ព័ត៌មានជាតិ
ជប៉ុនចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយក្នុងគម្រោងហិរញ្ញប្បទានឥតសំណង សម្រាប់អង្គការក្រៅរដ្ឋាភិបាលជប៉ុននៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ — តាមរយៈស្ថានទូតជប៉ុននៅកម្ពុជា រាជរដ្ឋាភិបាលជប៉ុនបានចុះហត្ថលេខាលើកិច្ច សន្យាផ្តល់ជំនួយក្នុងគម្រោងហិរញ្ញប្បទានឥតសំណង សម្រាប់អង្គការក្រៅរដ្ឋាភិបាលជប៉ុន (IVY)នៅកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ ពិធីចុះហត្ថលេខានេះបាន ប្រព្រឹត្តទៅរវាងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងលោកស្រី SUZUSHIMA Chihoko តំណាងអង្គការ IVY។
ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងថា រាជរដ្ឋាភិ បាលជប៉ុនបានបន្តផ្តល់ថវិកាប្រមាណ ៤៤ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដល់អង្គការ IVY ខេត្ត ព្រះវិហារ ជាខេត្តដែលអង្គការកំពុងធ្វើសកម្មភាព ហើយក៏ជាខេត្តមួយក្នុងចំណោមខេត្តដែល មានអត្រាភាពក្រីក្រខ្ពស់ជាងគេនៅកម្ពុជា ដូច្នេះការកាត់បន្ថយភាពក្រីក្រមានសារៈសំខាន់ ណាស់។
ឯកឧត្តមបន្តថា នៅក្នុងខេត្តព្រះវិហារគម្រោងនេះ កំពុងតែគាំទ្រ និងខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់ប្រាក់ចំណូលរបស់កសិករ តាមរយៈការយកចិត្តទុកដាក់ទៅលើគ្រាប់ ស្វាយចន្ទី ដែលបានដាំដុះយ៉ាងសកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ គម្រោងនេះ ដើម្បីជួយធ្វើការណែនាំដល់ការដាំដុះដំណាំសរីរាង្គដល់កសិករ និងការដឹកជញ្ជូនរួមគ្នាតាម រយៈសហគមន៍កសិកម្ម។
ឯកឧត្តមឯកអគ្គរាជទូតបានបញ្ជាក់ថា នៅឆ្នាំនេះ អង្គការនឹងធ្វើការអនុវត្តគម្រោង ដើម្បីឱ្យសហគមន៍កសិកម្មចំនួន៦ថែមទៀត ទទួលបានវិញ្ញាបនបត្រសរីរាង្គ ហើយក៏ខិត ខំប្រឹងប្រែងបង្កើនបច្ចេកទេសរបស់កសិករតាមរយៈការណែនាំបច្ចេកទេសដាំដុះថ្មី ដូចជា ការផ្សាំកូនស្វាយចន្ទី និងកាត់មែកដែលមិនចាំបាច់ចេញ។
ឯកឧត្តមរំពឹងថា ប្រាក់ចំណូលរបស់កសិករនឹងកើនឡើងកាន់តែខ្លាំងដោយកសិករ គោលដៅ និងអាចដាំដុះគ្រាប់ស្វាយចន្ទី ដែលមានតម្លៃបន្ថែមទៀត គឺដំណាំសរីរាង្គប្រកប ដោយស្ថិរភាព។
លោកស្រី SUZUSHIMA Chihoko តំណាងអង្គការ IVY បានលើកឡើងថា តាមរយៈ គម្រោងនេះ អង្គការ IVY នឹងពង្រីកគោលដៅរបស់ខ្លួននូវកសិករដាំដំណាំស្វាយចន្ទីនៅក្នុង ខេត្តព្រះវិហារ ដែលបច្ចុប្បន្នមានសរុប ១១សហគមន៍កសិកម្ម និងពង្រីកសហគមន៍កសិកម្ម ថ្មីចំនួន ៦ បន្ថែមទៀត។
លោកស្រីបានបន្តថា កាលពីឆ្នាំមុនអង្គការ IVY បានបង្រៀនស្តង់ដារសរីរាង្គដល់ កសិករដាំដំណាំស្វាយចន្ទីជិត៤០០នាក់ មកពី៥សហគមន៍កសិកម្មនៅក្នុងខេត្តព្រះវិហារ ហើយបានគាំទ្រលើការបង្កើតប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងនៃក្រុមអ្នកដាំស្វាយចន្ទី។ ជាលទ្ធ ផលកសិករជាអ្នកដាំស្វាយចន្ទីចំនួន២៥៦នាក់ ដែលមានផ្ទៃដីសរុប៥៦០ហិកតា បានទទួល វិញ្ញាបនបត្របញ្ជាក់សរីរាង្គ ស្របតាមគោលការណ៍ច្បាប់របស់សហកមន៍អឺរ៉ុប និងសហរដ្ឋ អាមេរិកដែលឈានទៅរកការនាំចេញដំបូងគេនៅកម្ពុជា នូវគ្រាប់ស្វាយចន្ទីដែលបានបញ្ជាក់ សរីរាង្គ។
ជាមួយនេះដែរ ថ្នាក់ដឹកនាំសហគមន៍កសិកម្មចំនួន ២នាក់ បានចូលរួមទស្សនកិច្ចពិ ព័រណ៍ពាណិជ្ជកម្មសរីរាង្គអន្តរជាតិមួយនៅទីក្រុងបាងកក ប្រទេសថៃ ហើយកសិករគំរូចំនួន ៤នាក់ បានចូលរួមទស្សនកិច្ចកសិដ្ឋានសរីរាង្គមួយនៅឥណ្ឌាខាងត្បូង ដើម្បីពង្រីកចំណេះដឹង និងការយល់ដឹងរបស់ពួកគេផងដែរ។ បច្ចុប្បន្ននេះធ្វើឱ្យផលិតកម្មគ្រាប់ស្វាយចន្នីរបស់កម្ពុជា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីជាតិ និងអន្តរជាតិ៕
ដោយ ប៉ាល់សុង
