទី២ និងប្អូនៗ ដែលកំពុងហ្វឹក​ហ្វឺន ត្រូវយកចិត្តទុកដាក់ ខិតខំតស៊ូ អនុវត្តន៍ឱ្យ​បាន​ល្អ ​និង​ត្រូវព្យាយាមប្រឹងប្រែងហ្វឹកហ្វឺន ជំនាញបំភ័ន្តអក្ខរៈយោធានៅទីនេះឱ្យបានកាន់តែប្រសើរ ​ដើម្បីពេលបញ្ចប់វគ្គប្អូនៗ មាន​សមត្ថ​​ភាពគ្រប់គ្រាន់​ ក្នុងការចូលរួមបម្រើឱ្យបុព្វហេតុការពារជាតិមាតុភូមិ​របស់​យើង​បាន​រឹងមាំ​ ពិសេស​ត្រូវគោរព​ និងអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់​ប្រមុខរាជរដ្ឋាភិបាល ​ថ្នាក់ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ​ អគ្គមេបញ្ជាការ​ នៃកងយោធពលខេមរភូមិន្ទ។

ឯកឧត្ដម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ ចំពោះ​ប្រទេស​ជា​មិត្ត​ ដែល​តែង​តែបាន​ជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារ និងផ្នែក​បច្ចេក​ទេសបំភ័ន្តអក្ខរៈដល់ទីចាត់​ការ​បំភ័ន្តអក្ខរៈ ដើមី្បមានគ្រប់លទ្ធភាពក្នុងការបណ្ដុះបណ្ដាលធន​ធានមនុស្សលើជំនាញសារ​សំងាត់​នេះ​ ដល់​កងយោធពលខេមរ​ភូមិន្ទ​។

បើតាមរបាយការណ៍វគ្គ របស់ឧត្តមសេនីយ៍ឯក មន្នី ហោរ៉ាត់ នាយរង​សេនាធិការ​ចម្រុះ ​និង​ជា​នាយក​ទីចាត់​ការ​បំភ័ន្តអក្ខរៈ អគ្គបញ្ជាការ  និង​លោក​វរសេនីយ៍ឯក ថាច់ សារ៉េត នាយកសាលាជំនាញបំភ័ន្តអក្ខរៈ បានឱ្យដឹងថា វគ្គហ្វឹកហ្វឺនបំប៉នជំនាញបំភ័ន្ត​អក្ខរៈ​ជំនាន់ទី​១​ ដែលត្រូវបានបញ្ចប់នេះ មានសិក្ខាកាមជានាយទាហានជំនាញ​បំភ័ន្តអក្ខរៈចូលរៀន​សូត្រ​ចំនួន​៩០​នាក់​ ក្នុង​នោះមាន​យោធាចារ្យចំនួន​១០នាក់​ និង​គណ:គ្រប់គ្រងចំនួន​៩នាក់ ​ដោយប្រើរយៈពេលសិក្សារៀនសូត្របន្ថែម៦ខែ លើខ្លឹមសារមេរៀនលក្ខន្តិក: ទ្រឹស្ដីបច្ចេក​ទេស​​ជំនាញបំភ័ន្តអក្ខរៈ (សារបាំងប្រែ)​។ ទន្ទឹមនេះ ក្រោយពេលបញ្ចប់វគ្គ សិក្ខាកាមដែល​ចូល​ហ្វឹកហ្វឺនទាំង៦៣នាក់ ទទួលបាននិទ្ទេសល្អណាស់ចំនួន០៣នាក់, និទ្ទេសល្អចំនួន ១២នាក់, និទ្ទេសល្អបង្គួរចំនួន៣៦នាក់ និងនិទ្ទេសមធ្យមចំនួន ១២នាក់។

ដោយ​ឡែក​សម្រាប់​វគ្គបំប៉នជំនាញបំភ័ន្តអក្ខរៈជំនាន់ទី២ ដែលត្រូវបើកឲ្យដំណើរការរៀនសូត្របន្តពីវគ្គជំនាន់ទី ១ ដែល​ត្រូវ​បាន​បញ្ចប់​នេះមានសិក្ខាកាមជានាយទាហានមកពីគ្រប់បណ្ដាកងឯកភាព​ ក្នុងកងយោធពលខេមរភូមិន្ទ​ចូលរៀនសូត្រចំនួន៩៧នាក់ ក្នុងនោះមានយោធាចារ្យចំនួន ១០នាក់ និងគណៈគ្រប់គ្រងវគ្គចំនួន០៩ នាក់ ដោយប្រើរយៈពេលហ្វឹកហ្វឺន ៦ខែ លើខ្លឹមសារ​លក្ខន្តិកៈ, បទវិន័យទូទៅ, អប់រំចិត្តសាស្ត្រ, វគ្គមុខជំនាញ​ទ្រឹស្ដី​បច្ចេក​ទេស ​និង​ការ​អនុវត្ត​ជាក់​ស្ដែង​ ៕

ដោយ សំ សាម៉ន