ឯកឧត្ដម ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ លើកឡើងថា តាមរយៈយុវជនស្ម័គ្រចិត្ត​ប្រទេស​ម៉ាឡេស៊ី នឹងធ្វើឱ្យសង្គមកម្ពុជាទទួលបានការអប់រំប្រកបដោយក្រមសីលធម៌

AKP ភ្នំពេញ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ — ឯកឧត្ដម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស បានលើកឡើងថា តាមរយៈយុវជនស្ម័គ្រចិត្ដប្រទេសម៉ាឡេស៊ី​ នឹងធ្វើឱ្យសង្គមកម្ពុជា ទទួលបានការអប់រំ​ប្រកប ដោយក្រមសីលធម៌ និងវិជ្ជាជីវៈក្នុងការចូលរួមចំណែកជួយបណ្ដុះបណ្ដាល និងលើកកម្ពស់​គុណភាពអប់រំនៅកម្ពុជា។ ការលើកឡើងរបស់ឯកឧត្ដមនេះ ក្នុងកម្មវិធីយុវជនស្ម័គ្រ​ចិត្ត​ប្រទេសម៉ាឡេស៊ី HNSB Volunteer Cam bodia លើកទី៤ ក្រោមប្រធានបទ បុព្វហេតុនៃ​ស្នាមញញឹម នៅស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

ឯកឧត្ដម ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងកោតសរសើរ ដល់ទឹកចិត្តសប្បុរស​ធម៌​​របស់យុវជន ក្នុងការជួយរំលែកទុក្ខលំបាករបស់ប្រជាជនកម្ពុជា ដែលនេះគឺជាសក្ខីភាពនៃ​ការ​ជួយគ្នាទៅវិញទៅមក ក្នុងនាមជាមនុស្សជាតិ និងប្រជាជាតិនៅក្នុងសកលលោក។ ឯកឧត្ដម ទេសរដ្ឋមន្ត្រីបានស្នើឱ្យប្អូនៗយុវជន ត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ ក្នុងការ​អនុវត្ត​ការងារ។

សូមបញ្ជាក់ដែរថា តាមរយៈកម្មវិធី HNSB Volunteer ដឹកនាំដោយលោក Shahrul nizam Bin Kamal អគ្គនាយករង និងជាអ្នកគ្រប់គ្រងកម្មវិធីនេះ បាននិងកំពុងធ្វើកិច្ចសហប្រតិ​បត្តិការ​មនុស្សធម៌នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកាមក ហើយនឹងត្រូវបិទបញ្ចប់​នៅ​ថ្ងៃ​ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ នេះគឺជាលើកទី៤ហើយ នៃសកម្មភាពមនុស្សធម៌របស់ កម្មវិធី HNSB Volunteer នៅលើទឹកដីកម្ពុជា ដែលលើកនេះធ្វើសកម្មភាពនៅគោលដៅ ភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ផ្តោតទៅលើកិច្ចការមួយចំនួនមានដូចជា ការ​លាបថ្នាំ​សាលារៀន ធ្វើបង្គន់អនាម័យ និងកម្មវិធីអប់រំផ្សេងៗទៀត៕

ដោយ សួស សំរិត