ព័ត៌មានជាតិ
បទយកការណ៍៖ លោក កង វុត្ថា ផ្តើមចេញពីគំនិតស្រឡាញ់បរិស្ថាន ក្លាយជាអ្នកបង្កើតសិប្បកម្មខ្នាតតូច ផលិតធ្យូងអនាម័យកែច្នៃពីកាកសំណល់
AKP កំពង់ស្ពឺ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ — ស្របពេលដែលបញ្ហាបំពុលបរិស្ថានកំពុងក្លាយជាបញ្ហាសកលដែលប្រទេសកម្ពុជា ក៏ដូចជា ប្រជាជាតិទូទាំងសកលលោកបានយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានបំផុសគំនិតឱ្យលោក កង វុត្ថា ស្រាវជ្រាវតាមបណ្តាញសង្គម Youtube ដើម្បីសិក្សាឈ្វេងយល់ពីបច្ចេកទេសកែច្នៃកាកសំណល់ធ្វើជាធ្យូងអនាម័យដែលអាចប្រើប្រាស់ជំនួសធ្យូងព្រៃធម្មជាតិបាន។
លោក កង វុត្ថា សម្បុរខ្មៅស្រអែម មានមាឌធំក្រអាញសក់រួញអង្គារដីចូលចិត្តពាក់មួកកាតិបក្នុងពេលត្រួតពិនិត្យការងារបានឱ្យដឹងថា បច្ចេកទេសធ្វើធ្យូងអនាម័យនេះលោកបានព្យាយាមស្រាវជ្រាវខ្លួនឯង តាមរយៈប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គមYoutubeមើលពីរបៀបធ្វើ ហើយយកមកអនុវត្តន៍ជាក់ស្តែងបន្ថែមទៀត ទម្រាំបានលទ្ធផលជាធ្យូងដែលលោកត្រូវចំណាយពេលវេលាយ៉ាងច្រើន។ លោកបានបន្ដថា ការបង្កើតសិប្បកម្មខ្នាតតូច ផលិតធ្យូងអនាម័យនេះ គឺមានភាគហ៊ុនជាមួយមិត្តភក្តិម្នាក់ទៀត ដែលធ្លាប់រស់នៅកម្សត់កម្រជាមួយគ្នា និងបានបង្កើតសិប្បកម្មផលិតធ្យូងអនាម័យដំបូងក្នុងទឹកប្រាក់វិនិយោគប្រហែលខ្ទង់ ៨ម៉ឺនដុល្លារអាម៉េរិក សម្រាប់ធ្វើការរៀបចំដំណើរការ សង្វាក់ផលិតកម្ម និងចំណាយលើការស្រាវជ្រាវជាបន្តបន្ទាប់ដូចជារកទិញម៉ាស៊ីន និងឧបករណ៍កែច្នៃផ្សេងៗ។ ក្រោយៗមកទៀតលោកក៏ចាប់ផ្ដើមបង្កើនទុនបន្ថែមទៀតទៅតាមតម្រូវការជាក់ស្តែង។
នីយាយមួយៗក្នុងទឹកមុខរាងមាំ បង្ហាញការតាំងចិត្តដ៏ខ្ពស់ ស្ថាបនិកធ្យូងអនាម័យ កង វុត្ថា បានរម្លឹកពីគំនិតអាជីវកម្មថា “ដោយសារតែ យើងឃើញថា ស្រុកខ្មែរយើងវាសប្បូរធនធានធម្មជាតិជាពិសេសគឺកាកសំណល់ច្រើន គេយកទុកចោលព្រោងព្រាតពាសពេញវាល ហើយចេញពីដំបូងមក យើងចង់សម្អាតអាកាកសំណល់បែបនឹង ដែលគេចោលហើយមើលទៅវាអត់ល្អដល់បរិស្ថាន។ មួយទៀតយើងចង់យកអាកាកសំណល់នឹង ធ្វើការប្រើប្រាស់ឡើងវិញ កុំឱ្យគាត់ចោលខ្ជះខ្ជាយបែបនឹង អញ្ចឹងទើបពួកខ្ញុំចាប់ផ្តើមសិក្សាស្រាវជ្រាវមក ហើយចាប់ផ្តើម ដើរប្រមូលកាកសំណល់ដែលគេចោល ដូចជាត្រឡោកដូង នៅតាមទីផ្សារ ឬតាមផ្ទះដែលគេប្រើប្រាស់ហើយទុកគរចោលអញ្ចឹងទៅមើលទៅវាអាចបង្កើតឱ្យមានភាពកខ្វក់ដល់លំនៅឋានផង។ ទន្ទឹមនេះ ពួកយើងក៏ដើរទៅប្រមូលយកវាតាមកន្លែងប្រជាពលរដ្ឋរស់នៅនឹង យើងទិញ គាត់ជូនជាថវិកាទៅគាត់ ដើម្បីឱ្យគាត់បានស្អាតកន្លែងគាត់ផង គាត់បានចំណូលចូលផង ហើយយើងយកមកកែច្នៃ។”
លោកបានបន្ដទៀត ការបង្កើតធ្យូងអនាម័យនេះគឺយើងចង់ជួយថែរក្សាបរិស្ថាន ដោយសារឃើញថា ធ្យូងព្រៃធម្មជាតិបានធ្វើឱ្យប៉ះពាល់ដល់ការបំផ្លាញបរិស្ថាន ដូចយើងកាប់ បំផ្លាញព្រៃឈើ អញ្ចឹងចង់ ឬមិនចង់ពេលអនាគតទៅ ព្រៃឈើនឹងវានឹងអស់ វាអាចនឹងធ្វើឱ្យប៉ះពាល់ដល់បរិស្ថានធនធានធម្មជាតិរបស់យើង។ លោកបានបន្ថែមថា “អញ្ចឹងយើងចាប់ផ្តើមកែច្នៃកាកសំណល់ ដូចជាសំរាម ជំនួសធ្យូងព្រៃវិញ ព្រោះតម្រូវការនៃការប្រើប្រាស់ធ្យូងយើងឃើញហើយ ហាងសាច់អាំងក៏ត្រូវការដុតធ្យូង អញ្ចឹងយើងជួយសម្រួលដល់ការប្រើប្រាស់របស់គាត់ ដែលនឹងជួយបរិស្ថានយើងផង អញ្ចឹងកាកសំណល់ទាំងអស់នឹងយើងប្រមូលយកមក យើងចាប់ផ្តើមធ្វើជាកត្តាមួយជួយកាត់បន្ថយការកាប់ព្រៃឈើដើម្បីដុតយក ធ្យូងធម្មជាតិ”។
បើតាមលោក ឈៀក មជ្ឈិម ប្រធានទីផ្សារនៅក្រុមហ៊ុន ខេមបូឌាន ស៊ីងម៉េង ធេលីមីឌាជាមិត្តភក្តិធ្លាប់រៀនសូត្រជាមួយគ្នាបានឱ្យដឹងថា លោក កង វត្ថា ចូលចិត្តជំនាញបច្ចេកទេសណាស់ ជាពិសេសការដំឡើង Soft Ware និង Hard Ware កុំព្យូទ័រ។ ដោយការស្រឡាញ់លើការស្រាវជ្រាវ លោក វុត្ថា នៅតែបន្តការស្រាវជ្រាវ។ ជាមួយគ្នានេះ លោក វុត្ថា បានទៅធ្វើការនៅតាមក្រុមហ៊ុនឯកជន និងអង្គការសង្គមស៊ីវិលមួយចំនួនកន្លងមកក៏លោកនៅតែស្រាវជ្រាវដែរ។
ដោយមានចំណង់ចំណូលចិត្តជាអ្នកស្រាវជ្រាវតាមអ៊ីនធឺណេតតាំងពីនៅជាសិស្សផងនោះ លោក កង វុត្ថា បានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKPដែលបានសួរថា តើលោកចេះធ្វើធ្យូងអនាម័យ និងឈ្វេងយល់ពីផលប៉ះពាល់បរិស្ថានពីនរណា? លោក វុត្ថា បានឆ្លើយដោយមិនបង្អង់ថា «អត់មាននរណាពន្យល់ទេ ដោយសារយើងឃើញជាក់ស្តែងថា បើសិនជាប្រជាពលរដ្ឋគាត់ផ្លាស់ប្តូរគោលដៅនៃការប្រើប្រាស់របស់គាត់ហើយមកប្រើប្រាស់ ធ្យូងអនាម័យច្រើន អញ្ចឹងធ្យូងព្រៃធម្មជាតិនឹងត្រូវបានកាត់បន្ថយហើយ ហើយពួកគាត់ក៏អត់ត្រូវការកាប់ព្រៃដើម្បីយកមកធ្វើធ្យូងទៀតដែរ។ ពួកគាត់អាចបង្កើនការដាំដុះ ឧទាហរណ៍ ឥឡូវដាំដូង យកត្រឡោកដូងមកធ្វើធ្យូង ឬក៏គាត់អាចដាំឫស្សីដើម្បីយកឫស្សី មកធ្វើធ្យូងឬស្សី ធ្យូងឫស្សីក៏វាជាចំណែកមួយនៃធ្យូងដែលមានតម្លៃថ្លៃនៅក្នុងទីផ្សារ ឬមួយគាត់អាចធ្វើការកែច្នៃពីការកាប់ព្រៃឈើ។” លោកបានបន្ថែមថា បើប្រជាពលរដ្ឋងាកមកដាំព្រៃឈើ ប្រភេទព្រៃកែច្នៃវិញដើម្បីយកឈើនឹងយកមកកែច្នៃធ្វើជាវត្ថុធាតុដើមនៃការផលិតធ្យូងនេះ វិញ ឧទាហរណ៍ ដាំដើមអាកាស្យា ដាំដើមប្រេងខ្យល់ ដើម្បីយកមកកែច្នៃវិញអានឹងវាល្អ ជាជាងទៅកាប់បំផ្លាញព្រៃឈើធម្មជាតិ។
ទោះបីការដំណើរការបានពីរឆ្នាំកន្លងមកហើយ សិប្បកម្មធ្យូងអនាម័យ BF នេះ មិន ដែលបានទទួលការបណ្តុះបណ្តាលពីខាងមន្ត្រីបរិស្ថាន មន្ត្រីខាងសិប្បកម្ម ឬអង្គការក្រៅរដ្ឋាភិបាលណាមួយឡើយ។ ប៉ុន្តែម្ចាស់សិប្បកម្មធ្យូងអនាម័យBF នៅតែបង្ហាញទឹកចិត្តរីករាយក្នុងការសហការជាមួយមន្ត្រីជំនាញ ប្រសិនបើមានជំនាញបច្ចេកទេសណាមួយ អាចជួយផ្តល់ការបណ្តុះបណ្តាលបន្ថែមអំពីរបៀបកែច្នៃធ្យូងអនាម័យដែលមានប្រយោជន៍ជួយទុបស្កាត់ផលប៉ះពាល់បរិស្ថាន ឬជួយផ្តល់ឱ្យជាបច្ចេកទេស ធ្វើម៉េចឱ្យការផលិតធ្យូងដំណើរការវាកាន់តែល្អទៀត សិប្បកម្មធ្យូងអនាម័យBF រីករាយសប្បាយក្នុងការសហការ។
ឆ្លើយតបការលើកឡើងរបស់ម្ចាស់សិប្បកម្មធ្យូងអនាម័យBF នេះដែរ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានមានប្រសាសន៍ថា ប្រសិនបើសិប្បកម្មនេះស្នើសុំការបណ្តុះបណ្តាលផ្នែកណាមួយនោះ ក្រសួងនឹងពិនិត្យមើលជាក់ស្តែង លើក្របខ័ណ្ឌបច្ចេកទេសថាតើក្រសួងមាន ឬអត់ ឬមួយក៏ពាក់ព័ន្ធជាមួយក្រសួងស្ថាប័នផ្សេងច្រើនជាងក្រសួងបរិស្ថាន។ ឯកឧត្តមបានគូសបញ្ជាក់ថា “ខ្ញុំជឿថា គាត់អាចទាក់ទងមកក្រសួងបរិស្ថានបាន ហើយយើងអាចពិនិត្យប្រសិនបើមន្ត្រីរបស់យើងមានជំនាញខាងនឹងគឺយើងអាចជួយផ្តល់ឱ្យ”។ ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថា ក្រសួងបរិស្ថានគាំទ្ររាល់ការវិនិ យោគ ឬការ គិតគូរកែច្នៃនូវផលិតផលដែលមានមេត្រីភាពបរិស្ថាន។
ដោយឈរជិតគំនរត្រឡោកដូងសម្រាប់ប្រើប្រាស់ជាវត្ថុធាតុដើមផលិតធ្យូង លោក ហុង ជាលីម ជាអ្នកមើលការខុសត្រូវផ្ទាល់ក្នុងសិប្បកម្មធ្យូងអនាម័យBF បានបង្ហាញថា ការធ្វើធ្យូងច្នៃពីកាកសំណល់នេះមិនលំបាកឡើយសំខាន់គឺអ្នកផលិតមានឆន្ទៈខ្ពស់ព្រោះសង្វាក់ផលិតផលិតកម្មនេះទាមទារឱ្យមានភាពអំណត់ទម្រាំសម្រេចបានជាធ្យូងចេញលក់លើទីផ្សារ។
បើតាមការចង្អុលប្រាប់ត្រួសៗពី លោក ហុង ជាលីម ជំហានដំបូងនៃការផលិតធ្យូង អនាម័យគឺត្រូវយកត្រឡោកដូងដុតឱ្យខ្លោចសិន បន្ទាប់មកកិនឱ្យម៉ត់និងបញ្ចូលទៅតាមម៉ាស៊ីនពីរបីដំណាក់កាលផ្សេងគ្នាដើម្បីលាយវត្ថុធាតុដើម្បីផ្សេងៗមុននឹងចូលទៅឡសម្ងួត។
ស្ថាបនិកសិប្បកម្មធ្យូងអនាម័យ BF លោក កង វុត្ថា មានដើមកំណើត នៅខេត្តពោធិ៍សាត់ ហើយទម្រាំបានក្លាយម្ចាស់សិប្បកម្មបានចំណាយពេលយ៉ាងច្រើនទាំងការសិក្សាស្រាវជ្រាវបច្ចេកទេសនិងទីតាំងសមស្របមួយដែលដែលងាយស្រួលរកវត្ថុធាតុដើម ការដឹក ជញ្ជូនផលិតផលចេញទៅលក់ និងកន្លែងដែលមានបរិយាកាសបែបធម្មជាតិ ស៊ីសង្វាក់គ្នា ទៅនឹងឈ្មោះសិប្បកម្មដែលមានតួនាទីកែច្នៃកាកសំណល់ដើម្បីកុំឱ្យប៉ះពាល់បរិស្ថាន។
បច្ចុប្បន្នសិប្បកម្មផលិតធ្យូងអនាម័យ BF មានទីតាំងស្ថិតនៅភូមិអូរអង្គំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលអំណោយផលបំផុតសម្រាប់ផលិតកែច្នៃកាកសំណល់ពីព្រោះទីនោះអាចដឹកកាកសំណល់ពីប្រជុំជននានា ឬកាកសំណល់ពីធម្មជាតិមានស្លឹកឈើ កាកអំពៅ ពីរោងចក្រស្ករសមាននៅជិតនោះស្រាប់ ឬអាចដាំឫស្សីយកមកកែច្នៃជាធ្យូងជំនួសព្រៃឈើធម្មជាតិបាន។
ជាមួយនឹងការប្រកាសជំហរពង្រីកសង្វាក់ផលិតកម្មចេញពីកាកសំណល់ឱ្យបានច្រើនប្រភេទនោះលោក វុត្ថា មានជំនឿចិត្តថា “ចង់ ឬមិនចង់ យើងក៏បានគិតខ្លួនឯងដែរថា វិស័យមួយនេះវាពិតជាជួយហើយ យើងមានឆន្ទៈក្នុងការជួយនៅក្នុងការធ្វើការងារហ្នឹង ហើយឆន្ទៈរបស់យើងនឹងនៅតែមោះមុត និងនៅតែព្យាយាមសិក្សាស្រាវជ្រាវបន្ថែមទៀតថា តើកាកសំណល់នៅស្រុកខ្មែរយើងដែលវាមានច្រើនលើសលប់នឹងតើវាអាចយកទៅធ្វើអីបានដើម្បីជួយដល់បរិស្ថានអស់នឹងដើម្បីកុំឱ្យកខ្វក់ កុំឱ្យវាគគ្រិច ដល់បរិស្ថាន”។
តែយ៉ាងណាក៏ដោយ បច្ចុប្បន្ន តម្រូវការធ្យូងអនាម័យមិនសូវខ្ពស់ប៉ុន្មានទេ ដោយសារប្រជាពលរដ្ឋគាត់មិនទាន់មានការយល់ដឹងពីការប្រើប្រាស់ធ្យូងអនាម័យមានគុណតម្លៃជួយដល់ការការពារបរិស្ថាន ហើយម្យ៉ាងទៀតប្រជាពលរដ្ឋគិតថាតម្លៃវាអាចថ្លៃជាងធ្យូងព្រៃបន្តិច ឬ ផលិតផលធ្យូងអនាម័យនេះ ថ្មីសម្រាប់ប្រពលរដ្ឋ ដែលមិនទាន់បានសាកល្បង។ ប៉ុន្តែចង់មិនចង់ម្ចាស់សិប្បកម្មបានគូសបញ្ជាក់ថា ចាប់ពីពេលនេះទៅបានចាប់ផ្តើមគិតហើយថា តើផលិតផលធ្យូងនេះវានឹងអាចជ្រៀតចូលក្នុងទីផ្សារបានខ្លាំងប៉ុណ្ណា ថែមទាំងរកមធ្យោបាយពន្យល់អ្នកប្រើប្រាស់ឱ្យយល់ដឹងពីអត្ថប្រយោជន៍របស់ធ្យូងដែលអាចជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាននិងការការពារបរិស្ថាន។ ទន្ទឹមនេះ ធ្យូងអនាម័យ វាអាចមានគុណសម្បត្តិច្រើនជាងធ្យូង ព្រៃ ឧទាហរណ៍ថា ដុតទៅវាអត់ផ្ទុះ ផ្សែងហុយតិច ផលរំខានតិច មិនសូវមានផេះច្រើនដូចធ្យូងព្រៃ ឆេះងំបានយូរជាងធ្យូងព្រៃ និងអត់ប្រឡាក់ដៃជាដើម ។
ទោះបីកាកសំណល់មានច្រើនប្រភេទអាចកែច្នៃបានក៏ពិតមែន ប៉ុន្តែជំហានដំបូងសិប្បកម្មធ្យូងអនាម័យ BF ទើបតែកែច្នៃចេញពីត្រឡោកដូងប៉ុណ្ណោះ ជំហានបន្ទាប់ សិប្បកម្មនេះ នឹងសិក្សាបន្ថែមទៀត កែច្នៃពីឫស្សី ពីកម្ទេចស្លឹកឈើព្រៃ ដែលគេគរចោល។
គិតរហូតមកដល់ពេលនេះ គឺដំណើរការបានរយៈពេលបួនខែហើយ នៃការឈានជើងចូលមកបង្កើតទីតាំងធំផលិតធ្យូងអនាម័យនៅខេត្តកំពង់ស្ពឺ ដែលម្ចាស់សិប្បកម្មមានមហិច្ឆតាចង់ពង្រីកសង្វាក់ផលិតកម្មឱ្យកាន់តែធំ បន្ទាប់ពីមើលឃើញលំហទីផ្សារនិងតម្រូវការកុម្ម៉ង់ទិញមានល្អលក្ខណៈល្អប្រសើរជាងទីតាំងដំបូងដែលបានបង្កើតនៅខេត្តបាត់ដំបង កាលពីពីរឆ្នាំមុន។
លោក កង វុត្ថា បានឱ្យដឹងទៀតថា “ឥឡូវធ្យូងយើងផលិតចែកចាយតែក្នុងស្រុកប៉ុណ្ណោះ អត់ទាន់បាននាំចេញទៅក្រៅទេ យើងកំពុងសិក្សាទៅលើគុណភាព និងទីផ្សារនៅខាងក្រៅ ពេលអនាគតទៅនៅពេលដែលយើងមានលទ្ធភាពក្នុងការកែច្នៃច្រើន គឺយើងនឹងធ្វើការសហការនាំចេញទៅក្រៅ។ ជាមួយគ្នានេះ ក៏មានគេចង់យកទៅក្រៅប្រទេសដែរ តែលទ្ធភាពនៃការកែច្នៃរបស់យើងនៅមានកម្រិតនៅឡើយ ហើយវត្ថុធាតុដើមសម្រាប់កែច្នៃ គឺយើងទើបប្រមូលបានតិចតួច។”
ជាមួយនឹងផលិតផលធ្យូងអនាម័យនេះ នៅក្នុងរោងចក្រ ម្ចាស់សិប្បកម្មមិនលក់រាយទេដោយសារមានអ្នកទទួលទិញផ្តាច់មុខ និងបានចុះកិច្ចសន្យាជាមួយគ្នាត្រឹមត្រូវហើយអ្នកទិញផ្តាច់មុខនោះគាត់យកទៅចែកចាយបន្តនៅរាជធានីភ្នំពេញ ខេត្ដព្រះសីហនុ និងខេត្ដសៀមរាប។
ក្នុងមួយថ្ងៃសិប្បកម្ម BFផលិតបានធ្យូងអនាម័យបានពីរតោន ហើយក្នុងមួយខែអាច បានប្រហែល៣០តោន។ ចំពោះតម្លៃលើទីផ្សារដែលម្ចាស់សិប្បកម្មកំណត់ជាមួយអ្នកចុះកិច្ចសន្យាយកលក់បន្តក្នុង១គីឡូក្រាម តម្លៃ១.៥០០រៀល ប៉ុន្តែអ្នកចុះកិច្ចសន្យាទិញអាចលក់បន្តក្នុងតម្លៃកំណត់នេះ ឬថ្លៃជាងនេះអាស្រ័យលើការចរចា។ ចំពោះការដឹកចេញទៅលក់មួយ ជើង ចន្លោះពី២០ ទៅ៣០តោន ចាប់ពី២សប្តាហ៍ទៅ១ខែ ដឹកចេញម្តងទៅតាមការបញ្ជាទិញ។
ក្រៅពីនេះ ចំពោះទីផ្សារវិញ លោក វុត្ថា បានលើកឡើងថា នៅស្រុកយើងមិនមានដៃគូប្រកួតប្រជែងច្រើនទេ ឬអាចមានដែរប៉ុន្តែនៅមានតិចតួចនៅឡើយ។ លោកសប្បាយចិត្ត បើសិនជាប្រជាពលរដ្ឋដែលគាត់ចង់បានសិប្បកម្មខ្នាតតូច ឬចង់បង្កើតដូចលោកកំពុងធ្វើ ដើម្បីធ្វើឱ្យជីវភាពប្រជាពលរដ្ឋកម្ពុជាកាន់តែល្អប្រសើរឡើង ហើយលោកក៏សប្បាយចិត្តនឹង សហការជាមួយគាត់ទោះបីលោកមិនមែនអ្នកជំនាញបច្ចេកទេសមែន គ្រាន់តែបានដើរមុន បានដឹងពីរបៀបកែច្នៃបែបណា និងលោកអាចពន្យល់ប្រាប់ប្រជាពលរដ្ឋ ឬអ្នកចង់បើកសិប្បកម្មធ្យូងអនាម័យនេះ ឱ្យអស់ពីចិត្តដើម្បីជួយគាត់គ្រប់បែបយ៉ាងប្រសិនបើគាត់ត្រូវការ ជំនួយ។ ប្រសិនបើមានតម្រូវការបែបនេះមែន លោកកាន់តែសប្បាយចិត្តបើសិនជាកិច្ចការទាំងអស់នេះវាអាចរីកសាយភាយច្រើនទៅធ្វើឱ្យមនុស្សគ្រប់គ្នាចាប់ផ្តើមយល់ដឹងពីគុណតម្លៃ នៃបរិស្ថាន។ លោកបញ្ជាក់បន្ថែមថា «ខ្ញុំមិនខ្លាចគេដណ្តើមទីផ្សារទេ ការរកស៊ីបែបនេះកាលណាយើងមានដៃគូកាន់តែច្រើន យើងធ្វើការប្រកួតប្រជែងក្នុងទីផ្សារកាន់តែល្អ ហើយយើងរីករាយនឹងសហការព្រោះអាជីវកម្មបែបនេះយើងរកស៊ីមិនមែនមកធ្វើសង្រ្គាមទេ កាលណាយើងរកស៊ីយើងត្រូវការដៃគូច្រើនដើម្បីជួយគ្នាទៅវិញទៅមក”។
តាមរយៈសិប្បកម្មធ្យូងអនាម័យBFនេះ លោក វុត្ថា សង្ឃឹមថា នឹងអាចជួយផ្តល់ការងារ កាន់តែច្រើនបន្ថែមទៀតដល់កសិករដែលកំពុងរស់នៅទាំងតំបន់នោះ និងជួយធ្វើឱ្យគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកាន់តែមានប្រសិទ្ធភាព និងជួយលើក ស្ទួយដល់ម៉ាក្រូសេដ្ឋកិច្ចជាតិ ហើយផលិតផលក្នុងស្រុកនេះនឹងមានមានលទ្ធភាព និងសមត្ថភាពប្រកួតប្រជែងលើទីផ្សារជាតិនិងអន្តរជាតិកាន់តែខ្លាំង៕
អត្ថបទ៖ គង់ សិរីរ័ត្ន, រូបភាព៖ អ៊ុន រិទ្ធី
