អ្នកនាំពាក្យរាជរដ្ឋាភិបាលលើកឡើងថា​ រាជរដ្ឋាភិបាលនឹងមិនអត់ឱនចំពោះមន្រ្តីទាំង​ឡាយ​ណាដែលរារាំងចំពោះការផ្តល់សេវាជូនប្រជាពលរដ្ឋនោះទេ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ — ឯកឧត្តម​ ផៃ​ ស៊ីផាន​ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា​ បានលើកឡើងថា​ រាជរដ្ឋាភិបាល​នឹងមិន​អត់ឱនចំពោះមន្រ្តីទាំងឡាយណា​ ដែលរារាំងចំពោះការផ្តល់សេវាជូនប្រជាពលរដ្ឋទេ​ ខណៈ បច្ចុប្បន្នរាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែងដើម្បីបំពេញតម្រូវការសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរ។ ការលើកឡើងរបស់ឯកឧត្តម​នេះ​នៅក្នុងសន្និ​សីទសារព័ត៌មាន ស្តីពី «វឌ្ឍនភាពជាតិ និងការបែងចែកភាគលាភ ប្រកបដោយសមធម៌» កាលពីថ្ងៃទី២៨​ ខែវិច្ឆិកា ឆ្នាំ២០១៩​ នាទីស្តីការគណៈរដ្ឋមន្ត្រី។

ឯកឧត្តម​ ផៃ​ ស៊ីផាន​ បានគូសបញ្ជាក់ថា​ រដ្ឋធម្មនុញ្ញកម្ពុជា​បានចែងយ៉ាង​ច្បាស់​ថាប្រជាពលរដ្ឋជាម្ចាស់អំណាច ដូច្នេះមន្រ្តីរាជការដែលស្ថិតនៅក្នុងអំណាច​នីតិប្រតិបត្តិ​ត្រូវ​ធ្វើយ៉ាងណាបំពេញសេវាសាធារណៈជូនប្រជាពលរដ្ឋដោយមិនត្រូវបង្កបញ្ហាស្មុគស្មាញអ្វីនោះ​ទេ។ ឯកឧត្តម​បានសង្កត់ធ្ងន់ថា​ មន្រ្តីដែលធ្វើជាឧបសគ្គក្នុងការអភិវឌ្ឍ​ និងសេវាកម្មជូន​ប្រជាពលរដ្ឋនោះ មន្រ្តីទាំងនោះមិនរួចខ្លួននោះទេ។ ឯកឧត្តម​បានអះអាងថា​ រាជរដ្ឋាភិបាល​នឹង​មិនអនុញ្ញាតឱ្យមន្រ្តីពុករលួយ​ និងមន្រ្តីដែលបង្កឧបសគ្គនៅក្នុងស្ថានភាពនោះទេ៕

ដោយ ចាន់ សុធីវង្ស