Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

មន្ទីរកិច្ចការនារីខេត្តសៀមរាប ប្រារព្ធពិធីបើកយុទ្ធនាការ១៦ថ្ងៃបញ្ឈប់អំពើហិង្សាលើស្ត្រី

Published

on

AKP សៀមរាប ថ្ងៃទី​​​​២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ — មន្ទីរកិច្ចការនារីខេត្តសៀមរាប សហការជាមួយអាជ្ញាធរស្រុក និងអង្គការជាដៃគូបាន ប្រារព្ធពិធីបើកយុទ្ធនាការ១៦ថ្ងៃ បំពាក់បូពណ៌សក្រោមប្រធានបទ រួមគិត រួមធ្វើ រួមដោះ ស្រាយ ដើមី្បបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី កាលពីព្រឹកថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ស្រុកអង្គរធំ ខេត្តសៀមរាប ក្រោមអធិបតីភាពលោកស្រី យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពីមន្ត្រីរាជការ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋប្រមាណជាង២៥០នាក់។

លោកស្រី  យូ សុភា បានគូសបញ្ជាក់ថា ការប្រារព្ធពិធីនេះឡើងគឺដើមី្បបញ្ញាក់ ស្មារតីរបស់ប្រជាជនកម្ពុជា ឱ្យបានយល់ដឹងអំពីផលប៉ះពាល់នៃការប្រើ អំពើហិង្សាលើមនុស្សគ្រប់រូប។ សំខាន់ជនងាយរងគ្រោះជាកាតព្វកិច្ចរបស់ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងស្ថាប័នពាក់ព័ន្ធ ដើមី្បអនុវត្តន៍ច្បាប់ការពារ និងលុបបំបាត់នូវរាល់ទម្រង់នៃការរើសអើងលើស្រ្តីនិងកុមារ។ 

លោកជំទាវ យូ សុភា បានមានប្រសាសន៍ឱ្យដឹងទៀតថា ជាទូទៅយុទ្ធនាការនេះ ប្រារព្ធ ធ្វើទៅចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ដែលបានចាត់ទុកថា ជាទិវានៃការ សាមគ្គីភាពរបស់បុរសប្រឆាំងនឹងអំពើហិង្សាទៅលើស្ត្រី ដោយបានកំណត់ការបំពាក់ បូពណ៌ស ដែលជាសញ្ញានៃការសន្យារបស់ពួកគេ ដើមី្បបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី។  បញ្ហាអំពើហិង្សា តែងកើតឡើងនៅក្នុងគ្រួសារ និងការរំលោភបំពានផ្លូវ ភេទលើស្រ្តី ក្មេងស្រី ដែលបានកំពុងកើតមានស្ទើររាល់ថ្ងៃ នៅគ្រប់ទីកន្លែង ទៅតាមគ្រប់រូបភាព ទាំងនៅក្នុងគ្រួសារ និងសាធារណៈ។ ម៉្យាងទៀត ស្ត្រីជាអ្នកប្រឈម មុខនឹងឧបសគ្គ និងទទួលរងនូវហានីភ័យនៃអំពើហិង្សានេះ ដោយរួមបញ្ចូលទាំងស្ត្រីពិការ ស្ត្រីមានផ្ទុកមេរោគអេដស៍ ស្រ្តីស្រឡាញ់ភេទដូចគ្នា ស្ត្រីបម្រើផ្លូវភេទបម្រើសេវាកម្សាន្ត កម្មការិនីរោងចក្រ និងនិយោជិកជាស្រ្តីជាដើម។   ដូច្នេះសកម្មភាពយុទ្ធនាការ១៦ថ្ងៃ នៃការបំពាក់បូរពណ៌ស ដ៏មានតម្លៃនេះ ក្នុងការចូលរួមកាត់បន្ថយអំពើហិង្សា ទាក់ទងនឹងយេនឌ័រ ក្នុងការឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ផែនការជាតិនារីរតនៈ របស់ក្រសួងកិច្ចការនារី ក្នុងការជំរុញឱ្យមានសមភាពនិង សមធម៌យេនឌ័រនៅក្នុងសង្គម ដើមី្បកាត់បន្ថយរាល់ទម្រង់អំពើហិង្សាលើស្ត្រី និងក្មេងស្រី។

លោកស្រី យូ សុភា បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន យុវជន សិស្សានុសិស្ស នាំគ្នាសកម្មចូលរួមទប់ស្កាត់ លើកកម្ពស់ការប្រព្រឹត្តបែបវិជ្ជមាន ចំពោះជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងលើកទឹកចិត្តយុវជនចូលរួមបញ្ចប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី គឺចាប់ផ្តើមពីខ្លួននាក់។

លោកស្រីបន្តទៀតថា កត្តាសំខាន់ គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដែលជាគោលការណ៍ណែនាំ ដើមី្បធានានូវសុវត្ថិភាព ស្ថិរភាព ជូនដល់ប្រជាពលរដ្ឋ និងការលើកកម្ពស់នៃការយល់ដឹងអំពីអំពើហិង្សាលើស្ត្រី និងកុមារ ព្រមទាំងការផ្តល់ឱកាសដល់ពួកគេចូលរួមពេញលេញ សម្រាប់សកម្មភាពជាវិជ្ជមាន ព្រោះថាយុវវ័យជាសសរស្តម្ភដ៏រឹងមាំនៃប្រទេសជាតិ ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិទៅពេលអនាគត៕

ដោយ ហង្ស សៀក

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន