រដ្ឋមន្ត្រីក្រសួងការងារស្នើដល់កូរ៉េជួយពន្លឿនការអនុវត្តគម្រោងសិក្សាស្រាវជ្រាវ និងរៀបចំច្បាប់ស្ដីពីសុវត្ថិភាព និងសុខភាពការងារសម្រាប់កម្មករ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ — រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានស្នើដល់កូរ៉េ ជួយពន្លឿនការអនុវត្ត​គម្រោងសិក្សាស្រាវជ្រាវ និងរៀបចំច្បាប់ស្ដីពីសុវត្ថិភាព និងសុខភាពការងារសម្រាប់កម្មករ។ ការស្នើរបស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងការងារនេះ បានធ្វើឡើង ក្នុងខណៈប្រតិភូ​នៃទីភ្នាក់ងារ​សុខភាព និងសុវត្ថិភាពការងារ (KOSHA)នៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញទស្សន​កិច្ចនៅ​កម្ពុជា ដើម្បីប្រមូលព័ត៌មានស្តីពីសុវត្ថិភាព និងសុខភាពការងារ និងសន្យាថា​នឹងបន្តជួយ​កម្ពុជាក្នុងការលើកកម្ពស់បញ្ហាសុវត្ថិភាព និងសុខភាពការងារដល់កម្មករនិយោជិត នៅតាម​រោង​ចក្រសហគ្រាស ឱ្យកាន់តែប្រសើរបន្ថែមទៀត ដើម្បីបង្ហាញនូវការគាំទ្រដល់គម្រោ​ង សិក្សាស្រាវជ្រាវ និងរៀបចំច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារសម្រាប់ប្រទេសកម្ពុជា​ផងដែរ។

ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើក​ឡើងក្នុងជំនួបជាមួយលោកស្រី Heaeun CHOI អគ្គនាយករងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ កិច្ចសហ​ប្រតិបត្តិការ ក្រសួងការងារនៃសាធារណៈរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងការងារ។

ឯកឧត្ដម អ៊ិត សំហេង បានបង្ហាញការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការល្អ លើ​គ្រប់វិស័យរវាង រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេសលើវិស័យសុវត្ថិភាព និង​សុខភាព​ការងារនៅកម្ពុជា ក៏ដូចជាសាធារណរដ្ឋកូរ៉េ សំដៅលើកកម្ពស់សុវត្ថិភាព និងសុខុ​មាលភាពរបស់ពលករ នៃប្រទេសទាំងពីរ ក្រោមគម្រោងសិក្សាស្រាវជ្រាវ និងរៀបចំច្បាប់​ស្តីពីសុវត្ថិភាព និងសុខភាព ការងារដែល ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ ច្បាប់ និងបទដ្ឋាន​នានា ក្នុងគោលដៅពង្រឹងនូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ។ ឯកឧត្ដមរដ្ឋមន្ត្រី បានស្នើ​ដល់ភាគីកូរ៉េជួយពន្លឿនការអនុវត្តគម្រោងសិក្សាស្រាវជ្រាវ និងរៀបចំច្បាប់ស្ដីពីសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា ឱ្យរួចរាល់នៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ ដើម្បកាត់បន្ថយ​នូវ​គ្រោះថ្នាក់ការងារ ជំងឺវិជ្ជាជីវៈរបស់កម្មករ និយោជិត នៅកន្លែងធ្វើការ ដែលច្បាប់នេះបាន​ប្រើប្រាស់នៅក្នុងតំបន់អាស៊ានរួចមកហើយដែរ លើកលែងតែប្រទេសកម្ពុជា និងប្រទេសឡាវ​ប៉ុណ្ណោះ ដែលមិនទាន់មានច្បាប់នេះនៅឡើយ។

ជាការឆ្លើយតប លោកស្រី Heaeun CHOI បានបញ្ជាក់ថា រដ្ឋាភិបាលនៃសាធារណ រដ្ឋកូរ៉េ បានកំពុងតែរៀបចំច្បាប់ គតិយុត្តិ និងចុះសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីធានាថា ក្រោយពីច្បាប់នេះត្រូវបានដាក់ឱ្យអនុវត្ដន៍ គឺទទួលការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ និងផ្ដល់ផល ប្រយោជន៍ដល់កម្មករ និយោជិតកាន់តែប្រសើរឡើង។ លោកស្រីបានថ្លែងអំណរ គុណចំពោះ​រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការងារ ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការល្អ ហើយភាគី​កូរ៉េ​នឹងបន្តគាំទ្រដល់ការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាសរឹតតែទទួលបានភាពល្អប្រសើរបន្ថែមទៀត។

ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា ការរៀបចំច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការ​ងារ​បានកំណត់នៅក្នុងកម្មវិធីទី១នៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ដំណាក់កាលទី២ ឆ្នាំ២០១៩-២០២៣ របស់ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ និងរួមចំណែកដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការ យកចិត្តទុកដាក់លើសុខុមាលភាព និងសុវត្ថិភាពការងារពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះបងប្អូនកម្មករ និយោជិត។ ឯកឧត្ដមបាន​បន្ថែម​ទៀតថា ការរៀបចំច្បាប់ស្តីពីសុវត្ថិភាពការងារនឹងរួមចំណែកក្នុងការកែលម្អ ក្របខ័ណ្ឌ​ច្បាប់ បំពេញការខ្វះខាតលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យនេះ ពង្រឹងប្រព័ន្ធគ្រប់គ្រង​សុវត្ថិភាព និងសុខភាពការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់សហគ្រាស គ្រឹះស្ថាន ការកាត់បន្ថយគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ ដែលរួមចំណែកយ៉ាងសំខាន់ដល់វឌ្ឍនភាព និងពិពិធកម្មផ្នែកសេដ្ឋកិច្ច-សង្គមនៅកម្ពុជា ព្រមទាំងការប្រកួតប្រជែងក្នុងតំបន់ និងអន្តរ ជាតិ។

សូមបញ្ជាក់ថា ដោយមានការស្នើសុំពីភាគីកម្ពុជាលើការរៀបចំច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ KOSHA បានឯកភាពលើការគាំទ្រដល់កម្ពុជា ក្នុងការសិក្សាស្រាវជ្រាវ និងរៀបចំដោយនាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាម​រយៈគម្រោងសម្រាប់រយៈពេល៣ឆ្នាំ (២០២១-២០២៣)។ គម្រោងនេះមានគោលបំណង​សិក្សា​ស្រាវជ្រាវ និងដំណើរការរៀបចំច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារដែល​នាយក​ដ្ឋានពេទ្យការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាអ្នកអនុវត្តន៍គម្រោង និងមានការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីក្រសួងមុខរបរ និងការងារ KOSHA ដែលប្រើប្រាស់ថវិកាសរុបចំនួន ២៧៧.៨៦៣ដុល្លារអាម៉េរិក៕

ដោយ ប៊ុនរិទ្ធ