ក្រសួងព័ត៌មានប្រកាសទទួលពាក្យប្រឡង សម្រាប់មហោស្រពតន្ត្រី និងចម្រៀងកុមារពាន​រង្វាន់ក្រសួងព័ត៌មានឆ្នាំ២០២០ 

AKP ភ្នំពេញ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ — ក្រសួងព័ត៌មានបានប្រកាសដល់មាតា-បិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ សាលារដ្ឋ-ឯកជន សហគមន៍ និងអង្គការទាំងអស់ចូលរួមជួយជំរុញឱ្យប្អូនៗកុមារា-កុមារី ដែលមាន​ចំណង់ចំណូលចិត្ដ ទេពកោសល្យ និងទឹកដបសំឡេងពិរោះខាងផ្នែកសិល្បៈតន្រ្ដី និងចម្រៀង អាចដាក់ពាក្យប្រឡងក្នុងមហោស្រពតន្រ្ដី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌​មានឆ្នាំ​២០២០ ចាប់ពីពេលនេះតទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន

ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា កម្មវិធីមហោស្រពតន្ត្រី និងចម្រៀងកុមារពាន រង្វាន់​ក្រសួងព័ត៌មានឆ្នាំ២០២០ នឹងត្រូវចាប់ផ្តើមប្រឡងក្នុងពេលឆាប់ៗនេះហើយ ដោយក្នុង​នោះ បទចម្រៀងថ្មីៗបង្កប់ដោយខ្លឹមសារអប់រំរាប់សិបបទតាមរយៈការតាក់តែង និពន្ធរបស់ ប្អូនៗកុមារា-កុមារី លោកគ្រូ-អ្នកគ្រូ មាតា បិតាសិស្ស និងត្រូវផុសចេញពីសំឡេង​​របស់ប្អូនៗ​កុមារនៅលើឆាកកម្មវិធីមហោស្រពតន្ត្រី និងចម្រៀងកុមារ ពានរង្វាន់ក្រសួងព័ត៌មាន ប្រចាំឆ្នាំ ២០២០នេះ។ ជាមួយគ្នានេះ សម្រាប់ប្អូនៗកុមា​រាកុមារីរូបណាដែលមានជំនឿចិត្តលើទេព​កោសល្យ ភាពប៉ិនប្រសព្វ ទឹកដមសំឡេងពិរោះនោះ សូមអញ្ជើញទំនាក់ទំនងមក​ដាក់ពាក្យ​ប្រឡងនៅក្រសួងព័ត៌មានតាមរយៈទូរស័ព្ទលេខ ០១១ ២៤ ២៥ ១៩ / ០៩៦ ៣៣ ៨០ ១៧៨។ចំពោះកាលបរិច្ឆេទទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹង នេះតទៅ ។

ក្នុងសេចក្ដីប្រកាសបន្ដទៀតថា សម្រាប់លក្ខខណ្ឌចូលរួមប្រឡង គឺប្អូនៗ ក្មួយៗ ត្រូវ​មានអាយុចាប់ពី ៨ឆ្នាំ ដល់ ១៣ឆ្នាំ ត្រូវនិពន្ធបទចម្រៀងថ្មីចំនួន២បទ អត្ថន័យផ្តោតទៅលើ សុភាវធម៌ គុណធម៌ សីលធម៌ សុជីវធម៌ ការគោរព ឪពុក-ម្តាយ ចាស់ទុំព្រឹទ្ធចារ្យ ស្រឡាញ់​ការសិក្សា ស្រឡាញ់បរិស្ថាន ការគោរពច្បាប់ចរាចរណ៍ និងការជៀសឱ្យឆ្ងាយពីគ្រឿងញៀន ជាដើម ។

ក្រសួងព័ត៌មានក៏សូមអំពាវនាវដល់មាតា-បិតា អាណាព្យាបាល លោកគ្រូ-អ្នកគ្រូ សាលារដ្ឋ-ឯកជន សហគមន៍ និងអង្គការទាំងអស់ជួយជំរុញឱ្យប្អូនៗកុមារា-កុមារី មាន​ភាព​ក្លាហានក្នុងការទទួលយកការអប់រំតាមរយៈសិល្បៈ ចម្រៀងដើម្បីបណ្តុះផ្នត់គំនិតកុមារ ឱ្យ​មាន​​សេចក្តីក្លាហាន ទទួលយកនៅសិទ្ធិទាំង៤ គឺសិទ្ធិរស់រាន សិទ្ធិអភិវឌ្ឍន៍ សិទ្ធិទទួល​បាន​ការ​ការពារ និងសិទ្ធិនៅក្នុងការចូលរួម៕

ដោយ អ៊ុន រិទ្ធី