សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តលុបកម្មវិធីមួយចំនួនសម្រាប់ចុងសប្តាហ៍នេះ និងសប្តាហ៍ក្រោយ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមាន​ប្រ​សា​សន៍ថា ស្ថិតក្នុងស្ថានភាពនៃការបន្តសង្គ្រោះបន្ទាន់នៃជំងឺម្តាយក្មេករបស់សម្ដេច គឺសម្ដេច​តេជោ​បន្តលុបចោល​ការ​ចូ​លរួមកម្មវិធីមួយចំនួនសម្រាប់ចុងសប្តាហ៍នេះ និងសប្តាហ៍ក្រោយ ដោយប្រគល់ជូន​ឧប​នា​យ​ករដ្ឋមន្រ្តីមួយចំនួនចូលរួមជំនួស ព្រោះកម្មវិធីនេះមិនអាចលើក ពេលរង់ចាំវត្តមានរបស់សម្ដេចបានឡើយ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេ​ច​តេ​ជោ​បានសរសេរថា “ស្ថិតក្នុងស្ថានភាពនៃការបន្តសង្គ្រោះបន្ទាន់នៃជំងឺម្តាយក្មេកខ្ញុំៗ បន្ត​លុប​ចោ​លការចូលរួមកម្មវិធីមួយចំនួនសម្រាប់ចុងសប្តាហ៍នេះ និងសប្តាហ៍ក្រោយ ដោយ ប្រគល់​​ជូ​ន​ឧបនាយករដ្ឋមន្រ្តីមួយចំនួនចូលរួមជំនួស ព្រោះកម្មវិធីនេះ មិនអាចលើកពេលរង់ ចាំវត្ត​មា​ន​រ​ប​ស់ខ្ញុំបានឡើយ”។ សម្ដេចតេជោបានបន្តថា សប្តាហ៍ក្រោយសម្ដេចត្រៀមទទួល​អគ្គរដ្ឋទូតបរទេសពីររូប អ​ភិបាលក្រុងប៉ារីសមួយរូប និងអគ្គលេ​​ខាធិការនៃសមាគមប្រទេស​និយាយ​ភាសាបារាំង​មួយ​រូ​ប​​ប៉ុណ្ណោះ។ សម្ដេចតេជោបានបន្ដថា បើទោះជាសម្ដេចមិនបាន​បង្ហា​ញ​មុខ​ជាសាធារណៈនៅក្នុងការប្រជុំទាំង​នៅក្រៅ​ប្រ​ទេ​ស និងកម្មវិធីនានានៅក្នុង​ប្រទេសក៏ដោយ ក៏សម្ដេចនៅតែបន្តដោះស្រាយការងារជា​ការពិនិត្យ​សម្រេច និងចុះហត្ថ​លេខា​លើឯកសារនានា ដូចបានធ្វើកន្លងមកមិនមានការអាក់ខានឡើយ ​បើ​ទោះបីសម្ដេច​អត់ងងុយ និងហត់នឿយក្នុងការស្នាក់នៅមន្ទីរពេទ្យក៏ដោយ។ សម្ដេចតេជោ​បា​ន​គូស​បញ្ជាក់ថា  “ខ្ញុំនឹងបន្តការតាមដានមើលថែទាំម្តាយក្មេកខ្ញុំតទៅ​ទៀត ​ព្រោះពុំមានពេល​ផ្សេ​ង​ទៀត ដើម្បីបំពេញតួនាទីជាកូនកតញ្ញូនោះឡើយ។ ខ្ញុំសង្ឃឹមថាបងប្អូនជនរួមជាតិនឹងយោគ​យ​​ល់​ដល់ការលំបាករបស់ខ្ញុំ និងយល់ពីអារម្មណ៍របស់ខ្ញុំនាពេលដ៏លំបាកនេះ។”

សម្ដេចតេជោបានលើកឡើងថា សម្ដេចមិនទុ​ក​ឱ្យ​ម្តា​យក្មេក ចាកចោលសម្ដេច​ដោយ​មិន​បានលានោះឡើយ។ សម្ដេចតេជោក៏សូមអរគុ​ណសម្តេច ឯកឧត្តម លោ​ក​ជំ​​ទាវ​ឧបនាយក​រដ្ឋមន្ត្រីដែលបានធ្វើជាតំណាងសម្ដេច​ចូលរួមក្នុងការប្រជុំទាំងក្នុង និងក្រៅ​ប្រទេ​ស​៕

ដោយ ជឹម ណារី