ក្រសួងបរិស្ថានប្រារព្ធពិធីអបអរសាទរខួបទី៤១ ​កំណើតរណសិរ្ស២ធ្នូ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ — ដោយសារគុណបំណាច់ នៃស្មារតីប្រវត្តិសាស្រ្តថ្ងៃកំណើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ២ ធ្នូ និងថ្ងៃជ័យជម្នះ ៧ មករា បានជំរុញឱ្យប្រទេសជាតិ​ មានការអភិវឌ្ឍគ្រប់វិស័យ។ នេះជាប្រសាសន៍របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងនៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ នៃកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន កាលថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា ក្នុងនោះ​វិស័យបរិស្ថាន​ក៏ទទួលបាន​ការយកចិត្តទុកដាក់កាន់តែប្រសើរឡើង។ ឯកឧត្តម បន្តថា ចាប់ពីថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩​ រហូតមកដល់បច្ចុប្បន្ន វិស័យបរិស្ថានមានផ្លាស់ប្តូរយ៉ាងសំខាន់ ដែលពីឆ្នាំ១៩៩៣ មករាជរដ្ឋាភិបាលបានខិតខំបង្កើតបានជារដ្ឋលេខាធិការដ្ឋានបរិស្ថាន ការបង្កើតឧទ្យានជាតិ និងតំបន់ការពារធម្មជាតិ ហើយបន្ទាប់មកក្លាយជាក្រសួងបរិស្ថាន និង​បានបំពេញតួនាទីលើការគ្រប់គ្រងបរិស្ថាន​ រីកចម្រើនរហូតដល់សព្វថ្ងៃ។ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា មន្រ្តីរាជការក្រសួងបរិស្ថាន បានពុះពារ លះបង់ខ្ពស់ដើម្បីបុព្វហេតុបរិស្ថាននៅកម្ពុជា ដែលធ្វើឱ្យកើតមានសមិទ្ធផលជាច្រើន ក្នុងនោះប្រជាជនមានការយល់ដឹង​ និងចូលរួមក្នុងវិស័យបរិស្ថានកាន់ច្រើនឡើងផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវសេចក្តីសង្ឃឹមថា នៅក្នុងរយៈពេលជាង១០ឆ្នាំទៅមុខទៀត បរិស្ថាននឹងទទួលបានការចូលរួម​និងយល់ដឹងកាន់តែប្រសើរថែមទៀត ព្រោះកម្ពុជាមានសុខសន្តិភាព មានការអភិវឌ្ឍសេដ្ឋកិច្ច និងប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់ ។

សូម​បញ្ជាក់​ថា​ ក្នុង​ពីធីអបអរសាទរខួបអនុស្សវរីយ៍លើកទី៤១ នៃកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូនេះ ឯកឧត្តម សាយ សំអាល់ បានជួបសំណេះ សំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងបរិស្ថាន ទាំងចាស់ទាំងថ្មី និងក្រុមគ្រួសារនៃស្ថាបនិកចលនារណសិរ្ស ២ធ្នូ ធ្លាប់បំពេញការងារក្នុងវិស័យបរិស្ថាន និងបានរម្លឹកដល់សមិទ្ធផលការងារ ជាប្រវត្តិសាស្រ្តក្នុងការអភិវឌ្ឍវិស័យបរិស្ថានឱ្យមានការរីកចម្រើនជារៀងរហូតមក។ ” រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ” ដែលបង្កើតឡើងនៅភូមិ២ធ្នូ ឃុំជើងឃ្លូ ស្រុកស្នួល ខេត្តក្រចេះ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។ ឆ្លងកាត់ដំណាក់កាលរីកចម្រើនជាច្រើនមករណសិរ្សនេះក៏បានប្តូរឈ្មោះមកជា ” រណសិរ្សសាមគ្គីកសាងការពារមាតុភូមិកម្ពុជា” និងជាចុងក្រោយនេះបានប្តូរមកជា” រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា “។ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិ ជាច្រើរូបផ្សេងទៀត​ ជាប្រមុខដឹកនាំ ហើយបានធ្វើឱ្យប្រទេសកម្ពុជាមានការរីកចម្រើនគ្រប់វិស័យដូចសព្វថ្ងៃ ៕

ដោយ ពេជ្រ ណារិទ្ធ