រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ កម្ពុជាកំពុងពង្រីកវិសាលភាពតំបន់ទេសចរណ៍ គ្មានផ្សែងបារីឱ្យកាន់តែធំទូលាយ

AKP សៀមរាប ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ — ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាល កម្ពុជា បាន និងកំពុងខិតខំពង្រីកវិសាលភាពតំបន់ទេសចរណ៍គ្មានផ្សែងបារីឱ្យកាន់តែធំទូ លាយសំដៅរួមចំណែកធ្វើឱ្យបរិស្ថានមានភាពស្រស់បំព្រង គួរជាទីរមនាដល់ភ្ញៀវទេសចរ គ្រប់គ្នា។

ក្នុងពិធីបើកកិច្ចប្រជុំថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៧ ស្តីពីទីក្រុងគ្មានផ្សែងបារីធ្វើ ឱ្យទេសចរណ៍កាន់តែល្អប្រសើរ និងអភិរក្សបេតិកភណ្ឌយើង នៅសណ្ឋាគារអប្សរាផាលែស ខេត្តសៀមរាប នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្តម ថោង ខុន បានជំរុញឱ្យក្រសួង-ស្ថាប័ន និងអ្នកពាក់ព័ន្ធទាំងឡាយ ពិសេសរដ្ឋបាលខេត្តសៀមរាប ត្រូវខិតខំប្រែក្លាយ មណ្ឌលកម្សាន្ត «Pub Street» នៅក្រុងសៀមរាប ទៅជាតំបន់ទេសចរណ៍គ្មានផ្សែងបារី និងមានបរិស្ថានស្អាត។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យ ទេសចរណ៍ជា «មាសបៃតង» ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ព្រមទាំងការ ពារបរិស្ថាន និងអភិរក្សវប្បធម៌ ប្រពៃណី ប្រាង្គប្រាសាទនានា ដែលជាសម្បត្តិបេតិកភណ្ឌ មិនអាចកាត់ថ្លៃបាន។

ឯកឧត្តមថា បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ គឺជាគោលការណ៍មួយដែល ក្រសួងទេសចរណ៍បានប្រកាន់ខ្ជាប់ ដើម្បីចូលរួមលើកកម្ពស់ក្នុងការទប់ស្កាត់ ផលប៉ះពាល់សុខភាព និងបរិស្ថានដែលកើតឡើងពីផលិតផលថ្នាំជក់។ ជាក់ស្តែងរាជ រដ្ឋាភិបាលបានបង្កើតក្រុមការងារបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ ដើម្បីធ្វើការងារ ដោយផ្ទាល់ជាមួយផ្នែកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ក្នុងន័យធានាឱ្យបានថា «កម្ពុជាកំពុងអភិវឌ្ឍន៍វិស័យទេសចរណ៍មួយដែលគ្មានផ្សែងបារី ស័ក្តិសមជាមាសបៃតង ដែលបានចូលរួមកសាងសេដ្ឋកិច្ចបៃតង និងសហគមន៍បៃតង»។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បន្ថែមទៀតថា ដើម្បីជំរុញគាំទ្រឱ្យទីក្រុងគ្មានផ្សែងបារី រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ នៅឆ្នាំ២០១៥ ព្រមទាំងអនុក្រឹត្យ ប្រកាស សារាចរ និងសេចក្តីណែនាំនានាក្នុងការជំរុញឱ្យប្រទេស កម្ពុជាក្លាយជាប្រទេសមួយដែលគ្មានផ្សែងបារី ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ ម៉ៅ ចរិយា