មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ រៀបចំកម្មវិធីយុទ្ធនាការបណ្តុះបណ្តាល ស្តីពីបច្ចេកទេសជួសជុលថែទាំផ្លូវ និងកម្មវិធីថែទាំផ្លូវ ROAD CAR Mobile App

AKP ព្រះវិហារ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ — មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានរៀបចំកម្មវិធីយុទ្ធនាការបណ្តុះ បណ្តាលស្តីពី បច្ចេកទេសជួសជុលថែទាំផ្លូវ និងកម្មវិធីថែទាំផ្លូវ ROAD CAR Mobile App ក្រោមវត្តមានលោក គោ ស៊ុប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ និងលោក នួន ចំរុង អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន កាលពី​ថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ និងមានការចូលរួមពីលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធយុវជន ស.ស.យ.ក សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាច្រើនរូបសរុបជាង២៦០នាក់។

លោក សំ លាងទ្រី បានថ្លែងថា កម្មវិធីថែទាំផ្លូវ ROAD CAR Mobile App គឺជាកម្មវិធីថ្មីមួយនៅលើទូរសព្ទ័ដៃឆ្លាតវៃ ដែលសាធារណជន អាចថតរូប និងវីដេអូអំពីផ្លូវខូច ជង្ហុក ឬសម្បុកមាន់ រួចផ្ញើទៅកាន់ភ្នាក់ងារសមត្ថកិច្ចផ្លូវថ្នល់ដើម្បីត្រួតពិនិត្យ និងចាត់វិធាន ការជួសជុល ថែទាំឱ្យបានទាន់ពេលវេលា។ នេះជាសមិទ្ធផលថ្មីមួយ ក្នុងចំណោមសមិទ្ធផល ដ៏មានសារៈសំខាន់ជាច្រើនដែលត្រូវបានឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន ផ្តួចផ្តើមគំនិតបង្កើតឡើង ដើម្បីអភិវឌ្ឍន៍វិស័យសាធារណការ និងដឹកជញ្ជូនឱ្យមានការរីកចម្រើនថែមទៀត ។

លោកប្រធានមន្ទីរបានឱ្យដឹងទៀតថា កម្មវិធីថែទាំផ្លូវ ROAD CAR Mobile App នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបង្កើតវគ្គបណ្តុះបណ្តាលជូនដល់ មន្ត្រីរាជការ ក្នុងមន្ទីរព្រមទាំងមានការចូលរួមពីមន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទផងដែរ។ ទាក់ទងនឹងកម្មវិធីនេះ មន្ទីរទទួលបាននូវការរាយការណ៍ពីប្រជាពលរដ្ឋ បញ្ជូនរូបភាពផ្លូវខូច បានចំនួន៩ករណី និងបានដោះស្រាយរួចបាន ២ករណី មិនស្ថិតក្រោមការគ្រប់គ្រង របស់មន្ទីរ១ករណី បញ្ចូលក្នុងផែនការឆ្នាំ ២ករណី និងបដិសេធ ៤ករណីផងដែរ។

លោក គោ ស៊ុប៊ុនសឿត បានលើកឡើងថា នេះជាលើកទី១ហើយ ដែលក្រុម ការងារក្រសួង បានអញ្ជើញមកធ្វើការផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស ជួសជុល និងថែទាំផ្លូវ និងការប្រើប្រាស់កម្មវិធីថែទាំផ្លូវ ROAD CAR Mobile App នេះជាសាធារណៈ ជូនដល់មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក ឱ្យបានយល់ដឹង។

លោកអភិបាលរងខេត្តបានបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឱ្យកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យ សាធារណការ និងដឹកជញ្ជូន ដោយបានកសាងផ្លូវថ្នល់ស្ពានរាប់រយគីឡូម៉ែត្រក្នុងមួយឆ្នាំៗ ហេតុនេះសូមបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ ចូលរួមថែរក្សា ដើម្បីដល់រាជរដ្ឋាភិបាល ពិសេសក្រសួងសាធារណការ និងដឹកជញ្ជូន ដោយគ្រាន់តែទាញយកកម្មវិធីថែទាំផ្លូវ ROAD CAR Mobile App ដាក់ចូលក្នុងទូរសព្ទ័ហើយថតរូប ឬវីដេអូដើម្បីរាយការណ៍ទៅកាន់ សមត្ថកិច្ច ជួយដោះស្រាយទាន់ពេលវេលា។

លោក នួន ចំរុង បានបញ្ជាក់ថា កម្មវិធីថែទាំផ្លូវថ្នល់ ROAD CAR Mobile App នេះ ក្នុងគោលបំណងជំរុញការថែទាំផ្លូវថ្នល់ឱ្យមានគុណភាព និងប្រសិទ្ធភាព និងអនុវត្តន៍ឱ្យបាន ទាន់ពេលវេលា ក៏ដូចជា ថែរក្សាឱ្យបានផ្លូវថ្នល់កុំមានជង្ហុក និងសម្បុកមាន់នៅលើដងផ្លូវ ងាយស្រួលក្នុងការធ្វើចរាចរណ៍ ជួយសន្សំចំចៃពេលវេលាក្នុងការធ្វើដំណើរ កាត់បន្ថយក្នុងការជួសជុលយានយន្ត និងធ្វើឱ្យមានសុវត្ថិភាពដល់អ្នកប្រើប្រាស់ផ្លូវថ្នល់។

លោកបន្តថា ការធ្វើបទបង្ហាញ និងផ្សព្វផ្សាយស្តីពីបច្ចេកទេស ជួសជុលថែទាំផ្លូវថ្នល់ ដែលបាន និងផ្តល់ជូនដោយមន្ត្រីជំនាញរបស់នាយកដ្ឋានផ្លូវថ្នល់នាពេលនេះ នឹងជួយពង្រឹង សមត្ថភាពបន្ថែមដល់មន្ត្រីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក៏ដូចជា បងប្អូនទាំងអស់ដែលបានចូលរួមថ្ងៃនេះ ជួយជំរុញឱ្យបានសម្រេចនូវគោលដៅ ជាយុទ្ធសាស្ត្រ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលនឹងប្រែក្លាយផ្លូវថ្នល់នៅកម្ពុជា ដែលមានជង្ហុកសម្បុកមាន់ កុំឱ្យមាននាពេលអនាគត៕

ដោយ ទិត ស្រ៊